ភ្នំពេញ៖ ជាថ្មីម្តងទៀតអភិបាលខណ្ឌច្បារអំពៅលោកចេង មុនីរ៉ា បានដាក់ចេញនូវផែនការឲ្យកម្លាំងសន្តិសុខត្រូវអនុវត្តជាប្រចាំទៅលើការងាររៀបចំសណ្តាប់ធ្នាប់សាធារណៈគ្រប់ផ្លូវទាំងអស់នៅក្នុងមូលដ្ឋានខណ្ឌជាពិសេសអ្នកលក់លើចិញ្ចើមផ្លូវ រថយន្តតាក់ស៉ីឈប់ចតនៅលើផ្លូវជាតិ លេខ១ហើយរត់ចាប់ម៉ូយប្រសេចប្រសាច ។
ប្រសាសន៍ដាស់តឿនក្រើនរំលឹកដល់កម្លាំងសន្តិសុខប្រចាំខណ្ឌឲ្យពង្រឹងការងារសណ្តាប់ធ្នាប់សាធារណៈនេះបានលើកឡើងនៅគ្រាដែលលោកអភិបាលជួបសំណេះសំណាល និងផ្តល់ថវិកាលើកទឹកចិត្តដល់កម្លាំងសន្តិសុខកាលពីព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ នៅសាលាខណ្ឌច្បារអំពៅ ។
មានមតិសំណេះសំណាល និងផ្តាំផ្ញើដល់កម្លាំងសន្តិសុខ លោកចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌបានណែនាំឲ្យកម្លាំងសន្តិសុខទាំងអស់ត្រូវពង្រឹងការងារចុះរៀបចំសណ្តាប់ធ្នាប់ជាប្រចាំនៅគ្រប់ផ្លូវទាំងអស់ជាពិសេសតំបន់គល់ស្ពានព្រះមុនីវង្ស ផ្លូវជាតិលេខ១ ផ្សារច្បារអំពៅ ផ្លូវ៣៦៩ ។ ពិតណាស់ថាការចុះរៀបចំសណ្តាប់ធ្នាប់នេះបានធ្វើឲ្យប៉ះពាលដល់ផលប្រយោជន៍អ្នកលក់ដូរលើដីចំណីផ្លូវមែន….តែប្រជាពលរដ្ឋភាគច្រើនមានការសាទរដល់កងកម្លាំងសន្តិសុខក៍ដូចជាអាជ្ញាធរខណ្ឌ ដូច្នេះយើងត្រូវអនុវត្តតាមមតិភាគច្រើន ។
លោកអភិបាលខណ្ឌបានបន្តថា យើងនាំគ្នាធ្វើល្អទៅប្រជាពលរដ្ឋលោកសរសើហើយខ្លាចតែយើងមិនធ្វើ ។ មតិភាគតិចណាស់ដែលគេរិះគន់ពេលដែលយើងធ្វើ តែមតិភាគច្រើនណាស់ដែលគេសរសើយើង ដូច្នេះយើងត្រូវតែធ្វើតាមមតិភាគច្រើន ។ ធម្មតាធ្វើអីក៍ខុសដែរ អ្នកលក់លើចិញ្ចើមផ្លូវគាត់មិនសប្បាយនៅពេលដែលយើងរៀបចំសណ្តាប់ធ្នាប់ ប៉ុន្តែប្រជាពលរដ្ឋភាគច្រើនគាត់សប្បាយចិត្តពេលឃើញសណ្តាប់ធ្នាប់មានរបៀបរាបរយ ដូច្នេះចាប់ពីពេលនេះទៅត្រូវរួមគ្នាពង្រឹងការងាររៀបចំសណ្តាប់សាធារណៈបន្ថែមទៀត ៕ សណ្តោស