ព័ត៌មានទាន់ហេតុការណ៍៖

បទល្មើសដឹកជញ្ជួនឈើខុសច្បាប់នៅឃុំខ្វាវស្រុកជីក្រែងចាប់ផ្ដើមកក្រើកសារជាថ្មី ក្រោយពីស្ងប់ស្ងាត់មួយរយះ

ចែករំលែក៖

ខេត្តសៀមរាប៖ មានសេចក្ដីរាយការណ៍ពីសំណាក់ប្រជាពលរដ្ន និងអ្នកឃ្លាំងមើលបទល្មើសព្រៃឈើថា បទល្មើសដឹកជញ្ជួនឈើខុសច្បាប់នៅឃុំខ្វាវ ស្រុកជីក្រែង ចាប់ផ្ដើមកក្រើកសារជាថ្មីហើយ ដោយសារបើកដៃពីមន្រ្ដីជំនាញនៅតំបន់នោះ ។

អ្នកឃ្លាំងមើលបទល្មើសព្រៃឈើបានឲ្យដឹងថា បទល្មើសដឹកជញ្ជូនផលអនុផលព្រៃឈើតាមរទេះ និងគោយន្ត ឬតាមម៉ូតូសណ្តោងរ៉ឺម៉ក បានកំពុងតែធ្វើសកម្មភាពយ៉ាងគំហុកដូចទឹកបាក់ទំនប់ ដោយពុំខ្លាចញញើតច្បាប់នោះឡើយ ជាហេតុធ្វើឲ្យមេស្នាក់ការបរិស្ថាន លោក ពៅ ជុំ គ្រប់ទឹក និងការមិនអើពើក្នុងការបង្រ្កាបការដឹកជញ្ជូនឈើរបស់ឈ្មួញនោះឡើយ ។

យោងតាមប្រភពប្រជាពលរដ្នបានឲ្យដឹងថា ឈ្មួញកំពុងសម្រុកដឹកឈើយ៉ាងគគ្រឹកគគ្រេង មិនមានការបង្រ្កាប់ពីលោក មន្រ្ដីជំនាញជាពិសេសលោក ពៅ ជុំ មេស្នាក់ការបរិស្ថាន ឃុំខ្វាវ ដែលគ្រប់គ្រងនៅតំបន់នោះឡើយ តែបើពលរដ្នដឹកឈើតិចតួចធ្វើផ្ទះសំបែង បែរជាចាប់គ្មានប្រណៃ ។

បើយោងតាមប្រភពឈ្មួញឈើឈ្មោះ វែង អ្នកដឹកឈើតាមរ៉ឺម៉កម៉ូតូ បានឲ្យដឹងថា លោកដឹកជារៀងរាល់ដង គឺបានខលប្រាប់គ្រប់សមត្ថកិច្ចពាក់ព័ន្ឋមិនដែលខកខាននោះឡើយ មុននឹងរ៉ឺម៉កដឹកឈើ របស់លោកវិលកង់។ ចំណែកក្នុងការដឹកជញ្ជូនឈើរបស់លោកវែង លោកគុន និងបក្ខពួកជាច្រើនទៀត បានដឹករាប់សិបឆ្នាំមកហើយ គ្មានសមត្ថកិច្ចណាម្នាក់ហ៊ានចាប់ឈើរបស់លោកឡើយ ។

ពាក់ព័ន្ឋនឹងការដឹកជញ្ជូនឈើខុសច្បាប់ ត្រូវបានគេដឹងថា ឈ្មួញដឹកជញ្ជូនឈើចេញពីឃុំខ្វាវ ឆ្លងកាត់មុខស្នាក់ការបរិស្ថានឃុំខ្វាវ ស្រុកជីក្រែងឆ្ពោះទៅភូមិព្រៃឆ្ការ ឃុំពង្រលើ និងភូមិអូរ ជាក់ស្តែងបទល្មើសទាំងនេះបានធ្វើសកម្មភាពរាល់យប់ ដោយពុំមានវិធានការបង្រ្កាបពីសំណាក់មន្រ្ដីជំនាញពាក់ព័ន្ឋនោះឡើយ តែបើបង្រ្កាបគឺត្រូវបានធ្វើឡើងត្រឹមតែមួយដង្ហើមចង្រិតប៉ុណ្ណោះ ។

ប្រជាពលរដ្ឋបានសំណូមពរ ដល់លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងលោក ទៀ សីហា អភិបាលខេត្តសៀមរាប មេត្តាជួយចាត់វិធានការមន្រ្តីសម្រាន្តលក់ នៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ។

ពាក់ព័ន្ធបទល្មើសព្រៃឈើនេះ ពុំអាចសុំការបំភ្លឺពី លោក ពៅ ជុំ មេស្នាក់ការបរិស្ថានឃុំខ្វាវបានទេ ដោយសារមិនមានលេខទូស័ព្ទតែទោះយ៉ាងណា អង្គភាពយើងរង់ចាំការបកស្រាយពីលោកជុំវិញការរិះគន់ខាងលើនេះ ៕ ប៊ុនរិទ្ធី


ចែករំលែក៖