ខេត្តកណ្ដាល៖ សាកសពមនុស្សនៅសល់តែគ្រឿងឆ្អឹងម្នាក់ ត្រូវបានប្រជាពលរដ្ឋរកខ្យងប្រទះឃើញ បង្កការភ្ញាក់ផ្អើលឡើង នៅវេលាម៉ោង១៥ និង១០នាទី ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ត្រង់មាត់បឹងត្បូង ស្ថិតក្នុងភូមិព្រែកតាគង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
មន្រ្ដីនគរបាលស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថា សាកសពមនុស្សដែលប្រជាពលរដ្ឋប្រទះឃើញ មិនស្គាល់អត្ដសញ្ញាណ នៅសល់តែគ្រោងឆ្អឹង ។
ប្រភពដដែលបន្ដថា នៅថ្ងៃកើតហេតុ មានប្រជាពលរដ្ឋបានទៅរកខ្យងនៅចំណុចបឹងត្បូង ខណៈដែលកំពុងរកខ្យង ក៏ស្រាប់តែឃើញសាកសពនៅសល់តែគ្រោងឆ្អឹង ភ្លាមនោះក៏រាយការណ៍ជូនសមត្ថកិច្ចនគរបាលប៉ុស្ដិ៍ព្រែកតាមាក់ ដើម្បីធ្វើការពិនិត្យ ។
បន្ទាប់ពីសមត្ថកិច្ចនគរបាលប៉ុស្ដិ៍ព្រែកតាមាក់ទទួលបានព័ត៌មានខាងលើ ភ្លាមនោះក៏រាយការណ៍បន្ដទៅសមត្ថកិច្ចនគរបាលជំនាញស្រុក និងជំនាញខេត្ដ ចុះមកកន្លែងកើតហេតុ រួចធ្វើការពិនិត្យ កសាងសំណុំរឿង ស្រាវជ្រាវរកអត្ដសញ្ញាណ និងសាច់ញាតិដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ