ព័ត៌មានទាន់ហេតុការណ៍៖

មានទំនាស់ក្នុងក្លឹបដេញកាប់គ្នាស្លាប់ម្នាក់ រួចយកគ្រឿងអលង្ការអស់ពីខ្លួន ផ្អើលសមត្ថកិច្ចទាំងយប់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យមួយក្រុមបានធ្វើសកម្មភាពដេញវាយទៅលើជនរងគ្រោះមួយក្រុមទៀត នឹងដុំថ្មបណ្ដាលឲ្យបុរសម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម រួចក្រុមជនសង្ស័យបានដោះយកគ្រឿងអលង្ការរបស់ជនរងគ្រោះអស់ពីខ្លួន ហើយនាំគ្នាគេចខ្លួនបាត់ស្រមោល។ ក្រោមមក សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សបីនាក់ដែលសង្ស័យជាបក្ខពួកយកទៅសាកសួរផងដែរ ។

ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចមុខផ្ទះលេខ៤៦៥ ផ្លូវលេខ១៩៨៨ ខាងក្រោយ ក្លឹបហ្គោល ឡាញ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សពជនរងគ្រោះមានឈ្មោះគីម ឈុនលី ភេទប្រុស អាយុ២៩ ឆ្នាំ មុខរបរអ្នកដឹកឥវាន់តាមអនឡាញ ស្នាក់នៅភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ មានស្រុកកំណើតភូមិព្រែកក្របៅ២ ឃុំព្រែកអំពិល ស្រុខ្សាច់កណ្ដាល ខេត្តកណ្ដាល មានប្រពន្ធ ឈ្មោះជា ដាលីន អាយុ ២១ ឆ្នាំ មុខរបរធ្វើការរោងចក្រ ស្នាក់នៅផ្ទះជួល ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ​។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញបក្ខពួកជនសង្ស័យមួយក្រុមមានគ្នាជាច្រើននាក់ និងជនរងគ្រោះមានគ្នាប្រមាណជា៨នាក់ បានឈ្លោះប្រកែកគ្នានៅក្នុង ក្លឹបហ្គោល ឡាញ ដោយមិនដឹងថា មានរឿងអ្វីនោះទេ បន្ទាប់មកក៏កើតជាជម្លោះដាក់គ្នារវាងជនសង្ស័យ និងជនរងគ្រោះរួចកើតជាហិង្សាបក្ខពួកជនសង្ស័យបានដេញវាយបក្ខពួកជនបក្ខពួករងគ្រោះដល់កន្លែងកើតហេតុខាងលើ បណ្ដាលឲ្យស្លាប់ម្នាក់ហើយក្រុមជនសង្ស័យបានដោះយកគ្រឿងអលង្ការនៅជាប់ខ្លួនជនរងគ្រោះអស់ពីខ្លួន រួចមកបក្ខពួកជនសង្ស័យបាននាំគ្នារត់គេចខ្លួនបាត់ស្រមោល ។

តាមប្រភពពីប្រពន្ធជនរងគ្រោះបានប្រាប់ឲ្យដឹងថា គ្រឿងអលង្ការដែរនៅជាប់នឹងខ្លួនប្ដីរបស់គាត់ដែលបាត់នោះមាន ខ្សែកមាសមួយដំឡឹង ចិញ្ចៀនផ្លាកទីន ៥ ជី និងនាឡិកាដៃមួយគ្រឿង ។

បន្ទាប់មកក៏មានការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុធ្វើការឃាត់ខ្លួនមនុស្សបីនាក់ដែលសង្ស័យជាបក្ខពួករបស់ក្រុមជនដៃដល់យកទៅសួរនាំ ។

ក្រោយហេតុការណ៍សមត្ថកិច្ចបានទំនាក់ទំនងទៅខាងផ្នែកជំនាញចុះមកដល់កន្លែងកើតហេតុរួចហ៊ុមព័ទ្ធនៅនឹងកន្លែងកើតហេតុ ។ បន្ទាប់មកកម្លាំងជំនាញបានធ្វើកោសល្យវិច្ច័យទៅលើសពជនរងគ្រោះមានស្នាបបែកក្បាលផ្នែកខាងក្រោយ និងសៀបកាដែលជនសង្ស័យវាយ នឹងដុំថ្មពិតប្រាដកមែន ។ រួចបានប្រគល់សាកសពឲ្យសាច់ញាតិយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី ។

ចំណែកមនុស្សបីនាក់ដែលត្រូវសមត្ថកិច្ចគាត់ខ្លួនកំពុងតែសួរនាំបន្តនៅអធិការដ្ឋានគរបាលខណ្ឌសែនសុខ៕ ចន្ទ លីហ្សា


ចែករំលែក៖