ព័ត៌មានទាន់ហេតុការណ៍៖

ពិធីបើក និងបិទលំហាត់សង្គ្រោះ គ្រោះមហន្តរាយ នៅតំបន់ព្រំដែនគោករួមគ្នា និងការងារមនុស្សធម៌ ឆ្នាំ២០២០ នៅស្រុកចន្រ្ទា

ចែករំលែក៖

ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងនាយឧត្តមសេនីយ៍ ង៉ូ ស៊ុនលិច្ស រដ្ឋមន្ត្រីក្រសួងការពារប្រទេស វៀតណាម និងលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ចបានអញ្ជើញជាអធិបតីនៅក្នុងពិធីបើក និងបិទលំហាត់សង្គ្រោះគ្រោះមហន្តរាយ នៅតំបន់ព្រំដែនគោករួមគ្នា និងការងារមនុស្សធម៌ឆ្នាំ២០២០ នៅភូមិដូនទៃ ឃុំទួលស្តី ស្រុកចន្រ្ទា ខេត្តស្វាយរៀង និងការបើកសម្ពោធមណ្ឌលសុខភាពមិត្តភាពកម្ពុជា-វៀតណាម ផងដែរ។

ការធ្វើលំហាត់យោធានេះ គឺក្នុងគោលបំណងចែករំលែកបទពិសោធន៍រួមគ្នា និងផ្តល់នូវផលប្រយោជន៍ ដល់ប្រជាជននៃប្រទេសទាំងពីរ នៅពេលដែលមានគ្រោះមហន្តរាយកើតឡើង ដូចជាគ្រោះធម្មជាតិ ទឹកជំនន់ ភ្លើងឆេះព្រៃ ឬគ្រោះធម្មជាតិផ្សេងៗ ដែលកើតឡើងជាយថាហេតុ ព្រមជាមួយនឹងការចូលរួមចំណែកលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅតាមតំបន់ព្រំដែន ឱ្យមានការរីកចម្រើន។

រយៈពេលនៃការធ្វើលំហាត់ហ្វឹកហ្វឺនមានរយៈពេល៩ថ្ងៃ គិតចាប់ពីថ្ងៃទី១០ ដល់១៨ ខែធ្នូ ឆ្នាំ២០១៩។ កម្លាំងចូលរួមខាងភាគីវៀតណាម ២៦៥នាក់ ខាងភាគីកម្ពុជា៤៧១នាក់ រួមនឹងកម្លាំងចូលរួម ១,១៤៣នាក់។

បើតាមនាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការលំហាត់ហ្វឹកហ្វឺនសង្រ្គោះគ្រោះមហន្តរាយកម្ពុជា-វៀតណាម បានបញ្ជាក់ថា ខ្លឹមសារនៃការធ្វើលំហាត់សង្គ្រោះគ្រោះមហន្តរាយ នៅតំបន់ព្រំដែនគោកប្រទេសទាំងពីរ ចែកចេញជា៤ ដំណាក់កាលហើយលំហាត់សង្គ្រោះគ្រោះមហន្តរាយនេះ គឺជាលើកទី១ ដែលប្រទេសកម្ពុជា និងប្រទេសវៀតណាមបានធ្វើរួមគ្នា។

នាយឧត្តមសេនីយ៍បានមានប្រសាសន៍ថា ការធ្វើលំហាត់សង្គ្រោះគ្រោះមហន្តរាយ ជាមួយភាគីវៀតណាមនេះ គឺដើម្បីត្រៀមកម្លាំងរួមគ្នា ក្នុងការចុះជួយប្រជាពលរដ្ឋ ដែលជាប់នឹងព្រំដែននៃប្រទេសទាំងពីរ ខណៈដែលពួកគេជួបគ្រោះធម្មជាតិ ឬគ្រោះមហន្តរាយដោយយថា ហេតុណាមួយកើតឡើងនោះ។

នាយឧត្តមសេនីយ៍បានបន្តថា ស្របទៅតាមការណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិនឹងត្រូវធ្វើលំហាត់នេះ ជាបន្តបន្ទាប់ទៀតជាមួយនឹងប្រទេសជិតខាង មិនថាជាមួយប្រទេសវៀតណាមនោះទេ យើងនឹងត្រូវធ្វើជាមួយប្រទេសថៃ និងប្រទេសឡាវផងដែរ ប៉ុន្តែនាពេលនេះ មិនទាន់ត្រូវបានកំណត់ពេលវេលាជាក់លាក់នោះឡើយ។

គួរបញ្ជាក់ថា នេះគែជាការធ្វើលំហាត់សង្គ្រោះគ្រោះមហន្តរាយ លើកទី១ ដែលប្រទេសកម្ពុជា និងប្រទេសវៀតណាមបានធ្វើរួមគ្នា ហើយក្រសួងការពារជាតិនឹងត្រូវធ្វើលំហាត់នេះ ជាបន្តបន្ទាប់ទៀតជាមួយនឹងប្រទេសជិតខាង មិនថាជាមួយប្រទេសវៀតណាមនោះទេ យើងនឹងត្រូវធ្វើជាមួយប្រទេសថៃ និងប្រទេសឡាវផងដែរ ប៉ុន្តែនាពេលនេះ មិនទាន់ត្រូវបានកំណត់ពេលវេលាជាក់លាក់នោះឡើយ។

ការរៀបចំសមយុទ្ធរវាងកងទ័ពកម្ពុជា និងកងទ័ពវៀតណាម គឺជាគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន ផ្ទាល់ ដែលធ្វើឡើងក្នុងគោលបំណងត្រៀមសហការជួយប្រជាពលរដ្ឋនៅតាមព្រំដែន ក្នុងករណីមានគ្រោះមហន្តរាយផ្សេងៗ ៕ យឹម សុថាន


ចែករំលែក៖