ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចខណ្ឌទួលគោក បានដឹកនាំចុះបង្ក្រាបទីតាំងអ៊ីនធើណេតគ្មានស្លាកយីហោមួយកន្លែងជាក់ស្តែងដែលលួចបង្កប់ល្បែងស៊ីសងប្រភេទស្លុតម៉ាស៊ីន និងឃាត់ខ្លួនបុគ្គលិកស្រី២នាក់ ព្រមទាំងដកហូតវត្ថុតាងជាច្រើន ។
ករណីបង្ក្រាបល្បែងស៊ីសងខាងលើនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចផ្ទះលេខ៤០E0 ផ្លូវលេខ៥៨៦ ក្រុមទី៦៣ ភូមិ១៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ប្រតិបត្តិការនេះ ដឹកនាំដោយកម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌ នគរបាលប៉ុស្តិ៍រដ្ឋបាលបឹងកក់ទី២ និងសហការជាមួយគណៈបញ្ជាការឯកភាពខណ្ឌទួលគោក ដឹកនាំដោយលោក ទៀវ សំអឿន អភិបាលរងខណ្ឌទួលគោក និងក្រោមកិច្ចសម្របសម្រួលពីលោក រៀល សុភិន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយមានការចូលរួមពីលោក ផល សុខរចនា ជាក្រឡាបញ្ជីអមផង បានដឹកនាំក្រុមប្រតិបត្តិការយើងបានចុះបង្ក្រាបជាក់ស្ដែងករណី បទបើកលេងល្បែងស៊ីសងខុសច្បាប់ (ស្លុតម៉ាស៊ីនបង្កប់ល្បែងភ្នាល់ស៊ីសង) ។
នារីសង្ស័យទាំង២នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួននោះ ទី១; ឈ្មោះ ហន ស្រីពៅ ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិក Net ស្នាក់នៅផ្ទះជួលលេខ៤១ ផ្លូវ លេខ១៦៩ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ (ជាភ្នាក់ងារស៊ីសង) និងទី២-ឈ្មោះ រ៉េត សុវណ្ណអាលីហ្សា ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិក Net ស្នាក់នៅផ្ទះលេខ៩EE ផ្លូវលំ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ជាភ្នាក់ងារស៊ីសង) ។
វត្ថុតាងចាប់យកមាន ៖ -ម៉ូនីទ័រចំនួន១៥គ្រឿង , CPUចំនួន១៤គ្រឿង , ឃីប៊តចំនួន១៤, ម៉ៅចំនួន១៤ , ក្បាលកាម៉េរ៉ាសុវត្ថិភាពមួយគ្រឿង , វិញ្ញាបនបត្រអនុញ្ញាតអាជីវកម្ម របស់ឈ្មោះ ស៊ឹម ប៊ុនឡាយ មួយច្បាប់ , ម៉ាស៊ីនគិតលេខ១គ្រឿង និងឯកសារបុងបើកអាខោនចាក់បាល់ស៊ីសងមួយចំនួន ។
ក្រោយពីត្រួតពិនិត្យរួច ក្រុមប្រតិបត្តិការសម្រេចឃាត់នារីទាំង២នាក់ខាងលើ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ចាត់ការតាមផ្លូវច្បាប់ ។ ចំណែកទីតាំងប្រព្រឹត្តបទល្មើសសមត្ថកិច្ចសមត្ថកិច្ចបានបិទសៀលឃ្លុំបេរផ្ទះជាបណ្ដោះអាសន្នរង់ចាំការ សម្រេចជាក្រោយ ។
បច្ចុប្បន្ននារីសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ និងចាត់ការតាមនីតិវិធី ៕ស រស្មី