ក្រុមអតីតបក្សសង្រ្គោះជាតិ ដែលប្រឆាំងផ្កាប់មុខមានទណ្ឌិត សម រង្ស៊ី ជាមេគំនិត កំពុងញញឹមខ្ជឹប និងនាំគ្នាសប្បាយចិត្តខ្លាំងណាស់កាលបើដឹងថា សហគមន៍អឺរ៉ុបកំពុងមានគម្រោងផ្តាច់EBA ពីកម្ពុជា ។ ការសប្បាយរបស់ក្រុមប្រឆាំងផ្កាប់មុខទាំងនេះ គឺគ្មានអ្វីក្រៅពីចង់ដណ្តើមអំណាចពីរាជរដ្ឋាភិបាលស្របច្បាប់កើតចេញពីការបោះឆ្នោត និងចង់ផ្តួលរបបរាជានិយមនោះឡើយ ។
ជាការពិតហើយប្រសិនបើ មានការផ្តាច់EBA មែននោះ គឺកម្មករ ឬ ពលករឯណោះទេ ជាអ្នកធ្លាក់ជីវភាពរស់នៅមួយកម្រិត ឯអ្នកសប្បាយលើគំនរទុក្ខ កម្មករ ពលករ គឺក្រុមប្រឆាំងផ្កាប់មុខនោះហើយ ដែលអួតខ្លួនស្រលាញ់ និងអាណិតកម្មករពលករ បានរស់សុខស្រួលដោយជំនួយបរទេស ។
នាយជាលគិតថា គំនិតស្មោកគ្រោកបែបនេះ ពិតជាកំសាកណាស់ ព្រោះតែចង់បានអំណាចអត់អៀនខ្មាស ក្រុមលោកសម រង្ស៊ី បោលបុកជញ្ជាំងទាំងទទឹងទិស ទោះអ្នកណាងាប់ ក៏ងាប់ទៅឲ្យតែអញរស់ បានន័យថា ទោះសេដ្ឋកិច្ចជាតិរលាយ ជីវភាពប្រជាពលរដ្ឋធ្លាក់ដុនដាបដល់កម្រិតសូន្យក៏ពួកគាត់មិនខ្វល់ដែរ ដោយធ្វើយ៉ាងណា ប្រឹងដណ្តើមអំណាចពីសម្តេច ហ៊ុន សែន ឲ្យបានសិន ។ នេះជាការធ្វើនយោបាយសម្លាប់ពលរដ្ឋ និង ជាតិឯងយ៉ាងប្រាកដ គ្រាដែលប្រទេសកម្ពុជាកំពុងមានសន្តិភាព សុវត្ថិភាព និងមានការអភិវឌ្ឍជឿនលឿនទៅហើយនោះ ។
ពេលនេះអ្នកណាក៏ដឹងដែរថា ក្រុមប្រឆាំងផ្កាប់មុខកំពុងលេបទឹកមាត់ក្អឹកៗ ទៅនឹងគម្រោងផ្តាច់EBA ពីកម្ពុជា របស់សហគមន៍អឺរ៉ុប ដើម្បីចាប់បង្ខំឲ្យរាជរដ្ឋាភិបាលកម្ពុជាស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញស្អីគេនោះ ខណៈ ដែលកម្ពុជាមានលទ្ធិប្រជាធិបតេយ្យបរិបូណ៌រួចជាស្រេចទៅហើយនោះ។ នាយជាលគិតថា ទង្វើនេះមិនខុសពីកាត់កន្ទុយស្វា កម្លា សត្វក្អែកនោះឡើយ ។
សម្តេចតេជា បានមានប្រសាសន៍ហើយថា មិនអាចយកអធិបតេយ្យភាពកម្ពុជាទៅដោះដូរជំនួយបរទេសបានទេ ។ កម្ពុជាមានកំណើនសេដ្ឋកិច្ច ដែលអាចជំរុញរស់ដោយខ្លួនឯងបាន ។ ដូច្នេះ យើងអាចរស់បាន ធ្វើម្ចាស់ការបាន និងមិនចាំបាច់សង្ឃឹមដង្ហើមរស់ពីបរទេសជារៀងរហូតនោះទេ ។
ពិតជាត្រឹមត្រូវណាស់ ព្រោះបើប្រៀបធៀបកាលក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩ កម្ពុជាប្រឹងរស់បានខណៈប្រទេសមហាអំណាចហ៊ុំព័ទ្ធសេដ្ឋកិច្ចរកដង្ហើមដកមិនចង់រួច តែពេលនេះប្រទេសយើងមានសុខសន្តិភាព និងមានកំណើនសេដ្ឋកិច្ចអាចរស់បានហើយនោះចាំបាច់ឲ្យគេ កាត់កន្ទុយស្វា កម្លាសត្វក្អែក ធ្វើអ្វីទៀត? ៕ នាយជាល