ខេត្តកំពង់ចាម៖ លោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម បានឲ្យទីភ្នាក់ងារសារព័ត៌មានកម្ពុជា“AKP” ដឹងនៅរសៀលថ្ងៃព្រហស្បតិ៍ ៩កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩ថា មន្ទីរធនធានទឹក និងឧតុនិមយ ខេត្តកំពង់ចាម បានតាមដានអំពីការងាបង្កបង្កើនផលរបស់ប្រជាកសិករទាំងស្រូវវស្សាចុងរដូវ និងស្រូវរដូវប្រាំងអំពីបញ្ហាខ្វះខាតទឹកនោះ បានចុះជួយអន្តរាគមន៍បូមទឹកជូនប្រជាពលរដ្ឋជាបន្ទាន់ទៅតាមស្ថានភាពជាក់ស្តែងពិសេសតំបន់ដែលមានប្រភពទឹក ។
ជាក់ស្តែងនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម និងអាជ្ញាធរស្រុកស្រីសន្ធរសហការជាមួយប្រជាពលរដ្ឋម្ចាស់ស្រែ ដោយបានផ្តល់ជាប្រេងឥន្ទនៈសម្រាប់អន្តរាគមន៍បូមទឹកដោយបានបញ្ចុះម៉ាស៊ីនបូមទឹកមានកម្លាំង ១៤សេសចំនួន ៨គ្រឿង ចុះអន្តរាគមន៍បូបទឹកសង្គ្រោះដំណាំស្រូវរដូវប្រាំងរបស់ប្រជាកសិករប្រមាណ ២០៥ហិកតា និងស្រូវវស្សាចុងរដូវបានជាង ១៧២ហិកតា នៅក្នុងភូមិក្តីថ្ក និងភូមិប្រាំយ៉ាមក្នុងឃុំប្រាំយ៉ាម ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលកំពុងចេញផ្លែផ្កា ហើយជួបបញ្ហាខ្វះទឹកដោយយើងមានប្រភពទឹកជួយអន្តរាគមន៍បានដោយមានប្រឡាយមេទឹកកំពង់ទូក(បឹងវ៉ាម)អាចជួយបាន ។
លោក អ៊ុម វិបុល ក៏បានឲ្យដឹងដែរថា គិតមកដល់ថ្ងៃ៦ ខែធ្នូ ឆ្នាំ២០១៩នេះ មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម និងអាជ្ញាធរមូលដ្ឋានស្រុក សហការជាមួយប្រជាពលរដ្ឋម្ចាស់ស្រែ បានចុះធ្វើអន្តរាគមន៍បូមទឹកសង្គ្រោះដំណាំស្រូវជូនប្រជាកសិករបានប្រមាណជាង ២.០០០ហិកតា ដែលក្នុងនោះសង្គ្រោះស្រូវចុងរដូវស្សាបានចំនួនជាង ១.២០០ហិកតានៅក្នុងស្រុកស្រីសន្ធរជាង ២០០ហិកតា និងស្រុកព្រៃឈរ បានជាង ១.០០០ហិកតាព្រមទាំងបានជួយអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំងក្នុងស្រុកបាធាយ បានចំនួនជាង៧៧០ហិកតា និងស្រុកស្រីសន្ធរ បានជាង២០០ហិកតា ដោយខេត្តកំពង់ចាមមានប្រព័ន្ធធារាសាស្ត្រសរុបចំនួន ២៦២កន្លែង បានជួសជុលឡើងវិញចំនួន ៨៥កន្លែង និងស្តារប្រឡាយប្រវែងសរុបចំនួន ៣៩៧,៨២គីឡូម៉ែត្រ សម្រាប់ជួយអន្តរាគមន៍សង្រោះស្រូវរដូវប្រាំង និងស្រូវវស្សានៅពេលជួបបញ្ហាខ្វះទឹក ។
លោក អ៊ុម វិបុល បានឲ្យដឹងដែរថា អ្វីដែលត្រូវយកចិត្តទុកដាក់ខ្ពស់នោះ គឺរាល់ពេលដែលក្រុមការងារបានចុះជួបជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋ យើងតែងតែអប់រំផ្សព្វ ផ្សាយដល់ប្រជាពលរដ្ឋអំពីស្ថានភាពនៃអាកាសធាតុទទួលនូវសម្ពាធ El Nino ធ្វើឲ្យប្រទេសយើងទទួលជួបភាពរាំងស្ងួតក្នុងរយៈពេលវែង ហើយរបាយទឹកភ្លៀងធ្លាក់ក៏បានអូសបន្លាយធ្វើឲ្យយើងប្រឈម និងកង្វះខាតទឹកប្រើប្រាស់ ក៏ដូចការងារកសិកម្ម ។ ដូចនេះប្រជាកសិករត្រូវចេះប្រើប្រាស់ទឹកដោយសន្សំសំចៃខ្ពស់ ហើយធ្វើស្រែតែម្តងបានហើយទោះមានទឹកក៏ដោយអ្វីដែលត្រូវយកចិតទុកដាក់នោះគឺយើងទាំងអស់គ្នារួមថែរក្សា ការពារ និងជួយថែរក្សាទឹកទុកទើបយើងអាចដោះស្រាយនូវហានិភ័យនៃកង្វះខាតទឹកនាពេលខាងមុខ ពិសេសលើបញ្ហាទឹកប្រើប្រាស់ ៕