ភ្នំពេញ៖ ទីបំផុតព្រឹត្តិការណ៍ភាពយន្តប្រចាំឆ្នាំ Movie Of The Year 2019 ដែលរៀបចំធ្វើដោយរោងភាពយន្តលេជេន បានបញ្ចប់ដោយជោគជ័យ និងស្វែងរកឃើញជ័យលាភីភាពយន្ត និងតារាសម្តែងឆ្នើមប្រចាំឆ្នាំ២០១៩ហើយ ។ កម្មវិធីនេះត្រូវបានរៀបចំឡើងកាលពីរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩នេះ នៅរោងភាពយន្ត Legend Eden ក្រោមវត្តមានមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សិល្បករ ផលិតករ ជាច្រើនចូលរួម ។
ភាពយន្តឆ្នើមបានធ្លាក់ទៅលើរឿង ស្នេហាក្មេងៗ របស់ផលិតកម្មកងចក្រ ខណៈតារាសម្តែងប្រុសឆ្នើមបានទៅលើលោករ៉ុង សុភាដេវីដ ក្នុងភាពយន្តដដែលនេះ ។ តារាសម្តែងស្រីឆ្នើមប្រចាំឆ្នាំបានទៅលើតារាសម្តែងស្រី យ៉ែម ស្រីពេជ្រ ដែលចូលរួមសម្តែងក្នុងភាពយន្តរឿង នាឡិការដាស់វិញ្ញាណ របស់ផលិតកម្ម LD Picture ។
យ៉ែម ស្រីពេជ្រ បានថ្លែងទាំងរំភើបខ្លាំងដោយទទួលបានពានរង្វាន់ឆ្នើមមួយចារឈ្មោះនាងនៅលើពាន ដែលជាក្តីស្រមៃរបស់នាងជាយូណាស់មកហើយ ។ នាងថានេះបានឆ្លុះបញ្ចាំងពីការខិតខំក្នុងការងារសិល្បៈអស់រយៈពេល៤ឆ្នាំនេះ ។ នាងក៏អរគុណដល់រោងភាពយន្ត លេជេន ដែលបានបង្កើតកម្មវិធីមួយនេះ និងអរគុណអ្នកគាំទ្រ ផលិតករ សិល្បកររៀមច្បង ដែលបានជំរុញលើកទឹកចិត្តនាងកន្លងមក ។
លោក លៀក លីដា អ្នកគ្រប់គ្រងទូទៅរបស់ផលិតកម្ម LD Picture បានលើកឡើងថា ជាមោទនភាពដែលផលិតកម្មលោកបានជាប់បេក្ខភាពភាពយន្តឆ្នើមរហូតដល់៥ ក្នុងចំណោមភាពយន្តទាំង១០ ដែលផលិតដោយផលិតកម្មក្នុងស្រុក ។ លោកថាកម្មវិធីភាពយន្តប្រចាំឆ្នាំ នេះបានចូលរួមលើកកម្ពស់គុណភាព ស្នាដៃផលិត របស់ផលិតករខ្មែរ និងជំរុញឲ្យមានការខិតខំប្រឹងប្រែងបន្ថែមទៀតសម្រាប់ការផលិតភាពយន្តបន្តបន្ទាប់ទៀតផងដែរ ។
លោក ព្រំ បញ្ញាវ័ន្ត តំណាងភាពយន្តលេជេន បានលើកឡើងថា នេះគឺជាលើកទី៤ហើយដែល លេជេន បង្កើតព្រឹត្តិការណ៍ភាពយន្តប្រចាំឆ្នាំដូចគ្នានេះឡើង ។ លោកថាគោលបំណងនៃការបង្កើតកម្មវីធីនេះ ដើម្បីចូលរួមចំណែកជួយលើកកម្ពស់ភាពយន្តខ្មែរ ក៏ដូចជាគាំទ្រលើកទឹកចិត្តដល់សិល្បករខ្មែរផងដែរ ។ លោកបន្តថា នៅឆ្នាំ២០២០ខាងមុខ លេជេន និងបន្តពង្រីកបន្ថែមនូវរោងភាពយន្តថ្មីឲ្យបានរហូតដល់១៣ ឬ១៤រោង ដែលជាការពង្រីកទីផ្សារភាពយន្តជូនដល់សិល្បករផលិតករ និងផ្តល់ជម្រើសកាន់តែងាយស្រួសដល់អ្នកគាំទ្ររោងភាពយន្តលេជេន ។ លោករំពឹងថាព្រឹត្តិការណ៍នេះ និងកើតមាននៅឆ្នាំក្រោយបន្តទៀតដើម្បីចូលរួមចំណែកជួយដល់វិស័យភាពយន្តក្នុងស្រុក៕ វឌ្ឍនា