ខេត្តត្បូងឃ្មុំ៖ ស្រូវប្រមាណ៧ហិកតានៅស្រុកពញាក្រែកត្រូវខូចខាតដោយសារភ្លើងបានឆេះបំផ្លាញ ដែលមជ្ឈដ្ឋានទូទៅដាក់ការ សង្ស័យថាមានអ្នកលួចដុតឬបោះកន្ទុយ បារីដែលជក់ហើយ ។
ស្រូវដែលឆេះខូចខាតស្ថិតនៅចំណុច ភូមិដកពរ និងភូមិជើងអង ឃុំកណ្តោលជ្រុំ ខេត្តត្បូងឃ្មុំ ។
អាជ្ញាធរស្រុកពញាក្រែកឲ្យដឹងថា នៅថ្ងៃអាទិត្យទី០៨ ខែធ្នូ ឆ្នាំ ២០១៩ វេលាម៉ោង១២ថ្ងៃត្រង់ មានករណីភ្លើង ឆេះស្រូវដែលមានទំហំប្រមាណ៧ហិកតា បន្ទាប់ពីទទួលដំណឹងអកុសលនេះកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកណ្តោលជ្រុំ នៃអធិការដ្ឋាននគរបាលស្រុកពញាក្រែក និងកម្លាំងប្រជាការពារ រួមជាមួយអាជ្ញាធរនិងប្រជាពលរដ្ឋមូលដ្ឋានបានសហការជួយពន្លត់អគ្គិភយ័ឆាបឆេះស្រូវស្រែប្រជាពលរដ្ឋនៅចំណុចភូមិដកពរ និងភូមិជើងអង ឃុំកណ្តោលជ្រុំ ដោយគ្រប់គ្រងស្ថានការណ៍បានមិនឲ្យឆេះរាលដាលបន្តទៀត។
សមត្ថកិច្ចបានសម្តែងការសោកស្តាយ ខណៈស្រូវស្រែមានចំនួនប្រមាណ ៧ហិកតាបានការខូចខាតអស់ទាំងស្រុង ។ ចំពោះមូលហេតុសង្ស័យថា មានអ្នកលួចដុតឬបោះកន្ទុយបារីដែលជក់ហើយ ៕ វណ្ណៈ