ភ្នំពេញ៖ ជនសង្ស័យ២នាក់ បានជិះម៉ូតូមួយគ្រឿងមកធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីបុរសជនបរទេសម្នាក់ ដែលកំពុងតែជិះឡំប្រឺតា ប៉ុន្តែមិនបានសម្រេច ដោយសារអ្នកបើកបរឡំប្រឺតាកៀរផ្ដួលទៅនឹងថ្នល់បណ្ដាលឲ្យដួល ភ្លាមនោះជនសង្ស័យទាំង២នាក់នោះ នាំគ្នារត់ចោលម៉ូតូគេចខ្លួនបាត់ស្រមោល ។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៥ និង២០នាទីទៀបភ្លឺ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅខាងមុខសាលាបឋមសិក្សាហ៊ុន នាង តាមបណ្ដោយផ្លូវលេខ២៧១ កែងនឹងផ្លូវលេខ៤៦៤ ក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
តាមប្រភពពីនគរបាលមូលដ្ឋាន បានឲ្យដឹងថា មុនពេលកើតហេតុ គឺជនរងគ្រោះជាបុរសជនជាតិបរទេស បានជិះឡំប្រឺតាមួយគ្រឿង គោលបំណងធ្វើដំណើរចេញទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ លុះធ្វើដំណើរមកដល់ចំណុចកើតហេតុ ស្រាប់តែលេចមុខជនសង្ស័យមានគ្នា២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកយ៉ាម៉ាហាស៊ីរូស ពណ៌កណ្តុរប្រមេះ មកពីខាងក្រោយហើយអែបខាងស្តាំ រួចបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនរងគ្រោះនៅលើឡំប្រឺតាតែមិនបានសម្រេច ។ ភ្លាមនោះក៏ត្រូវបានម្ចាស់ឡំប្រឺតាជិះកៀរម៉ូតូជនសង្ស័យ បណ្តាលឲ្យដួលទៅនឹងថ្នល់ ហើយជនសង្ស័យទាំង២នាក់នោះ ភ័យស្លន់ស្លោក៏នាំគ្នារត់ចោលម៉ូតូរបស់ខ្លួន គេចខ្លួនទៅតាមបណ្ដោយផ្លូវ៤៦៤បាត់ស្រមោលតែម្ដង ដោយបន្សល់ទុកនូវម៉ូតូមួយគ្រឿង រួមទាំងស្បែកជើងចំនួន២គូផងដែរ ។
ក្រោយកើតហេតុជនរងគ្រោះមិនបានដាក់ពាក្យបណ្ដឹងនោះទេ ដោយសាររវល់ប្រញាប់ឡើងទៅព្រលានយន្តហោះខ្លាចមិនទាន់ម៉ោងក៏បន្តដំណើរទៅមុខបាត់ទៅ ។ ចំណែកម៉ូតូជនសង្ស័យ ត្រូវសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ទួលទំពូងទី២ យកមកកាន់នគរបាលប៉ុស្តិ៍ ដើម្បីទុកធ្វើការស្រាវជ្រាវ ស្វែងតាមចាប់ខ្លួនជនសង្ស័យយកមកផ្តន្ទាទោសទៅតាមនីតិវិធីច្បាប់ ៕ស រស្មី