ព័ត៌មានទាន់ហេតុការណ៍៖

លោក សរ វណ្ណា ជំរុញឲ្យសិស្សានុសិស្សខិតខំយកចិត្តទុកដាក់ ក្រេបជញ្ជក់យកចំណេះដឹងពីគ្រូបង្រៀនឲ្យបានល្អ ដើម្បីចូលរួមក្នុងសកម្មភាពមនុស្សធម៌

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោក សរ វណ្ណា នាយកសាខា កាកបាទក្រហមខេត្តស្វាយរៀងជំរុញឲ្យសិស្សានុសិស្សខិតខំយកចិត្តទុកដាក់ ក្រេបជញ្ជក់យកចំណេះដឹងពីគ្រូបង្ហាត់ឲ្យបានល្អ ដើម្បីចូលរួមក្នុងសកម្មភាពមនុស្សធម៌ឲ្យកាន់តែល្អបន្ថែមទៀត ហើយត្រូវយកចំណេះដឹងទាំងអស់នេះទៅផ្សព្វផ្សាយបន្ត ។

ការថ្លែងបែបនេះបានធ្វើឡើងក្នុងវគ្គបណ្តុះបណ្តាលស្តីពីប្រវត្តិចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម និងវិជ្ជាសង្គ្រោះបឋម ដល់ទីប្រឹក្សា និងយុវជនកាកបាទក្រហម កម្ពុជាទើបជ្រើសរើសថ្មីប្រចាំវិទ្យាល័យ ពោធិ៍ធំ ស្ថិតក្នុងឃុំពោធិ៍ធំស្រុកស្វាយជ្រំ នៅព្រឹកថ្ងៃចន្ទ ៥រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០១៩ ។

ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលនេះ លោក សរ វណ្ណា នាយកសាខា បាននាំមកនូវការផ្ដាំផ្ញើការសួរសុខទុក្ខដោយក្ដីស្រឡាញ់ និងនឹករលឹកបំផុតពីសំណាក់ លោកម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា ដល់ទីប្រឹក្សា និងក្មួយៗយុវជនទាំងអស់សូមមានសុខភាពល្អបរិបូរណ៍ ប្រាជ្ញាឈ្លាសវៃ កម្លាំងមាំមួន ដើម្បីបំពេញសកម្មភាពការងារមនុស្សធម៌ និងការងារសង្គមបន្ដទៀត លោកនាយកសាខាបានបញ្ជាក់ពីតួនាទីយុវជននៅគ្រប់សម័យកាល គ្រប់សង្គមយុវជនជាកម្លាំងដ៏មុតស្រួចប្រកបដោយកម្លាំងកាយ ប្រាជ្ញាស្មារតីភ្លឺស្វាង និងមានទឹកចិត្តក្លាហានមោះមុតពុះពារគ្រប់ឧបស័គ្គទុក្ខលំបាកដោយមិនរារែកដែលលក្ខណៈពិសេសទាំងនេះ បានធ្វើឲ្យយុវជនក្លាយជាធនធានដ៏មានតម្លៃមិនអាចខ្វះបានឡើយនៅក្នុងចលនាកាកបាទក្រហម និងអឌ្ឍចន្ទក្រហម សម្រាប់បំពេញបេសកម្មយ៉ាងសកម្មនៅពាសពេញពិភពលោកក្នុងបុព្វហេតុមនុស្សធម៌ និងរក្សាបានស្ថេរភាពនៃការងារ ។

ជាមួយគ្នានេះដែរលោក បានថ្លែងនូវការកោតសរសើរចំពោះទីប្រឹក្សា និងយុវជនកាកបាទក្រហមកម្ពុជាទាំងអស់ ដែលតែងតែយកចិត្តទុកដាក់ពង្រឹង និងពង្រីកសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដូចភ្លៀងរលឹមចាប់តាំងពីមុនមក រហូតមកដល់បច្ចុប្បន្ននេះ ។ ក្នុងនោះដែរ លោកនាយកសាខាសំណូមពរឲ្យអ្នកចូលរួមទាំងអស់ខិតខំយកចិត្តទុកដាក់ ក្រេបជញ្ជក់យកចំណេះដឹងពីគ្រូបង្ហាត់ឲ្យបានល្អ ដើម្បីចូលរួមក្នុងសកម្មភាពមនុស្សធម៌ឲ្យកាន់តែល្អបន្ថែមទៀត ហើយត្រូវយកចំណេះដឹងទាំងអស់នេះទៅផ្សព្វផ្សាយបន្ត ដល់មិត្តភក្តិនៅសាលា និងនៅសហគមន៍ដែលខ្លួនរស់នៅ ត្រូវគោរពច្បាប់ចរាចរណ៍ ជៀសឲ្យឆ្ងាយពីល្បែងពាលាអាវាសែ និងគ្រឿងញៀន ដែលបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់យុវជន និងសង្គមជាតិ បន្តរក្សាបាននូវស្ថេរភាព នៃកិច្ចអភិវឌ្ឍន៍បរិស្ថាន សន្តិភាព និងបន្តពង្រីកកម្លាំងយុវជនឲ្យស្ថិតនៅជាកម្លាំងស្នូលសម្រាប់ការងារជួយសង្គ្រោះនានា រួមចំណែកដល់ការលើកកម្ពស់វឌ្ឍនភាព និងសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ ។

ដោយមានការសម្របសម្រួលពីមន្តរីទទួលបន្ទុកយុវជន នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង ក្នុងគោលបំណងផ្តល់នូវចំណេះដឹងជាមូលដ្ឋាន ដែលពាក់ព័ន្ធទៅនឹងប្រវត្តិរបស់ចលនា ,គោលការណ៍គ្រឹះទាំង ៧ និងវិជ្ជាសង្គ្រោះបឋម ដល់ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា ដែលទើបបានជ្រើសរើសថ្មី ដើម្បីឲ្យពួកគាត់ទទួលបាននូវជំនាញ និងសមត្ថភាពគ្រប់គ្រាន់ក្នុងការចូលរួមអនុវត្តការងារមនុស្សធម៌នៅក្នុងមូលដ្ឋានរបស់ខ្លួន ៕ យឹម សុថាន


ចែករំលែក៖