ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិវៀតណាមប្រុសស្រី៦នាក់ ពាក់ព័ន្ធគ្រឿងញៀន១០០គីឡូក្រាម ត្រូវតុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារ

ចែករំលែក៖

ភ្នំពេញ ៖ ជនជាតិវៀតណាមប្រុសស្រីចំនួន៦នាក់ ដែលពាក់ព័ន្ធគ្រឿងញៀន១០០គីឡូក្រាម បន្ទាប់ពីលោក ស៊ិន វិរៈ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់ជនសង្ស័យទាំង៦នាក់នោះ ពីបទ ផលិត, រក្សាទុក, ចែកចាយ និងជួញដូរនូវសារធាតុញៀនដោយខុសច្បាប់ ហើយត្រូវលោក ប៊ុន ធី ចៅក្រមស៊ើបសួរសម្រេចចេញដីកាឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន កាលពីល្ងាចថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ ។

យោងតាមរាយការណ៍របស់មន្រ្តីនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ជនសង្ស័យប្រុសស្រីចំនួន៦នាក់ខាងលើនេះ ទី១-ឈ្មោះ ទួន អាញ់ ភេទប្រុស អាយុ២៤ឆ្នាំ ;ទី២-ឈ្មោះ ហ័ង វៀត ភេទប្រុស អាយុ២២ឆ្នាំ ; ទី៣-ឈ្មោះ ធី ងុក ភេទស្រី អាយុ២១ឆ្នាំ; ទី៤-ឈ្មោះ ធី ងីន ភេទស្រី អាយុ៣០ឆ្នាំ ;ទី៥-ឈ្មោះ ម៉ាយ ហ្វានទៀនថាន់ ភេទប្រុស អាយុ៣១ឆ្នាំ និងទី៦-ឈ្មោះ វ៉ វ៉ាន់ហុង ភេទស្រី អាយុ៣២ឆ្នាំ ។

ប្រភពដដែលបានបញ្ជាក់ថា កាលពីយប់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ថ្មីៗនេះ កម្លាំងជំនាញរបស់នគរបាលមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ បានសហការជាមួយនគរបាលខណ្ឌបឹងកេងកង ក្រោមការសម្របសម្រួលពីលោក គុជ គឹមឡុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀនដ៏ធំមួយនៅចំណុចផ្ទះជួលគ្មានលេខ ផ្លូវលេខ១១៣ ក្រុម២៣ ភូមិ៣ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង ជាក់ស្តែងបានឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាមប្រុសស្រីចំនួន៤នាក់ និងដកហូតបានគ្រឿងញៀនមួយចំនួនធំ ។

ក្រោយពីឃាត់ខ្លួនជនសង្ស័យ៤នាក់នោះ ទី១-ឈ្មោះ ទួន អាញ់ ២-ឈ្មោះ ហ័ង វៀត ៣-ឈ្មោះ ធី ងុក និង៤-ឈ្មោះ ធី ងីន ពួកគេបានសារភាពពីទីតាំងកែច្នៃ រក្សាទុក និងផលិតគ្រឿងញៀនមួយកន្លែង ដែលស្ថិតនៅផ្ទះលេខ ១៦៨ ផ្លូវលេខ១១២ ភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ បន្ទាប់មកទើបកម្លាំងសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយនគរបាលខណ្ឌច្បារអំពៅ ក្រោមការចូលរួមពីស្ថាប័នអយ្យការសាលាដំបូង ចុះទៅដល់ទីតាំងនោះ នឹងបានធ្វើការឆែកឆេររកឃើញគ្រឿងញៀនប្រមាណជិត១០០គីឡូក្រាម រួមមាន ១-សារធាតុញៀនប្រភេទមេតំហ្វេតាមីន ICE ទម្ងន់១០គីឡូក្រាម ២-សារធាតុញៀនប្រភេទអិចស្តាស៊ី ទម្ងន់២២គីឡូក្រាម ៣-សារធាតុញៀន ប្រភេទ អិចស្តាស៊ី (រាវ) ពាក់កណ្ដាលសម្រេចចំនួន៥៤គីឡូ ៤៦៤ក្រាម និង៤-សម្ភារៈកែច្នៃ និងឧបករណ៍ផលិតគ្រឿងញៀនមួយចំនួនទៀត ចំណែកមេខ្លោងគេចខ្លួនបាត់ ។

ប្រភពព័ត៍មានបន្តថា លុះដល់វេលាម៉ោង៧និង២០នាទីរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលទួលសង្កែ ខណ្ឌប្ញស្សីកែវ បានចុះទៅឆែកឆេរលំនៅដ្ឋានមួយកន្លែងទៀត ស្ថិតនៅផ្ទះលេខ១៤ ផ្លូវលេខ៧ ក្នុងបូរីពិភពថ្មី សង្កាត់គីឡូម៉ែត្រលេខ៦ លទ្ធផលឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ វ៉ វ៉ាន់ហុង ភេទស្រី អាយុ៣២ឆ្នាំ នឹងដកហូតវត្ថុតាង ១-កញ្ឆាក្រៀម១ កញ្ចប់ធំ ២-រថយន្ត១គ្រឿង ៣-ម៉ូតូ ចំនួន២គ្រឿង៤-ម៉ាស៊ីនរាបលុយ១គ្រឿង និង៥-ជញ្ជីងថ្លឹង ១គ្រឿង ។

ក្រោយឃាត់ខ្លួនជនសង្ស័យម្នាក់នេះហើយ វេលាម៉ោង៨ និង៥២នាទីយប់ថ្ងៃទី៥ ខែធ្នូឆ្នាំដដែល សមត្ថកិច្ចបានបន្តទៅឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ ម៉ាយ ហ្វានទៀនថាញ់ ( Mai Hoan Tien Thanh ) ភេទប្រុស ជនជាតិវៀតណាម នៅចំណុចផ្លូវលេខ៣០៤ កែង ផ្លូវលេខ១៥៣ ស្ថិតក្នុងសង្កាត់អូឡាំពិក ខណ្ឌចំការមន ។

បន្ទាប់មកនៅវេលាម៉ោង១០ថ្ងៃខែដដែលសមត្ថកិច្ចបានបន្តទៅឆែកឆេរបន្ទប់លេខ៦០៨ នៃសណ្ឋាគារហ្វែរីឡេម ស្ថិតនៅផ្លូវលេខ១២១ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា ដែលឈ្មោះ ម៉ាយ ហ្វានទៀនថាញ់( Mai Hoan Tien Thanh) ជួលស្នាក់នៅលទ្ធផល រកឃើញសារធាតុញៀនប្រមាណជិត២គីឡូក្រាមទៀត ។ ក្នុងនោះមាន១-ម្សៅមត់ពណ៌ស សង្ស័យសារធាតុញៀនប្រភេទថ្នាំ កេតាមីន ២កញ្ចប់ ២-ម្សៅក្រាមពណ៌សថ្លា សង្ស័យ មេតំហ្វេតាមីន(ICE) ៤កញ្ចប់ ៣-ម្សៅក្រាមពណ៌ត្នោត សង្ស័យអិុចស្តាស៊ី(MDMA) ១កញ្ចប់ធំ និង៤-ថ្នាំគ្រាប់ចំរុះពណ៌១ប្រអប់ និង៦កញ្ចប់ ។

គួរបញ្ជាក់ថា ពាក់ព័ន្ធនឹងករណីបង្ក្រាបក្រុមជួញដូរគ្រឿងញៀនជាបន្តបន្ទាប់ រកឃើញគ្រឿងញៀនជិត១០០ គីឡូក្រាមខាងលើនេះ លោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀនបានឲ្យដឹងថា ដោយមានការយកចិត្តទុកដាក់ពីសំណាក់នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ បាននឹងជំរុញឲ្យកម្លាំងជំនាញខិតខំប្រឹងប្រែងយកចិត្តទុកដាក់ បើកការស៊ើបអង្កេត នឹងស្រាវជ្រាវរហូតឈានដល់ការបង្ក្រាបឧក្រិដ្ឋជួញដូរគ្រឿងញៀនមួយក្រុមនេះ ។

បច្ចុប្បន្នជនសង្ស័យទាំង៦នាក់ខាងលើនេះ កាលពីល្ងាចថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ ត្រូវលោក ប៊ុន ធី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចចេញដីកាឃុំខ្លួនដាក់ពន្ធនាគារព្រៃសជាបណ្តោះអាសន្ន ៕ស តារា


ចែករំលែក៖