ព័ត៌មានទាន់ហេតុការណ៍៖

ដាក់ទូរស័ព្ទក្នុងហោប៉ៅអាវហើយ ឆ្លៀតឆក់បានសម្រេច ចាប់ខ្លួនបានម្នាក់ ម្នាក់ទៀតរត់គេចខ្លួនបាត់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមគ្នា២នាក់ បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃរបស់ពលរដ្ឋម្នាក់បានសម្រេច ខណៈដែលជនរងគ្រោះដាក់ទូរស័ព្ទក្នុងហោប៉ៅអាវហើយឈររៀបចំដាក់អីវ៉ាន់ឲ្យភ្ញៀវ រួចព្យាយាមរត់គេចខ្លួន តែត្រូវកម្លាំងនគរបាលប៉ុស្តិ៍វត្តភ្នំដេញតាមប្រមាញ់ចាប់បានម្នាក់ភ្លាមៗ រីឯម្នាក់ទៀតរត់គេចខ្លួនបាត់រួមជាមួយទូរស័ព្ទជនរងគ្រោះផងដែរ ។

ករណីចោរឆក់ទូរស័ព្ទដៃខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៨យប់ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចផ្លូវលេខ១០៨ កែងផ្លូវលេខ១៩ ភូមិ៥ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ជនសង្ស័យត្រូវឃាត់ខ្លួននោះឈ្មោះ ឈិត សុបញ្ញា ភេទប្រុស អាយុ១៨ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះលេខ១១ ផ្លូវលេខ៩០៧ ភូមិបឹងសាឡាង សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ វត្ថុតាងចាប់យកមាន ម៉ូតូចំនួន០១គ្រឿងម៉ាកC125ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1FB 5490 ជារបស់ជនសង្ស័យជិះធ្វើសកម្មភាព។ ចំណែកជនរងគ្រោះ ឈ្មោះ ស៊ឺម ទ្រី ភេទប្រុស អាយុ៤៣ឆ្នាំជនជាតិខ្មែរ មុខរបរបើករថយន្តតាក់ស៊ី មានទីលំនៅផ្ទះលេខ១៤Eo ផ្លូវលេខ៤២៨ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង៨យប់ ជនរងគ្រោះឈ្មោះស៊ឺម ទ្រី ភេទប្រុស អាយុ៤៣ឆ្នាំ បានបើករថយន្តតាក់ស៊ីដឹកភ្ញៀវមកឈប់នៅចំណុចផ្លូវលេខ១០៨ កែងផ្លូវលេខ១៩ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ហើយចុះពីលើរថយន្តឈររៀបចំដាក់អីវ៉ាន់ ។ ពេលនោះស្រាប់តែជនសង្ស័យចំនួន០២នាក់ឈ្មោះឈិត សុបញ្ញា ភេទប្រុសអាយុ១៨ឆ្នាំ និងឈ្មោះហេង ភេទប្រុសអាយុប្រហែល១៨ឆ្នាំ បានជិះម៉ូតូមួយគ្រឿងម៉ាកC125ពណ៌ខ្មៅមកពីក្រោយហើយជនសង្ស័យឈ្មោះហេង ដែលអង្គុយពីក្រោយ បានធ្វើសកម្មភាពឆក់យកទូរសព្ទដៃម៉ាកSamsung Galaxy Note5 ពណ៌ខ្មៅពីហោប៉ៅអាវរបស់ជនរងគ្រោះ បានសម្រេច រួចនាំគ្នាជិះម៉ូតូគេចខ្លួន ។

ភ្លាមនោះជនរងគ្រោះស្រែកឆោឡោ ក៏ត្រូវបានកម្លាំងឈរជើង ពួនស្ទាក់តាមគោលដៅរបស់ប៉ុស្តិ៍ និងកម្លាំងល្បាតបង្ការទប់ស្កាត់បទល្មើសរបស់ខណ្ឌបានអន្តរាគមន៍ដេញតាមពីក្រោយឃាត់ខ្លួនជនសង្ស័យបានចំនួនម្នាក់ឈ្មោះឈិត សុបញ្ញា ភេទប្រុស អាយុ១៨ឆ្នាំជាអ្នកបើកម៉ូតូ ព្រមទាំងវត្ថុតាងម៉ូតូរបស់ជនសង្ស័យជិះធ្វើសកម្មភាព នាំយកមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំធ្វើការសាកសួរ។ ចំណែកបក្ខពួកម្នាក់ទៀតឈ្មោះហេង ភេទប្រុស អាយុប្រហែល១៨ឆ្នាំ ដែលជាអ្នកអង្គុយខាងក្រោយ និងជាអ្នកធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ បានយកទូរស័ព្ទដៃរបស់ជនរងគ្រោះរត់គេចខ្លួនបាត់។

បច្ចុប្បន្នកម្លាំងជំនាញខណ្ឌ និងប៉ុស្តិ៍ កំពុងប្រើប្រាស់វិធានការជំនាញសួរចម្លើយរកបក្ខពួក និងសកម្មភាព ដែលបានប្រព្រឹត្តកន្លងមក ព្រមទាំងកសាងសំណុំរឿងអនុវត្តន៍តាមនីតិវិធី ៕ ស រស្មី


ចែករំលែក៖