ព័ត៌មានទាន់ហេតុការណ៍៖

កងរាជអាវុធហត្ថខេត្ត ចុះបង្ក្រាបក្រុមក្មេងទំនើង ដែលបង្កអសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម​

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ កងរាជអាវុធហត្ថខេត្តចុះបង្ក្រាបក្រុមក្មេងទំនើង តាមការស្នើសុំរបស់សាលាក្រុងស្ទឹងត្រែង ដែលតែងតែជិះម៉ូតូប្រើស៊ីម៉ាំងប្រេន រំខានដល់ពលរដ្ឋក្នុងខេត្ត និងធ្វើឲ្យប៉ះពាល់ ដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្ត ឆ្មក់បង្ក្រាបបានម៉ូតូ ចំនួន១០គ្រឿង ក្មេងទំនើង១០នាក់ ៩អ្នកអប់រំ ណែនាំ និងម្នាក់ទៀតចាប់ឃាត់ខ្លួនតាមដីកាតុលាការខេត្ត ពាក់ព័ន្ធចែកចាយ និងប្រើប្រាស់គ្រឿងញៀន ករណីបង្ក្រាបទៅលើក្រុមក្មេងទំនើង១០នាក់ខាងលើនេះ បានធ្វើឡើងនៅយប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតក្នុងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។

លោកអៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តបានឲ្យដឹងថា: ក្នុងចុះប្រតិបត្តិការនេះអាវុធហត្ថបានឃាត់ក្មេងទំនើងចំនួន១០នាក់ ម៉ូតូដាក់ស៊ីម៉ាំងប្រេនៗ១០គ្រឿង ក្នុងនោះមានការចាប់ឃាត់ខ្លួន តាមដីការបស់តុលាការខេត្ត១នាក់ ពាក់ព័ន្ធក្នុងករណីគ្រឿងញៀន មានឈ្មោះថា ច័ន្ទ តយ ភេទប្រុស អាយុ១៧ឆ្នាំ ចាប់តាមដីកាលេខ០២៨ ចុះថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៩ពីបទចែកចាយ និងប្រើប្រាស់ សារធាតុញៀនដោយខុសច្បាប់ ។

លោកមេបញ្ជាការ កងរាជអាវុធហត្ថខេត្តបានបន្តទៀតថា: នេះជាចំណាត់ការរបស់សាលាក្រុងស្ទឹងត្រែង លោកសាយ កុសល់អភិបាលក្រុង បានស្នើឲ្យកម្លាំងអាវុធហត្ថយើង ចុះបង្ក្រាបក្រុមក្មេងទំនើងទាំងនេះ ដែលតែងតែជិះម៉ូតូដាក់ស៊ីម៉ាំងប្រេន ខុសបច្ចេកទេសតាមទំនើងចិត្ត ធ្វើឲ្យខូចសណ្ដាប់ធ្នាប់សង្គម និងបង្កការអុកឡុករំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ធ្វើឲ្យពួគគាត់មានការភ័យខ្លាចជារៀងរាល់យប់ ។

លោកបញ្ចាក់ថា: ក្នុងការបង្ក្រាបក្មេងទំនើងខាងលើនេះ អាវុធហត្ថយើងបានដាក់កម្លាំងពង្រាយតាមគោលដៅ ទើបឈានដល់ការឃាត់ខ្លួនក្មេងទំនើងចំនួន ១០នាក់ និងម៉ូតូ១០គ្រឿងនេះ ។

នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ ក្មេងទំនើងចំនួន ៩នាក់ត្រូវបានសមត្ថកិច្ចអាវុធហត្ថអប់រំ និងឲ្យក្រុមគ្រួសារមកធានាយកត្រឡប់ទៅផ្ទះវិញ ។

ចំណែកជនសង្ស័យម្នាក់ទៀតក្នុងចំណោម១០អ្នកនោះដែរ ត្រូវសមត្ថកិច្ចឃាត់ខ្លួន និងចាប់តាមដីកាពាក់ព័ន្ធក្នុងករណីគ្រឿងញៀន ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការបន្តទៅតាមនីតិវិធី ៕ មាស សុផាត


ចែករំលែក៖