ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ នៅភូមិត្រពាំងតាអីឃុំព្រៃតាអី ស្រុកស្វាយទាប ខេត្តស្វាយរៀង មានពិធីអបអរសាទរទិវាប្រមូលផលដំណាំអំពៅស្ករប្រចាំឆ្នាំ ។
លោកកុយ សារ៉េន ប្រធានក្រុមហ៊ុនអំពៅស្ករបានរាយការណ៍ថា នៅឆ្នាំ២០១៨ មានក្រុមហ៊ុនជាដៃគូចុះកិច្ចសន្យាអនុវត្តគម្រោងមាន១៦ក្រុមហ៊ុន លើផ្ទៃដីជាង៦ពាន់ហិកតា ក្នុងស្រុករមាសហែក ស្រុករំដួល និងស្រុកស្វាយទាប ដើម្បីអភិវឌ្ឍន៍លើដំណាំកសិកម្ម និងកសិឧស្សាហកម្មរួមមានដំណាំអំពៅស្ករ, ដំឡូងមី, ឪឡឹក, ល្ង, ល្ពៅ និងស្រូវ ។ ដោយមានការជួយផ្តល់ទុនវិនិយោគពីរោងចក្រអំពៅស្ករថាញ់ថាញ់កុងTCSខេត្តតៃនិញ ប្រទេសវៀតណាម ។
លោកកុយ សារ៉េន បន្តទៀថា ក្រុមហ៊ុន១៦នោះមានក្រុមហ៊ុនខ្មែរក្នុងស្រុកចំនួន៥ក្រុមហ៊ុនដោយឡែកនៅស្រុកស្វាយទាបមាន០៣ក្រុមហ៊ុនដាំដំណាំអំពៅស្ករមាន២,១៣០ហិកតា ដំឡូងមី ២៩៥ហិកតាស្រូវ២៩៥ហិកតាសរុប២,៤២៥ហិកតា ។ ហើយនៅឆ្នាំ២០១៩នេះក្រុមហ៊ុនមកធ្វើកិច្ចសន្យាបន្តបានថយចុះនៅសល់តែ០៧ក្រុមហ៊ុនបើប្រៀបធៀបឆ្នាំ២០១៨គឺថយចុះ៩ក្រុមហ៊ុន ។ ស្រុករមាសហែកក្រុមហ៊ុនឧស្សាហកម្មរមាសហែក(ក្រុមហ៊ុនខ្មែរ)ឆ្នាំ២០១៨ ដាំដំណាំលើផ្ទៃដី២៥០ហិកតា ឆ្នាំ២០១៩នៅសល់តែ៩០ហិកតា ។ ស្រុករំដួល ក្រុមហ៊ុនចំការអំពៅមិត្តភាព ៨៥០ហិកតា២០១៩នេះក៏ថយចុះដែរ ។
លោកកុយ សារ៉េន បានអំពាវនាវផងដែរ បន្ទាប់ពីធីទិវាប្រមូលផលដំណាំអំពៅស្ករនេះ និងមានការដាំដុះ និងថែទាំបន្តទៀតហើយក្រុមហ៊ុន និងមានការជ្រើសរើសកម្លាំងពលកម្មចាប់ពី៤ពាន់ទៅ៥ពាន់នាក់ដើម្បីកាប់អំពៅប្រមូលផល និងដាំដុះថែទាំបន្ត ហើយបើប្រជាកសិករមានម៉ាស៊ីកាចាប់លើកអំពៅដាក់រថយន្ត ឬត្រាក់ទ័រភ្ជួរដី អាចជួលឲ្យក្រុមហ៊ុនយកមកធ្វើការនៅទីនេះ ។
លោកកុយ សារ៉េន បានសំណូមពរដល់អាជ្ញាធរថ្នាក់ដឹកនាំថ្នាក់ឃុំស្រុកខេត្តមេត្តាជួយអប់រំផ្សព្វផ្សាយប្រជាពលរដ្ឋឲ្យចូលរួមអនុវត្តគម្រោង នៅក្នុងមូលដ្ឋានឲ្យមានការរីកចំរើនជាពិសេសសូមប្រជាពលរដ្ឋជួយការពារសត្វពាហនៈគោក្របីកុំលែងឲ្យចូលស៊ីបំផ្លិចបំផ្លាញផលដំណាំត្រូវតែចូលរួមថែទាំទាំងអស់គ្នា ។
ក្នុងឱកាសនោះលោកខាន់ សំបាន ប្រធាននាយកដ្ឋានការពារដំណាំនៃអគ្គនាយកដ្ឋានក្រសួងកសិកម្មកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទមានប្រសាសន៍ថា កម្រិតជាតិស្ករ១០CCSនៅឆ្នាំ២០១៩នេះ អំពៅស្ករបានធ្លាក់ចុះតម្លៃក្នុង១តោននៅត្រឹមតែ៣២ដុល្លារ បើប្រៀបធៀបទៅឆ្នាំ២០១៦-២០១៧ អំពៅស្ករក្នុង១តោនតម្លៃ៤០ដុល្លារ ហើយការធ្លាក់ចុះតម្លៃនេះគឺមូលហេតុនៃការធ្លាក់ចុះជាសកលមិនពាក់ពន្ធ័នយោបាយនោះទេ ៕ យឹម សុថាន