ភ្នំពេញ៖ ឧកញ៉ាបណ្ឌិត ភិរម្យ វិចិត្រដារ៉ា ដែលគេស្គាល់ថាធ្លាប់មានប្រវត្តិតស៊ូខ្លាំងក្នុងជីវិតពីអ្នករត់ម៉ូតូឌុបនោះ បាន និងកំពុងតែបោះទុនវិនិយោគសំណងផ្ទះល្វែងរាប់ពាន់ស្វែងនៅលើទីក្រុងថ្មី ជាប់ព្រំប្រទល់វៀតណាម ។ លោកឧកញ៉ាក៏ បានប្រកាសថា នឹងផ្ដល់ផ្ទះចំនួន៣០ល្វែងជាជំហានដំបូង ជូនមន្ត្រីរាជការដែលមិនទាន់មានផ្ទះស្នាក់នៅ ដោយមិនគិតប្រាក់ ។
ក្រៅពីប្រកាសផ្តល់ផ្ទះល្វែងដល់មន្ត្រីក្រីក្រ សម្រាប់អតិថិជនដែលទិញផ្ទះពីលោកក៏ ទទួលបានផលចំណេញជាច្រើនភ្លាមៗមកវិញផងដែរ ។ នេះបើតាមការលើកឡើង ក្នុងជំនួបមួយ រវាង លោកអភិបាលក្រុង បាវិត ជាមួយក្រុមអ្នកវិនិយោគ១ក្រុម នៅសាលាក្រុង បាវិត កាលពីព្រឹកថ្ងៃទី០៩ ខែ ធ្នូ ឆ្នាំ ២០១៩ កន្លងទៅ ។ ក្នុងជំនួបនេះឧកញ៉ាបណ្ឌិត ភិរម្យ វិចិត្រដារ៉ា អគ្គនាយកក្រុមហ៊ុន Vichet Dara Enterprise បាននាំអ្នកវិនិយោគជាតិ និងអន្តរជាតិជាច្រើនរូប ដើម្បីបង្ហាញបំណង របស់អ្នកជំនួញទាំងនោះ ចង់ចូលមក វិនិយោគលើទឹកដី បាវិត បានលើកឡើងថា ដោយមើលឃើញ ទីក្រុង បាវិត ជាទីក្រុងមួយមានសក្ដានុពលខ្លាំងក្នុងការវិនិយោគ បច្ចុប្បន្នក្រុមហ៊ុនរបស់លោក បានកំពុងតែបោះទុនលើទឹកប្រាក់ជាច្រើនលានដុល្លារ ក្នុងគម្រោងសាងសង់ផ្ទះល្វែង ដោយនៅក្នុងនោះក្រុមហ៊ុនបាន រចនាផ្ទះឡើង ទៅតាមតម្រូវការអតិថិជន ទាំងអ្នកមានចំណូលខ្ពស់ ចំណូលមធ្យម និង ចំណូលទាប ។
ទន្ទឹមគ្នានោះដែរ ដើម្បីរួមចំណែកដល់ រដ្ឋាភិបាល ក៏ដូចជា មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន ក្រុមហ៊ុនរបស់លោក បានសហការជាមួយក្រុមហ៊ុនមួយមកពីប្រទេសជប៉ុនឈ្មោះថា ក្រុមហ៊ុន ECCJ Real Estate ដោយក្រុមហ៊ុនជប៉ុនមួយនេះ នឹងជួលផ្ទះ ពីអតិថិជនដែលមកទិញនៅក្នុងបុរី របស់លោក ដើម្បីជូនមន្ត្រីរាជការស្នាក់នៅ ដោយមិនគិតប្រាក់ រយៈពេល៥ឆ្នាំ ។
ឧកញ៉ាបណ្ឌិត ភិរម្យ វិចិត្រដារ៉ា បានពន្យល់ថា ក្រុមហ៊ុនជប៉ុន ECCJ Real Estate ដំបូងឡើយជាអង្គការទេ ប៉ុន្តែក្រុមហ៊ុនមានបំណងធំ ក្នុងការជួយដល់ប្រជាជនកម្ពុជា ជាពិសេសផ្ដល់ជូនដល់មន្ត្រីរាជការ ដែលចង់បានផ្ទះស្នាក់នៅ (second house) ដោយក្រុមហ៊ុនមានម្ចាស់ជំនួញជាច្រើន ក្នុងការជួយគាំទ្រលើគម្រោងនេះ ។ លោកឧកញ៉ាបណ្ឌិតប្រាប់ថា ជំហានដំបូង ECCJ Real Estate នឹងផ្ដល់ជូនមន្ត្រីរាជការធ្វើការនៅ ក្រុង បាវិតនេះ ចំនួន៣០ល្វែង ដោយឲ្យពួកគាត់រស់នៅចំនួន៥ឆ្នាំ សាកល្បងដោយមិនគិតប្រាក់ គ្រាន់តែពួកគាត់បង់ថ្លៃទឹកថ្លៃភ្លើង តែប៉ុណ្ណោះ ។
លោក HIROTAKA SATO នាយក ក្រុមហ៊ុនជប៉ុន ECCJ Real Estate បានលើកឡើងថា ក្រុមហ៊ុនរបស់លោកមានដៃគូក្រុមហ៊ុន វិនិយោគជាច្រើន ដែលកំពុងតែចូលមកវិនិយោគក្នុងប្រទេសកម្ពុជា នឹងមួយចំនួនទៀត កំពុងតែមានបំណងមកសិក្សាស្វែងយល់ លើគម្រោងវិនិយោគជាច្រើនទៀតក្នុងប្រទេសកម្ពុជា ។ លោកថា ក្រៅពីការផ្ដល់ ផ្ទះស្នាក់នៅដល់ប្រជាជនខ្មែរ ជាពិសេសមន្ត្រីរាជការ ដោយឥតគិតថ្លៃ ECCJ Real Estate ចាប់អារម្មណ៍ខ្លាំង លើការបើកកាស៊ីណូ លើទឹកដីបាវិតនេះ ហើយក្រុមហ៊ុនមានបំណងវិនិយោគលើជំនួញនេះឆាប់ៗផងដែរ ។
ជាការឆ្លើយតប លោក លឹម សៀកហេង អភិបាលក្រុង បាវិត បានស្វាគមន៍ លើគម្រោងគម្រោងវិនិយោគទាំងនោះ ។ លោក អភិបាល លើកឡើងថា វាដំណឹងល្អណាស់សម្រាប់មន្ត្រីរាជការ នៅពេលដែលមានក្រុមហ៊ុនបានគិតគូរពីសុខទុក្ខមន្ត្រីរាជការបែបនេះ ។ សម្រាប់មន្ត្រីរាជការធ្វើការក្នុងក្រុង បាវិតនេះ លោកអភិបាលបានឲ្យដឹងថា មួយចំនួនមានមកពីខេត្ត ឆ្ងាយ នឹងមួយចំនួនទៀត រស់នៅក្នុងខេត្ត ប៉ុន្តែ ផ្ទះឆ្ងាយពីកន្លែងធ្វើការ ដោយពួកគាត់ ភាគច្រើនស្នាក់នៅ ផ្ទះជួលក្បែរកន្លែងធ្វើការ ដូចនេះការសន្យាផ្ដល់ជូនខាងលើពិតជាដំណឹងល្អ សម្រាប់មន្ត្រីរាជការទាំងអស់នោះខ្លាំងណាស់ ។ ក្នុងនាម អាជ្ញាធរលោក អភិបាលបានសន្យា និង ការពារធានាសន្តិសុខ សុវត្ថិភាពជូនដល់ អ្នកវិនិយោគ ។ ក្នុងថ្ងៃនោះដែរ លោកអភិបាលក្រុង និង ក្រុមអ្នកវិនិយោគក៏បានចុះទៅមើលទីតាំងក្នុងគម្រោងដែលកំពុងតែសម្រុកការសាងសង់ ដែលប្រហែលជា១៨ ខែ ទៀត ផ្ទះទាំងនោះ នឹងធ្វើរួចរាល់ មន្ត្រីរាជការអាចចូលស្នាក់នៅបានហើយ ។ បុរី”វិចិត្រដារ៉ា” មានទីតាំងស្ថិត ក្នុង ភូមិ បាវិតលើ សង្កាត់ បាវិតលើ ក្រុង បាវិត ខេត្ត ស្វាយរៀង ។
សូមបញ្ជាក់ផងដែរថា ក្រុងបាវិតជាច្រក អន្តរជាតិដ៏សំខាន់សម្រាប់ចរាចរផ្លូវគោករវាងប្រទេសទាំងពីរគឺកម្ពុជា និងវៀតណាម ជាពិសេសគឺទីក្រុងភ្នំពេញ និងទីក្រុងហូជីមិញ ។ ក្រៅពីការបង្កើតជាតំបន់កម្សាន្តរវាងប្រជាជននៃប្រទេសទាំងពីរ តំបន់នេះនៅមានផ្សារណាត់ដែលមានទំនិញគ្រប់ប្រភេទជាផលិតផលក្នុងស្រុក និងផលិតផលពីប្រទេសវៀតណាម ។ បច្ចុប្បន្នទីក្រុងថ្មី ជាប់ព្រំប្រទល់វៀតណាមមួយនេះ សំណង់អគារខុនដូ សណ្ឋាគារ ផ្ទះសំណាក់ កាស៊ីណូ ក្លឹបកម្សាន្ត ផ្សារទំនើប រោងចក្រ កំពុងសម្រុកការសាងសង់បន្ថែមយ៉ាងគំហុក៕ វឌ្ឍនា