ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងស្រីម្នាក់ជិះម៉ូតូត្រូវជនសង្ស័យមិនស្គាល់អត្តសញ្ញាណ២នាក់ ដកកាំភ្លើងភ្ជង់យកម៉ូតូជិះគេចខ្លួនបាត់ស្រមោល

ចែករំលែក៖

ខេត្តកណ្ដាល៖ ក្រុមជនសង្ស័យមិនស្គាល់អត្តសញ្ញាណ២នាក់ ជិះម៉ូតូឌុបគ្នាឃើញក្មេងស្រីម្នាក់កំពុងជិះម៉ូតូ ក៏ស្ទាក់ក្មេងស្រីរងគ្រោះ រួចដកកាំភ្លើងខ្លីមិនស្គាល់ម៉ាកភ្ជង់ ហើយយកម៉ូតូជិះរត់គេចខ្លួនបាត់ស្រមោល ។ ករណីនេះ បានកើតឡើងនៅវេលាម៉ោង១៨ និង៣០នាទី ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចមុខវត្តឈូងលាភ ស្ថិតក្នុងភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ក្មេងស្រីរងគ្រោះឈ្មោះ ផូ វឌ្ឍនា អាយុ១៥ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិព្រែកថី សង្កាត់ការខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ចំណែកជនសង្ស័យមានគ្នា២នាក់ ពុំស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុប្រហែលជាង២០ឆ្នាំ ។ ដោយឡែកសម្ភារៈបាត់បង់មានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០២០ ពណ៍ខ្មៅ កណ្តាល1AG _4640 ។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ ក្មេងស្រីរងគ្រោះបានជិះម៉ូតូរបស់ខ្លួនតាមបណ្ដោយផ្លូវជាតិលេខ២១ លុះជិះមកដល់ចំណុចកើតហេតុ ក៏មានជនសង្ស័យមិនស្គាល់អត្តសញ្ញាណ២នាក់ ជិះម៉ូតូហុងដាឌ្រីម ស៊េរីចាស់ បានមកឈប់ស្ទាក់ម៉ូតូក្មេងស្រីរងគ្រោះឲ្យឈប់ រួចដកកាំភ្លើងខ្លីភ្ជង់គម្រាមក្មេងស្រីរងគ្រោះឲ្យចុះពីលើម៉ូតូប្រគល់សោរមកឲ្យខ្លួន ហើយយកម៉ូតូក្មេងស្រីជិះសំដៅតាមផ្លូវជាតិលេខ២១ ទៅទិសខាងជើងបាត់ទៅ។

ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលក្រុងតាខ្មៅ ចុះមកកន្លែងកើតហេតុ រួចកសាងសំណុំរឿងស្រាវជ្រាវ ដើម្បីកំណត់រកមុខសញ្ញាចាត់ការតាមច្បាប់៕ ស្អាងជ័យ


ចែករំលែក៖