ព័ត៌មានទាន់ហេតុការណ៍៖

កញ្ញាឯក Miss Grand International 2019 បង្ហាញមុខនៅកម្ពុជា ខណៈផលិតកម្មមហាហង្សបានសិទ្ធិ៤ឆ្នាំផលិតកម្មវិធីក្នុងប្រទេស

ចែករំលែក៖

ភ្នំពេញ៖ កញ្ញា​ឯក Miss Grand International 2019 កញ្ញា Lourdes Valentina Figuera Morales បានធ្វើដំណើរមកទស្សនកិច្ចនៅប្រទេសកម្ពុជាហើយកាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩នេះ ។ ក្រៅពីបង្ហាញមុខក្នុងការងារមនុស្សធម៌នៅកម្ពុជា នាងក៏បានចូលរួមក្នុងការប្រកាសពីកិច្ចសហការនៃការផ្តល់សិទ្ធិរៀបចំកម្មវិធីប្រកួតកញ្ញាឯក Miss Grand Cambodia ឲ្យទៅផលិតកម្មមហាហង្សរៀបចំរយៈពេល៤ឆ្នាំចាប់ពីឆ្នាំ ២០២០ នេះតទៅ ។

ការប្រកាសនេះធ្វើឡើង កាលពីរាត្រីថ្ងៃទី០៩ ខែ ធ្នូ ឆ្នាំ ២០១៩នេះក្នុងកម្មវិធីមួយនាភូមិគ្រឹះលោក អ៊ិន សុភិន អគ្គនាយកផលិតកម្មមហាហង្សក្រោមវត្តមាន ថ្នាក់ដឹកនាំកម្មវិធី Miss Grand International 2019 សិល្បករខ្មែរ និងតំណាងក្រុមហ៊ុនផលិតផលសម្រស់ NangNgamមកពីប្រទេសថៃផងដែរ ។

Miss Grand International 2019 សញ្ជាតិ វេណេហ្សូអេឡា កញ្ញា Lourdes Valentina Figuera Morales បានបញ្ជាក់ថានាងពិតជារីករាយដែលបានធ្វើដំណើរមកដល់កម្ពុជាជាលើកដំបូង ជាមួយនឹងការស្វាគមន៍យ៉ាងកក់ក្តៅពីអ្នកផលិតកម្មវិធី និងទទួលបានការស្វាគមន៍សាទរច្រើនពីប្រជាជនកម្ពុជា ។ នាងថ្លែងការកោតសរសើរខ្លាំងពីភាពរួសរាយរាក់ទាក់ ស្នាមញញឹមយ៉ាងស្រស់ស្រាយពីប្រជាជនកម្ពុជា ។ នាងនឹងនៅតែទន្ទឹងរងចាំវត្តមានកញ្ញាឯកដ៏ស្រស់ស្អាតពីកម្ពុជាដើម្បីចូលរួមប្រកួតក្នុងក្នុងព្រឹត្តិការណ៍ដ៏ធំអស្ចារ្យដែលនឹងធ្វើឡើងក្នុងពេលដ៏ខ្លីខាងមុខ ហើយកម្ពុជានឹងអាចបញ្ចូលនារីស្រស់សោភា ប្រកបដោយសមត្ថភាពចូលរួមប្រកួតក្នុងកម្មវិធីនេះផងដែរ ។

លោក អ៊ិន សុភិន អគ្គនាយកផលិតកម្មមហាហង្សបានបញ្ជាក់ថា ក្រុមហ៊ុនលោកពិតជាមោទនភាពដែលទទួលបានសិទ្ធិក្នុងការផលិតកម្មវិធី និងបំពេញបេសកកម្មក្នុងការស្វែងរកនារីកម្ពុជាដែលមានសមត្ថភាព ទេពកោសល្យ រូបសម្រស់ស្រស់សោភាដើម្បីចូលរួមប្រកួតកម្មវិធី Miss Grand International 2020 ។ លោកថាពាក្យសម្រាប់ចែកជូនដលដល់បេក្ខនារីចាប់ពីខែកុម្ភៈឆ្នាំ ២០២០ តទៅ ដែលកម្មវិធីប្រកួតក៏នឹងត្រូវចាប់ផ្តើមក្នុងពាក់កណ្តាលឆ្នាំ២០២០នោះផងដែរ ដែលលោករំពឹងថាការប្រកួតនេះនឹងអាចស្វែងរកកញ្ញាឯកដែលសាកសមនឹងចេញទៅប្រកួតជាលក្ខណៈអន្តរជាតិ ហើយផលិតកម្មមហាហង្សក៏បានត្រៀមខ្លួនរួចជាស្រេចដើម្បីរៀបចំការប្រកួតដោយយុត្តិធម៌ ។ ក្រៅតែពីការប្រកាសទទួលសិទ្ធិរៀបចំការប្រកួត៤ឆ្នាំជាប់ៗគ្នានេះ ក្រុមហ៊ុនលោកក៏បានប្រកាសពីការនាំចូលនិងចែកចាយផលិតផលផ្នែកសម្រស់យីហោ NangNgam មកលក់នៅកម្ពុជាផងដែរ ដែលលោករំពឹងថានឹងទទួលបានការគាំទ្រព្រមៗគ្នា៕ វឌ្ឍនា


ចែករំលែក៖