លោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់ ត្រូវបានមន្ត្រីរាជការក្នុងមន្ទីរកសិកម្មខេត្តពោធិ៍សាត់ បង្ហើបឲ្យដឹងថា ជាមេខ្លោងធំនៅពីក្រោយបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់ចាប់ត្រីក្នុងបឹងទន្លេសាបយ៉ាងមហន្តរាយ ។ មន្ត្រីក្នុងមន្ទីរកសិកម្មខេត្តពោធិ៍សាត់ បានឲ្យដឹងថា ករណីលោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តពោធិ៍សាត់ ដឹកនាំសមត្ថកិច្ចបង្ក្រាបបទល្មើសកាលពីពេលថ្មីៗនេះ គឺបានត្រឹមធ្វើឲ្យល្អមើលប៉ុណ្ណោះ ។ ដោយហេតុថា បច្ចុប្បន្នបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់ទ្រង់ទ្រាយធំកំពុងកើតឡើងយ៉ាងគំហុក ហើយមិនឃើញនលោក ភុំ វិមល មេរដ្ឋបាលជលផលខេត្តពោធិ៍សាត់ ចាត់វិធានការបង្ក្រាបនៅឡើយទេ ។
ប្រភពពីប្រជានេសាទរស់នៅតំបន់បឹងទន្លេសាប នៃស្រុកក្រគរ ស្រុកបាកាន និងស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ បានឲ្យដឹងថា បច្ចុប្បន្នបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់ទ្រង់ទ្រាយធំនៅតែបន្តកើតឡើងយ៉ាងពេញបន្ទុក ព្រោះមន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធបង្ក្រាបតែបទល្មើសតូចតាចប៉ុណ្ណោះ ។ ប្រភពបានឲ្យដឹងទៀតថា កន្លងមកការដឹកនាំបង្ក្រាបបទល្មើសនេសាទពីសំណាក់លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តពោធិ៍សាត់ បានត្រឹមធ្វើឲ្យល្អមើលព្រោះក្រុមជនល្មើសដែលភាគច្រើនជាជនជាតិយួននៅតែអាចប្រើឧបករណ៍ខុសច្បាប់ទ្រង់ទ្រាយធំបំផ្លាញធនធានមច្ឆជាតិ យ៉ាងមហន្តរាយ ។ លើសនេះទៅទៀតលោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់ គឺជាអ្នកឃុបឃិតបើកដៃឲ្យមន្ត្រីរដ្ឋបាលជលផលក្នុងស្រុកកណ្ដៀង ស្រុកក្រគរ និងស្រុកបាកាន ប្រមូលលុយពីក្រុមជនល្មើសប្រើឧបករណ៍ខុសច្បាប់ចែកគ្នាធ្វើមានធ្វើបានយ៉ាងត្រជាក់ចិត្ត ។
ប្រភពពីមន្ត្រីនៅក្នុងមន្ទីរកសិកម្មខេត្តពោធិ៍សាត់ មួយចំនួនបានឲ្យដឹងថា បច្ចុប្បន្នជនជាតិយួនច្រើននាក់នៅតែអាចប្រើប្រាស់ឧបករណ៍ខុសច្បាប់បំផ្លាញត្រីក្នុងបឹងទន្លេសាប នៃខេត្តពោធិ៍សាត់ យ៉ាងអនាធិបតេយ្យ ព្រោះជនល្មើសទាំងនោះបង់លុយឲ្យមន្ត្រីរដ្ឋបាលជលផល និងសមត្ថកិច្ចពាក់ព័ន្ធតាមការកំណត់ ។ ទន្ទឹមនឹងនេះសេចក្ដីរាយការណ៍ពីមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាននៅតំបន់បឹងទន្លេសាប ខេត្តពោធិ៍សាត់ ក៏បានឲ្យដឹងដែរថា ជនជាតិយួនឈ្មោះ អេង ចេង, ឈ្មោះ អេង ថេង, ឈ្មោះ អេង ម៉ៅ និងឈ្មោះ ង្វៀង យ៉ាំងគូ ជាដើមនៅតែអាចប្រើឧបករណ៍ខុសច្បាប់ទ្រង់ទ្រាយធំយ៉ាងគឃ្លើនដោយគ្មានញញើតអ្វីឡើយ ។ ក្រុមជនល្មើសដែលជាជនជាតិយួនបានអួតអាងប្រាប់ប្រជានេសាទខ្មែរ នៅក្នុងតំបន់បឹងទន្លេសាប នៃស្រុកក្រគរ ស្រុកបាកាន និងស្រុកកណ្ដៀង ថាពួកគេបង់លុយតាមការកំណត់ទើបអាចចៀសផុតពីការបង្ក្រាប ។
ប្រភពពីប្រជានេសាទនៅតំបន់បឹងទន្លេសាប នៃស្រុកបាកាន បានឲ្យដឹងថា បច្ចុប្បន្ននេះលោក លឹម សុក្រិត នាយសង្កាត់រដ្ឋបាលជលផលបាកាន ឃុបឃិតឲ្យជនល្មើសប្រើឧបករណ៍ខុសច្បាប់ទ្រង់ទ្រាយធំចាប់ត្រីយ៉ាងរាលដាលដែលសូម្បីតែនៅក្នុងតំបន់អភិរក្ស ក៏កើតមានបទល្មើសយ៉ាងពេញបន្ទុកដែរ ។ ការដែលលោក លឹម សុក្រិត ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានការឃុបឃិតបើកដៃពីសំណាក់លោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់ ដែលមានជំនាញខាងប្រមូលលុយពីបទល្មើសនេសាទ ។ រីឯលោក អេង ជាសាន អគ្គនាយករដ្ឋបាលជលផល និងលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ មិនចាត់វិធានការបង្ក្រាបបទល្មើសនេសាទក្នុងតំបន់បឹងទន្លេសាប នៃខេត្តពោធិ៍សាត់ ប្រកបដោយប្រសិទ្ធភាពឡើយ ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺការដឹកនាំបង្ក្រាបបទល្មើសនេសាទពីសំណាក់លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តពោធិ៍សាត់ ជាបន្តបន្ទាប់កន្លងទៅនេះ គឺបានត្រឹមតែធ្វើឲ្យល្អមើលព្រោះបទល្មើសនៅក្នុងស្រុកក្រគរ ស្រុកបាកាន និងស្រុកកណ្ដៀង ពុំមានការថយចុះនោះទេ៕