បាតុករហុងកុងបានឡើងគម្រោង ធ្វើមហាបាតុកម្មនៅថ្ងៃបុណ្យណូអែល ចំណែកប៉ូលិសវិញក៏បានឡើងគម្រោងទប់ស្កាត់ ដោយប្រើគ្រប់មធ្យោបាយ ។
លោក Kwok Ka-chuen មន្រ្ដីប៉ូលិសម្នាក់ នៅក្នុងទីក្រុងហុងកុង បានថ្លែង នៅក្នុងសន្និសីទសារព័ត៌មានដ៏ខ្លីមួយ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ថា នៅក្នុងថ្ងៃបុណ្យណូអែលនេះ ប៉ូលិសស៊ើបអង្កេត បានរកឃើញថា ក្រុមបាតុករបានរៀបចំគម្រោង ប្រមូលផ្ដុំគ្នា នៅតាមទីប្រជុំជន ដោយមានទាំងគ្រឿងបំផ្ទុះ ដែលអាចបង្កឲ្យមនុស្សស្លាប់ ។ អាវុធទាំងនោះ រួមមាន កាំភ្លើង និងគ្រាប់បែកជាដើម ហើយអាវុធទាំងនេះ ត្រូវបានប៉ូលិសរកឃើញ នៅក្នុងការបង្រ្កាបកុបកម្ម កាលពីដើមខែនេះ ។
មន្រ្ដីប៉ូលិសដដែល បានបន្ដ ការគំរាមកំហែងដល់សុវត្ថិភាពជាសាធារណៈ អាចនឹងកើតមានឡើង នៅថ្ងៃបុណ្យណូអែល នាថ្ងៃទី២៥ ខែធ្នូ នេះ ខណៈមនុស្សម្នាជាច្រើន អាចនឹងត្រូវចេញទៅខាងក្រៅ ។ ប៉ុន្ដែទោះជាយ៉ាងណា ប៉ូលិសបាន ប្រកាសរៀប ចំការដឹកជញ្ជូន ពិសេស នៅតាមតំបន់ Tsim Sha Tsui តំបន់ Causeway Bay និង Lan Kwai Fong ដែលជាស្រុកមានការមមាញឹកក្នុងការធ្វើដំណើរ ឬទិញអីវ៉ាន់ និងដើរកម្សាន្ដ នាពេលរាត្រី ។
មន្រ្ដីប៉ូលិស បានបន្ដថា ការប្រកាសព្រមានបែបនេះ បានកើតឡើង បន្ទាប់ពីផ្សារទំនើបចំនួន៣ ត្រូវបានក្រុមបាតុករវាយកម្ទេច នៅក្នុងភាពវឹកវរមួយ កាលពីចុងសប្តាហ៍មុន ។ ក្រុមបាតុករ បានបំផ្លាញហាងនានា ខណៈប្រឈមមុខជាមួយនឹងមន្រ្តីប៉ូលិស ។ នៅក្នុងអំពើហិង្សានោះ សមត្ថកិច្ចក៏បានចាប់ខ្លួនបុរសចំនួន៤៦នាក់ និងស្រ្ដីចំនួន៦នាក់ ហើយអ្នកដែលត្រូវបានចាប់ខ្លួននោះ មានអាយុចន្លោះពី១៥-៥៣ឆ្នាំ ។ រីឯការចាប់ខ្លួនពួកគេ កាលពីសប្ដាហ៍មុននោះ ក៏ដោយសារប៉ូលិស មានការសង័្សយ ទៅលើ ពួកគេ ប្រើប្រាស់អាវុធជាតិផ្ទុះខុសច្បាប់ ។
បើយោងតាមរបាយការណ៍របស់ប៉ូលិសហុងកុង បានឲ្យដឹងថា បើគិតចាប់តាំងពីខែមករា រហូតមកដល់ខែវិច្ឆិកា កន្លងមកនេះ មានការឆក់ប្លន់ ចំនួន១៧០ករណី ។ ចំនួននេះ មានការកើនឡើង ២៨ភាគរយ បើប្រៀបធៀបនឹងអំឡុងពេលដូចគ្នា កាលពីឆ្នាំកន្លងទៅ៕