ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូឆក់កាបូបលុយគេមិនបានសម្រេចត្រូវប្រជាពលរដ្ឋនាំគ្នាចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច

ចែករំលែក៖

ខេត្តកណ្ដាល៖ ជនសង្ស័យជាមុខសញ្ញាឆក់កាបូបយ៉ាងសកម្មម្នាក់ បានជិះម៉ូតូធ្វើសកម្មភាពឆក់កាបូបលុយគេដែលទុកនៅក្នុងកន្រ្តក់ម៉ូតូតែមិនបានសម្រេច ត្រូវប្រជាពលរដ្ឋជិតខាងឃើញនាំគ្នាជួយអន្ដរាគមន៍ចាប់ខ្លួន រួចប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់ ។ ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង១៦ និង២០នាទី ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ លើផ្លូវបេតុង ស្ថិតក្នុងភូមិលើ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល ។

មន្រ្ដីនគរបាលស្រុកមុខកំពូលបានឲ្យដឹងថា ជនសង្ស័យឈ្មោះ រ៉ណើស សារី ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅភូមិអណ្ដូង ឃុំមេសរប្រចាន់ស្រុកពារាំងខេត្តព្រៃវែង ។ ចំណែកជនរងគ្រោះឈ្មោះ រស់ ស្រីនាង ភេទស្រី អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិលើ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល ។ ដោយឡែកវត្ថុតាងដកហូតបានមាន៖ ម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ ព្រៃវែង1P-1099 ចំនួន១គ្រឿង (របស់ជនសង្ស័យ) ,កាបូបពណ៌ប្រផេះសាច់គគីរ(RLLEPARIS)ចំនួន១ (របស់ជនរងគ្រោះប្រគល់ជូនជនរងគ្រោះវិញ និងប្រាក់រៀលចំនួន៣ម៉ឺនរៀល ។

ប្រភពដដែលបន្ដថា នៅថ្ងៃកើតហេតុ ជនរងគ្រោះបានជិះម៉ូតូតាមបណ្ដោយផ្លូវបេតុងដោយយកកាបូបលុយរបស់ខ្លួនទុកនៅក្នុងកន្រ្តក់ម៉ូតូខាងមុខ ខណៈជិះមកដល់ចំណុចកើតហេតុ ស្រាប់តែជនសង្ស័យបានជិះម៉ូតូរបស់ខ្លួនវ៉ាជែងជនរងគ្រោះ ហើយត្រឡប់មកក្រោយវិញក៏ធ្វើសកម្មភាពឆក់កាបូបលុយរបស់ជនរងគ្រោះ ភ្លាមនោះជនរងគ្រោះក៏ដណ្ដើមកាបូបលុយពីជនសង្ស័យវិញ បណ្ដាលឲ្យដួលម៉ូតូទាំង២នាក់លើថ្នល់ ឃើញដូច្នោះប្រជាពលរដ្ឋដែលចូលរួមក្នុងពិធីបុណ្យនៅជិតនោះ បាននាំគ្នាចេញមកជួយអន្ដរាគមន៍ រួចចាប់ខ្លួនជនសង្ស័យប្រគល់ឲ្យនគរបាលប៉ុស្តិ៍រដ្ឋបាលព្រែកអញ្ចាញដើម្បីចាត់ការ ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យសារភាពថា នៅថ្ងៃខែកើតហេតុ វេលាម៉ោង១០ ខ្លួនបានជិះម៉ូតូម្នាក់ឯងចេញពីផ្ទះ ក្នុងគោលបំណងធ្វើសកម្មភាពឆក់កាបូបលុយ និងទូរស័ព្ទរបស់អ្នកធ្វើដំណើរតាមដងផ្លូវ ដោយមិនរើសទីកន្លែងឡើយឲ្យតែមានឱកាសគឺធ្វើសកម្មភាព លុះមកដល់ចំណុចកើតហេតុ ខ្លួនបានឃើញជនរងគ្រោះជិះម៉ូតូដោយមានការបូបលុយទុកនៅក្នុងកន្រ្ដក់មុខ ក៏ធ្វើសកម្មភាពតែម្ដង ។ ជនសង្ស័យបានសារភាពបន្ថែមទៀតថា ខ្លួនធ្លាប់ធ្វើសកម្មភាពលួចទូរស័ព្ទដៃគេបានម្ដងដែរ នៅចំណុចភូមិអណ្ដូង ឃុំមេសរប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង នៅចុងឆ្នាំ ២០១៨ ។

បន្ទាប់ពីធ្វើការសាកសួររួច សមត្ថកិច្ចជំនាញកសាងសំណុំរឿង ដើម្បីចាត់ការតាមច្បាប់ ៕ ស្អាងជ័យ


ចែករំលែក៖