ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោក បានធ្វើការចុះបង្ក្រាបទីតាំងអ៉ិនធឺណេត២៤ម៉ោងមួយកន្លែង ស្ថិតនៅមុខផ្សារដើមគរ ផ្លូវម៉ៅសេទុង សង្កាត់បឹងសាឡាង ខណ្ឌទួលគោក និងធ្វើការឃាត់ខ្លួនមនុស្សចំនួន៤នាក់ ជាអ្នកកត់បុង និងម៉ូតូមួយគ្រឿងរួមទាំងកុំព្យូទ័រមួយចំនួនធំ ។
ប្រតិបត្តិការណ៍នេះ បានធ្វើឡើងកាលពីវេលាម៉ោង៧យប់ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ។
ប្រជាពលរដ្ឋដែលនៅក្បែរបានបង្ហើបថា ទីតាំងខាងលើមិនមានស្លាកយីហោនោះទេ ដោយបើកលេង២៤ម៉ោង លើ២៤ម៉ោងតែម្តង ដោយ មានល្បែងខុសច្បាប់ប្រភេទភ្នាល់បាល់ជាដើម ។
ដោយមានការរាយការណ៍សម្ងាត់ពីប្រជាពលរដ្ឋទើបកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោកដឹកនាំកម្លាំងចុះបង្ក្រាបជាក់ស្តែង និងឃាត់មនុស្សចំនួន៤នាក់ជាអ្នកកត់បុង និងដកហូតម៉ូតូម៉ាកMi O មួយគ្រឿងពណ៍ខ្មៅ គ្មានស្លាកលេខ និងកុំព្យូទ័រជាច្រើនគ្រឿងផងដែរ ។
បច្ចុប្បន្នទីតាំងខាងលើត្រូវបានបិទជាបណ្ណោះអាសន្ន៕ សុខា សែនជ័យ