ព័ត៌មានទាន់ហេតុការណ៍៖

កម្មករសំណង់ជនជាតិចិន៥០នាក់ តវ៉ាមុខស្ថានទូតចិន ក្រោយក្រុមហ៊ុនវារីអគ្គិសនីចិនទី៨ មិនបើកប្រាក់ខែឲ្យ៥ទៅ៦ខែហើយ

ចែករំលែក៖

ភ្នំពេញ ៖ ក្រុមហ៊ុនវារីអគ្គិសនីចិនទី៨ ដែលមានទីតាំងនៅម្តុំស្ថានីយរថភ្លើង មិនបានបើកប្រាក់ខែឲ្យបុគ្គលិកអស់រយៈពេល៥ទៅ៦ខែមកហើយ ទើបធ្វើឲ្យជនជាតិចិនចំនួន៥០នាក់ ដែលជាកម្មករសំណង់ លើកគ្នាមកតវ៉ានៅខាងមុខស្ថានទូតចិន ដើម្បីសុំឲ្យជួយធ្វើអន្តរាគមន៍ ឲ្យថៅកែបើកលុយដល់ពួកគាត់វិលត្រឡប់ទៅស្រុកកំណើតវិញ ។

ករណីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៩និង៤៥នាទីព្រឹក ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ នៅខាងមុខស្ថានទូតចិន តាមបណ្តោយផ្លូវម៉ៅសេទុង ស្ថិតក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន ។

យោងតាមស្ត្រីម្នាក់ ជាអ្នកបកប្រែ បានឲ្យដឹងថា ក្រុមកម្មករសំណង់ជាជនជាតិចិនសរុបចំនួន៥០នាក់ សុទ្ធតែជាបុរសៗនោះ បានលើកគ្នាមកកាន់ស្ថានទូតចិន ក្នុងគោលបំណងសុំឲ្យខាងស្ថានទូតជួយធ្វើអន្តរាគមន៍ ចំពោះក្រុមហ៊ុនវារីអគ្គិសនីចិនទី៨ ដែលមានទីតាំងនៅម្តុំស្ថានីយរថភ្លើង ដោយក្រុមហ៊ុននេះមិនបានបើកប្រាក់ខែអោយពួកគាត់អស់រយៈពេល៥ទៅ៦ខែមកហើយ ។

ប្រភពដដែលបន្តថា ក្នុងការនាំគ្នាមករកសុំឱ្យជួយអន្តរាគមន៍ពីស្ថានទូតចិនរកដំណោះស្រាយរឿងខាងក្រុមហ៊ុនខកខានមិនបានបើកលុយអោយពួកគាត់នេះដែរ ពួកគាត់ក៏ចង់ធ្វើយ៉ាងណា ឱ្យក្រុមហ៊ុននេះបើកលុយទាល់តែបាន ដើម្បីពួកគាត់ទាំងអស់គ្នាបានលុយធ្វើដំណើរវិលត្រឡប់ទៅកាន់ប្រទេសកំណើតវិញផងដែរ ។ ខណៈនោះក៏មានកម្លាំងសម្ថកិច្ចនគរបាលប៉ុស្តិ៍ទួលទំពូងទី២ និងនគរបាលខណ្ឌចំការមន ក៏បានចុះមកដល់បានធ្វើការសួរនាំ និងរៀបចំសណ្តាប់ធ្នាប់ផងដែរ ។

ក្រោយពីបង្កការភ្ញាក់ផ្អើលនៅមុខស្ថានទូតចិន រួចមកគេឃើញមន្រ្តីខាងស្ថានទូតចិន ក៏បានចេញមកជួបកម្មករទាំងអស់នោះ ដោយប្រាប់ពួកគាត់ថា សូមឲ្យវិលត្រឡប់ទៅធ្វើការវិញ ចាំស្ថានទូតដោះស្រាយគ្នាជាមួយនឹងក្រុមហ៊ុនឲ្យពួកគាត់តាមក្រោយ ហើយពួកគាត់ក៏យល់ព្រមត្រលប់ទៅវិញបាត់អស់ ៕ ស រស្មី


ចែករំលែក៖