ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមចោរសមុទ្រប្លន់នាវាដឹកទំនិញកើនឡើង២០ភាគរយក្នុងឆ្នាំ​២០១៩​

ចែករំលែក៖

ក្រុមចោរសមុទ្រគឺជាក្តីកង្វល់បំផុត​ សម្រាប់នាវាដឹកនិញនានា នៅលើពិភពលោក​​ តំបន់សមុទ្រនីហ្សេរីយ៉ា ត្រូវបានចាត់ទុកថា ជាគ្រោះថ្នាក់សម្រាប់នាវាដឹកទំនិញ ដោយក្រុមចោរសមុទ្រ តែងតែវាយប្រហារ​ ប្លន់នាវាដឹកទំនិញ។ តាមរបាយការណ៍​ការិយាល័យ​ច្រកសមុទ្រ​អន្តរជាតិ​​បានបញ្ជាក់ថា ចាប់ពីចន្លោះ​ខែមករា រហូតដល់​ខែកញ្ញា ឆ្នាំ២០១៩នេះ ការវាយប្រហារ​នៅតាម​ច្រក​សមុទ្រ​បាន​កើតមានជាបន្តបន្ទាប់ ក្នុងនោះ​២០ភាគរយ កើតឡើងដោយសារ​ក្រុមចោរសមុទ្រ​ធ្វើសកម្មភាព​ប្លន់នាវា​ដឹកទំនិញនៅក្នុងប្រទេសនីហ្សេរីយ៉ា ។

កាលពីថ្ងៃទី៤​ ខែធ្នូ ឆ្នាំ២០១៩​នាវាដឹកទំនិញ​បំពាក់ទង់ជាតិហុងកុង​មួយគ្រឿង​ កំពុងដឹកទំនិញចេញពីឈូងសមុទ្រនីហ្សេរីយ៉ា​ ត្រូវបានក្រុមចោរសមុទ្រ​ប្លន់ ហើយចាប់ជំរិតនាវិក​១៩នាក់ ក្នុងនោះ​មានជនជាតិឥណ្ឌា និងតួកគី​ផងដែរ ។ ក្រុមហ៊ុនដឹក​ជញ្ជូន​តាមច្រកសមុទ្រ ដែលជាម្ចាស់​នាវាដឹកទំនិញ​បានអះអាងថា ការព្រួយបារម្ភ​ចម្បង​ គឺក្រុមនាវិកទាំងនោះ​​អាចវិលត្រឡប់​ដោយសុខសុវត្ថិភាព ក្រៅពីនេះ គឺមិនខ្វល់ពីការខាតបង់ទំនិញ​នៅលើនាវា​នោះឡើយ ។

ក្រុម​ចោរសមុទ្រដែលលាក់ខ្លួននៅឆ្នេរសមុទ្រប្រទេសនីហ្សេរីយ៉ា កាលពីល្ងាចថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ បានឡើងទៅលើនាវាផ្ទុកទំនិញពេញមួយគ្រឿង ហើយធ្វើសកម្មភាពចាប់ជំរិត សមាជិកនាវិកចំនួន១៩នាក់ដែលនៅលើនាវាដឹកទំនិញមួយគ្រឿងនោះ ។

ភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា ឧប្បត្តិហេតុនេះ បានកើតឡើងប្រហែល១២៨គីឡូម៉ែត្រ ពីដែនដីកោះ ប៊ុននី (Bonny) ដែលជាកន្លែងផ្ទុកប្រេងឆៅដ៏សំខាន់របស់ប្រទេសនីហ្សេរីយ៉ា ។

អ្នកនាំពាក្យរបស់ក្រុមហ៊ុនដឹកជញ្ជូនតាមផ្លូវទឹក Navios Maritime Holdings ដែលជាម្ចាស់នាវានោះ បានប្រាប់ប្រភពព័ត៌មានថា សមាជិកនាវិកនៅតែបន្តបាត់ខ្លួននៅឡើយ មកទល់ពេលនេះ ។ អ្នកដែលមិនត្រូវបានចាប់ជំរិត អាចជិះទូកទៅកាន់ទីតាំងដែលមានសុវត្ថិភាព ។

នាវិកដប់ប្រាំបីនាកក្នុងចំណោមសមាជិកនាវិក១៩នាក់ នៅលើនាវាដឹកទំនិញ​បំពាក់ទង់ជាតិហុងកុងដែលត្រូវចាប់ជំរិតនោះ គឺជាជនជាតិឥណ្ឌា ហើយម្នាក់ជាជនជាតិ​តួកគី ។ នេះបើតាមការចេញផ្សាយព័ត៌មានរបស់កាសែត New Indian Express ។

អ្នកនាំពាក្យក្រុមហ៊ុននាវាដឹកទំនិញ​បាននិយាយថា “ការព្រួយបារម្ភចម្បង​គឺសុវត្ថិភាព និងការវិលត្រឡប់របស់មនុស្សទាំង ១៩ នាក់ ដែលត្រូវបានចាប់ខ្លួន ដោយក្រុមចោរសមុទ្រ” ។ អាជ្ញាធរ​ទាំងអស់ ​ដែលពាក់ព័ន្ធ រួមទាំង​ស្ថាប័នរដ្ឋ​​ផងដែរ ត្រូវបាន​ប្រកាស​អាសន្ន​​ ហើយបាននិងកំពុងឆ្លើយតប រាល់សកម្មភាព​ដែលចាំបាច់​ទាំងអស់​ ដើម្បី​ធានា​នូវសុខសុវត្ថិភាព និងការដោះលែង​ពួកគេ​ឲ្យបានឆាប់ៗ​បំផុត ៕


ចែករំលែក៖