នៅក្នុងអត្ថបទវិចារណកថារបស់កាសែត Xinhua ដែលជាកាសែតផ្លូវការរបស់ចិនបានសរសេរថា “ម៉ាកាវគឺជាគម្រូនៃការការពាររដ្ឋធម្មនុញ្ញចិន ព្រមទាំងការបង្រួបបង្រួមដែនដីចិនតែមួយ” ។ កន្លងមកថ្មីប្រធានាធិបតីចិន លោកស៊ី ជីងពីន បានបំពេញទស្សនកិច្ចទៅកាន់ម៉ាកាវគឺជាបង្ហាញពីភាពត្រូវរ៉ូវស្និទស្នាលគ្នារវាងចិនដីគោក នឹងម៉ាកាវ ។ រវាងម៉ាកាវដែលស្តាប់បង្គាប់ និងហុងកុងដែលចចេសរឹងរូស គឺចិនច្បាស់ជាចង់ឃើញហុងកុងដើរតាមគម្រូរបស់ម៉ាកាវហើយ ។
មានផែនការបញ្ជ្រាបមនោគមវិជ្ជារបស់ចិនកុម្មុយនីស្តជាច្រើនដែលគេបានធ្វើនៅម៉ាកាវ ។ តួយ៉ាងកម្មវិធីសិក្សានៅតាមសាលាសៀវភៅប្រវត្តិសាស្ត្រដែលឃោសនាភាពស្មារតីស្នេហាជាតិ ការពាររបបសង្គមនិយមចិន ត្រូវបានគេអនុវត្តនៅម៉ាកាវដើម្បីអប់រំក្មេងជំនាន់ក្រោយឲ្យដើរតាមមាគ៌ាចិនប៉េកាំង ។ តែវិធានការស្រដៀងគ្នានេះគេមិនអាចយកទៅអនុវត្តនៅហុងកុងទេព្រោះប្រជាជនហុងកុងបដិសេធ ។
ចិនមិនមែនចង់ឲ្យតែហុងកុងមួយទេយកគម្រូតាមម៉ាកាវតៃវ៉ាន់ក៏ដូច្នោះដែរ ។ ទស្សនៈនយោបាយ ការចង់បានរបស់គណបក្សកុម្មុយនិស្តចិនគឺដែនដីស្វយ័តទាំងអស់ មិនថាហុងកុងមិនថាតៃវ៉ាន់ គឺជារបស់ចិនហើយត្រូវតែស្តាប់បង្គាប់ចិនជាថ្នូរនឹងស្ថិរភាពការរីកចម្រើនសេដ្ឋកិច្ចដូចនៅម៉ាកាវ ។
តែយ៉ាងណាគម្រូសេដ្ឋកិច្ច និងនយោបាយនៅម៉ាកាវមិនត្រូវបានប្រជាជនហុងកុងឬតៃវ៉ាន់ គេត្រេកត្រអាលជាមួយទេ ។ ប្រជាជនតៃវ៉ាន់ និងហុងកុងសួរខ្លួនគេថាតើសេដ្ឋកិច្ចរីកចម្រើនមានចំណូលដោយសារបនល្បែងលាងលុយក្រខ្វក់មិនស្របច្បាប់ ហើយសុខចិត្តបិទមាត់គ្មានសិទ្ធិសេរីភាពដូចម៉ាកាវរាល់ថ្ងៃនេះតើវាមានន័យអ្វីទៅ? គឺវាគ្មានន័យទេសម្រាប់ពួកគេដែលស្រលាញ់សិទ្ធិសេរីភាពស្រលាញ់ប្រជាធិបតេយ្យ ។
លោកប្រធានាធិបតីចិនស៊ីជីនពីងកាលពីថ្ងៃព្រហស្បតិ៍ ទី១៩ ធ្នូបានសរសើរម៉ាកាវមិនដាច់ពីមាត់ថាមានទឹកចិត្តស្នេហាជាតិ និងបានទប់ស្កាត់នូវរាល់ជម្លោះនយោបាយ ។ ពាក្យសម្តីលើកសរសើរម៉ាកាវរបស់លោកស៊ីនេះត្រូវគេជឿថាធ្វើឡើងដើម្បីជាសារប្រាប់ទៅហុងកុងដែលនៅប៉ុន្មានខែចុងក្រោយនេះធ្លាក់ទៅក្នុងអស្ថិរភាពនយោបាយកើតចេញមកពីចលនាបាតុកម្មប្រជាធិបតេយ្យប្រឆាំងនឹងរដ្ឋាភិបាល
“ការស្រឡាញ់ មាតុភូមិចិនដូចស្រលាញ់ម៉ាកាវដែរបានក្លាយជាគុណតម្លៃស្នូលមួយនៅក្នុងសង្គម” ។ នេះគឺជាការលើកឡើងរបស់លោកប្រធានាធិបតីចិនស៊ីជីនពីងដែលកំពុងស្នាក់នៅលើដែនដីម៉ាកាវដើម្បីរងចាំប្រារព្ធខួប ២០ឆ្នាំ នៃការប្រគល់ម៉ាកាវទៅឲ្យចិនវិញដែលផ្តើមប្រព្រឹត្តធ្វើនៅថ្ងៃសុក្រទី ២០ ធ្នូនេះ ។
ទន្ទឹមគ្នានេះលោកស៊ីក៏មិនបានភ្លេចលើកសរសើរម៉ាកាវខ្លាំងផងដែរត្រង់ចំណុចដែលម៉ាកាវមានចិត្តស្រលាញ់អត្តសញ្ញាណជាតិ និងស្នេហាជាតិខ្លាំងមិនចែងចែកថាចិនឬក៏ម៉ាកាវឡើយ ។ លោកថាតំបន់ស្វយ័តម៉ាកាវហើយ និងប្រជាជនម៉ាកាវទាំងអស់ ចេះរស់នៅប្រកបដោយភាពសុខដុមរមនាក្នុងនាមចិនតែមួយ និងថាពួកគេចេះជ្រើសរើសយកឯកភាព និងទាត់ចោលរាល់ការលូកដៃពីសំណាក់បរទេសខាងក្រៅ ។
ទោះបីជាពាក្យពេចន៍របស់លោកស៊ីជីនពីងខាងលើមិនបានបញ្ចេញឈ្មោះហុងកុងសូម្បីមួយម៉ាត់ យ៉ាងណាក្តីក៏ប៉ុន្តែគេដឹងច្បាស់ថាលោកចង់ផ្ងើសារទាំងនេះទៅដល់ហុងកុង ។ ហុងកុងដែលនៅប៉ុន្មានខែចុងក្រោយនេះបាននឹងកំពុងជួបអស្ថិរភាពនយោបាយដោយសារមានការប្រឆាំងតវ៉ាខ្លាំងពីសំណាក់ក្រុមអ្នកស្រលាញ់លទ្ធិប្រជាធិបតេយ្យ ។
មួយវិញទៀតការលើកឡើងរបស់លោកប្រធានាធិបតីចិនពិតណាស់ ម្យ៉ាងគឺដោយសារលោកចង់ បង្ហាញថាម៉ាកាវគឺជាតំបន់់ជោគជ័យនៃគំរូ “ប្រទេសមួយប្រព័ន្ធពីរ” ដែលហុងកុង និងកោះតៃវ៉ាន់គួរយកតម្រាប់តាម ។ ពីព្រោះថាជាទីក្រុងដែលប្រជាជនច្រើនគឺច្រើនជាង ៧០ ម៉ឺននាក់ តែម៉ាកាវកំពុងរស់នៅយ៉ាងស្ងប់សុខរួមជាមួយភាពរីកចម្រើនខាងផ្នែកសេដ្ឋកិច្ចក្រោមដំបូលចិនតែមួយដឹកនាំដោយបក្សកុម្មុយនិស្តចិន ។
គួរជម្រាបជូនថាដូចកោះហុងកុងដែរម៉ាកាវគឺជាតំបន់ស្វយ័តមួយរបស់ចិនក្រោមស្លាកប្រទេសមួយប្រព័ន្ធពីរ ។ ម៉ាកាវត្រូវប្រទេសព័រទុយហ្កាល់ ប្រគល់មកឲ្យចិនវិញនៅឆ្នាំ ១៩៩៩ ពោលគឺក្រោយចិនទទួលបានហុងកុងពីប្រទេសអង់គ្លេសវិញរយៈពេល ២ ឆ្នាំ ។ មិនខុសគ្នាពីហុងកុងដែរម៉ាកាវមានរូបិយវត្ថុប្រព័ន្ធតុលាការ និងទីផ្សារសេរីប៉ុន្តែម៉ាកាវស្តាប់បង្គាប់ និងដើរតាមការគំរូដឹកនាំរបស់បក្សកុម្មុយនិស្តចិនដែលនេះខុសគ្នាផ្ទុយស្រឡះពីប្រជាពលរដ្ឋហុងកុង-អ្នកសេ្នហាលទ្ធិប្រជាធិបតេយ្យ ដែលមិនព្រមទទួលយកទទួលសោះឡើយនូវប្រព័ន្ធគ្រប់គ្រងរដ្ឋតាមបែបផែនរបស់ចិនប៉េកាំង៕