ព័ត៌មានទាន់ហេតុការណ៍៖

សម្ព័ន្ធសហជីពជាតិថា ប្រសិនបើអឺរ៉ុបបិទទីផ្សារនាំចេញពីកម្ពុជា សម រង្ស៊ី ត្រូវទទួលខុសត្រូវ

ចែករំលែក៖

ភ្នំពេញ ៖ ថ្មីៗនេះ លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ បានថ្លែងថា ប្រសិនបើថ្ងៃខាងមុខសហគមអឺរ៉ុប EU ផ្តាច់ការអនុគ្រោះពន្ធEBA មែននោះ ប្រាកដណាស់បងប្អូនកម្មករនិយោជិត និងសហជីពមិននៅស្ងៀមនោះឡើយ ។ យើងបានឃើញ នៅប្រទេសជិតខាងយើង ដូចជាប្រទេសថៃជាដើម លោកថាក់សុីន និងលោកស្រី យីងឡាក់ ត្រូវបាននារទេសខ្លួនក្តី តែក្រុមគេមិនដែលស្រែកឲ្យអន្តរជាតិដាក់ទណ្ឌកម្ម ឬស្នើឲ្យផ្តាច់ជំនួយផ្សេង ៗពីប្រទេសគេនោះឡើយ ។ ចំណែកក្រុមប្រឆាំងស្រុកខ្មែរ និងលោក សម រង្ស៊ី តែងតែយករឿងEBA ស្នើឲ្យសហគមន៍អឺរ៉ុបផ្តាច់ពីកម្ពុជា ហើយមកដើរតួរនិងតាំងខ្លួនជាអ្នកមកជួយសង្គ្រោះEBA ទៅវិញ ទាំងនេះគឺជាទង្វើថោកទាបបំផុត ដែលយករឿងនេះមកលេងសើច ដែលធ្វើឲ្យកម្មករនិយោជិតបាត់បង់ឱកាសការងារ ប្រជាជនបាត់បង់ចំណូល ។

លោកហ្វា សាលី បញ្ជាក់ថា “យើងខ្ញុំទទួលស្គាល់ថា ក្នុងពេលជាង៥ឆ្នាំនេះ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្លាំងទៅលើលក្ខខណ្ឌការងាររបស់បងប្អូនកម្មករនិយោជិត ដូចជា៖ ទឹក ភ្លើង ផ្ទះជួល ស្ត្រីមានផ្ទៃពោះ លំហែមាតុភាព ប-ស-ស មិនយកពន្ធលើប្រាក់ឈ្នួល។ ល។និង។ល ។ ជាងនេះទៅទៀតកម្មករនិយោជិតទទួលបានប្រាក់បៀរវត្សកើនឡើងយ៉ាងគំហុក ដែលអាចទទួលយកបាន។ ជាក់ស្តែងកម្មករ កម្មការិនីនឹងទទួលបានប្រាក់ឈ្នួល១៨២ដុល្លារ សម្រាប់ខែមករា ឆ្នាំ២០២០ និងមានប្រាក់ចូលនិវត្តថែមទៀតផង។

សម្ព័ន្ធសហជីពជាតិ សង្ឃឹមថាសហគមន៍អឺរ៉ុប និងពិនិត្យពិចារណា បន្តការអនុគ្រោះពន្ធ EBA ដល់កម្ពុជា ដើម្បីស្តារនិងពង្រឹងលិទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស ដែលកន្លងមកសហគមន៍អឺរ៉ុបបានខិតខំជួយកម្ពុជា ឲ្យអនុវត្តន៍ដើរតាមគន្លងប្រជាធិបតេយ្យ និងបានផ្តល់ឱកាសការងារជូនកម្មករនិយោជិតនិងប្រជាជនកម្ពុជាជាច្រើន ។

លោកហ្វា សាលី បានបន្តទៀតថា “យើងខ្ញុំក៏អំពាវនាវដល់លោក សម រង្ស៊ី និងក្រុមគណបក្សរបស់លោក មេត្តាស្នើដល់សហគមន៍អឺរ៉ុបEU កុំឲ្យផ្តាច់EBA នាពេលខាងមុខ ដើម្បីស្តារមុខមាត់កិត្តិយស និងគិតគូរដល់កម្មករ និងប្រជាជន និងអាចឈានទៅដល់ការចរចារវាងខ្មែរនាពេលខាងមុខ ។

តែប្រសិនបើថ្ងៃខាងមុខសហគមន៍អឺរ៉ុបមិនបន្ត ដោយសារតែក្រុមលោក និងលោក សម រង្ស៊ី ដែលជាអ្នកស្នើឲ្យផ្តាច់នោះ ៗ ក្រុមសហជីពយើងខ្ញុំ និងបងប្អូនកម្មករនិយោជិតទាំងអស់នឹងមិនស្ងៀមនោះឡើយ ហើយចាត់ទុកក្រុមលោកនិងលោកថា ជាក្រុមក្បត់ជាតិពិតប្រាកដមែន គឺក្បត់ជាតិ បំផ្លាញការងារ កម្មករ និងប្រយោជន៍ប្រជាជនកម្ពុជាទាំងមូល តែម្តង៕ ប្រាថ្នា


ចែករំលែក៖