ភ្នំពេញ ៖តាមរយៈផេក សម្តេចតេជោ គិតមកដល់ព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩ កន្លងទៅមានសប្បុរសជន បានចូល រួម ចំនួន70,191,994ដុល្លារ និងប្រាក់រៀល ចំនួន 32,110,000រៀល ហើយ បើគិតទាំងថវិកា ៣០លាន ដុល្លារ របស់ រាជរដ្ឋាភិបាលផង នោះ ចំនួនទឹកប្រាក់ឡើងដល់ជាង១០០លានដុល្លារ ហើយ។ តបតាមការអំពានាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងគោលដៅជួយ ឧបត្ថម្ភដល់គម្រោង អភិវឌ្ឍន៍ និងធ្វើទំនើបកម្មអគារមជ្ឈមណ្ឌល ពហុឯកទេស នៃមន្ទីរ ពេទ្យកាល់ម៉ែត លោកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុនបុរី ឡេង ណាវ៉ាត្រា បានប្រកាសជួយ ឧបត្ថម្ភដល់គម្រោងសាងសង់អគារមន្ទីរពេទ្យកាល់ម៉ែតនូវ ថវិកាចំនួន១០០លានរៀល។
ផេកសម្តេចតេជោ បានប៉ាន់ប្រមាណថាចំនួនថវិកាខាងលើបានធ្វើ ឲ្យរដ្ឋាភិបាល មានលទ្ធភាព រៀបចំមន្ទីរពេទ្យកាល់ម៉ែតឱ្យក្លាយទៅជាមជ្ឈមណ្ឌល ពហុបច្ចេកទេស សម្រាប់ការពិនិត្យ ព្យាបាល ជូនប្រជាជនយើងឱ្យកាន់តែមានប្រសិទ្ធភាព។ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បាន អរគុណចំពោះសប្បុរសជនទាំងអស់ដែលចូលរួមបរិច្ចាគដើម្បីសង្គ្រោះជីវិតមនុស្សតបតាមការអំពាវនាវរបស់សម្ដេច ។
ចំពោះ លោក ឧកញ៉ា ឡេង ណាវ៉ាត្រា វិញដូចដែលមហាជន ធ្លាប់បានជ្រាប ការបរិច្ចាគថវិកាខាងលើសម្រាប់ជួយដល់សង្គមនេះ មិនមែនជាលើកទី១របស់ លោកឧកញ៉ា វ័យក្មេងដែលមានប្រវត្តិ ជាអតីតពលករខ្មែរធ្វើការនៅប្រទេសកូរ៉េ ឡើយកន្លងមកលោក ឧកញ៉ា មានស្រុកកំណើតពី ស្រុកបាភ្នំ ខេត្តព្រៃវែង រូបនេះតែងតែជួយឧបត្ថម្ភជាមួយរដ្ឋាភិបាល ជាញឹកញាប់ដូចជាជួយតាមរយៈកាកបាទក្រហមជួយដល់មន្ទីរពេទ្យ គន្ធបុប្ផា ជួយដល់ជនក្រីក្រ ឬ អ្នកសិល្បៈក្រីក្រជា ដើម ៕ វឌ្ឍនា