ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋប្រទះឃើញគ្រាប់ B40 ចំនួន ០៧គ្រាប់ នៅ ស្រុកថ្មពួក

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទះចំនួន៧គ្រាប់ ដែលពលរដ្ឋប្រទះឃើញ និងរាយការណ៍ប្រាប់សមត្ថកិច្ចត្រូវបានប្រគល់ជូនអង្គភាពស៊ីម៉ាក់ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ ដើម្បីយកទៅបំផ្លាញចោល ។ នេះបើយោងតាមការឲ្យដឹងពីលោកវរសេនីយ៍ទោ សៅ សារឿន អធិការនគរបាលស្រុកថ្មពួកបានឲ្យដឹងនៅព្រឹកថ្ងៃទី២៤ខែធ្នូ ឆ្នាំ២០១៩ ។

លោកអធិការបានឲ្យដឹងទៀតថា៖ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ មានប្រជាពលរដ្ឋ ជាម្ចាស់ដី ឈ្មោះ ឈន់ ភារុណ ភេទប្រុសអាយុ៣៦ឆ្នាំ នៅភូមិទ្រាស ឃុំគោកកឋិន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានជួលអេស្ការវេទ័រមួយគ្រឿងដើម្បីធ្វើការជីកស្រះទុកទឹកសម្រាប់ប្រើប្រាស់ក្នុងដីចម្ការមួយកន្លែងចម្ងាយប្រមាណជា២,០០០ម៉ែត្រ ខាងជើងភូមិតាសៀវ ឃុំគោកកឋិន ស្រុកថ្មពួក បានប្រទះគ្រាប់ ប្រភេទB.40 ចំនួន០៧គ្រាប់ និងសាស B.40 ចំនួន១០ ដែលនៅសែសសល់ពីសម័យសង្រ្គាម ហើយបានរាយការណ៍មកកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំគោកកឋិន ដើម្បីរក្សាទុក ។

ដោយពិនិត្យឃើញគ្រាប់ទាំងនោះមានខូចគុណភាព និងមានសភាពចាស់ៗ កម្លាំងនគរបាលប៉ុស្តិ៍បានហ៊ុមព័ទ្ធទីនោះ បណ្តោះអាសន្ន មិនប្រឲ្យមានបងប្អូនប្រជាពលរដ្ឋទៅក្បែរ ក្រែងមានគ្រោះថ្នាក់ ។ លុះនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ បានប្រគល់ជូនអង្គភាពស៊ីម៉ាក់យកទៅធ្វើការបំផ្លាញចោល ៕ វណ្ណា


ចែករំលែក៖