ព័ត៌មានទាន់ហេតុការណ៍៖

សាលាបឋមសិក្សានៅភ្នំពេញ និងខេត្តកណ្តាលត្រូវបានទទួលស្គាល់ជាសាលាគំរូក្នុងកម្មវិធីអប់រំចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់សិស្ស

ចែករំលែក៖

ភ្នំពេញ ៖ សាលាបឋមសិក្សាចំនួន ៣ ក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល ត្រូវបានទទួលស្គាល់ជាសាលាគំរូ ដោយមានស្នាដៃដ៏ល្អក្នុងការបង្រៀនជំនាញចំណេះដឹងហិរញ្ញវត្ថុមូលដ្ឋានដល់សិស្សរបស់ខ្លួន តាមរយៈការអនុវត្តកម្មវិធី ឆា-ឈីង (Cha-Ching Money Smart Kids) រៀបចំឡើងដោយ ក្រុមហ៊ុនព្រូដិនសលកម្ពុជា និងមូលនិធិព្រូដិនស៍ ដែលជាដៃគូអភិវឌ្ឍន៍សហគមន៍របស់ក្រុមហ៊ុនព្រូដិនសល ក្នុងទ្វីបអាស៊ី និងអាហ្វ្រិក។

ពិធីអបអរសាទរសាលារៀនជ័យលាភីដែលបានរៀបចំឡើងនៅមជ្ឈមណ្ឌល ដាយកូនៀ (Diakonia Center) កាលពីថ្ងៃទី ២៣ ខែធ្នូ នេះមានការចូលរួមពីមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា នាយក-នាយិកាសាលា និងលោកគ្រូ អ្នកគ្រូព្រមទាំងអ្នកតំណាងក្រុមហ៊ុនព្រូដិនសលកម្ពុជា និងមូលនិធិព្រូដិនស៍ និងអ្នកតំណាង អង្គការមូលនិធិសិទ្ធិកុមារ។ សាលារៀនចំនួន ៣ ត្រូវបានជ្រើសរើស និងទទួលស្គាល់ដោយមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ដោយផ្អែកលើអត្ថប្រយោជន៍ និងការគាំទ្រដល់សិស្សរបស់ខ្លូនដែលទទួលបានតាមរយៈការអនុវត្តកម្មវិធី ឆា-ឈីង ដើម្បីជួយអភិវឌ្ឍជំនាញចំណេះដឹងផ្នែកហិរញ្ញវត្ថុរបស់ពួកគេបន្ថែមទៀត។

កម្មវិធី ឆា-ឈីង «Cha-Ching Money Smart Kids» គឺជាកម្មវិធីអប់រំហិរញ្ញវត្ថុដែលទទួលបានពានរង្វាន់ និងជាកម្មវិធីដែលបង្រៀនក្មេងៗ អំពីជំនាញជាមូលដ្ឋាននៃការគ្រប់គ្រងសាច់ប្រាក់។ កម្មវិធីនេះ មានតួអង្គជាគំនូជីវចលចំនួន៦នាក់ ក្នុងក្រុមតន្ត្រីមួយដែលផ្សព្វផ្សាយពីមូលដ្ឋានគ្រឹះហិរញ្ញវត្ថុចំនួន៤ រួមមាន ការរកលុយ ការសន្សំ ការចំណាយ និងការបរិច្ចាគ តាមរយៈបទចម្រៀងដ៏គួរឱ្យចាប់អារម្មណ៍ជាច្រើនបទ។កម្មវិធី ឆា-ឈីង ផ្តល់នូវសម្ភារៈសិក្សា និងអនុវត្តដល់ លោកគ្រូ អ្នកគ្រូ និងឪពុក ម្តាយ ដើម្បីជួយបង្រៀន សិស្សានុសិស្ស កូនៗរបស់ពួកគេឱ្យចេះអំពីរបៀបចំណាយថវិកា។ កម្មវិធីនេះក៏ត្រូវបានណែនាំដល់សាលារៀនជាច្រើនផ្សេងទៀតតាមរយៈ កម្មវិធីអប់រំដែលមានបុគ្គលិកស្ម័គ្រចិត្តមកពីក្រុមហ៊ុនព្រូដិនសលកម្ពុជា ចូលរួមដោយផ្ទាល់ជាមួយនិស្សិតដែលជារឿយៗ មានការស្លៀកពាក់សំលៀកបំពាក់ជាតួអង្គគំនូរជីវចល ឆា-ឈីង ផងដែរ។

លោកស្រី ស៊ាង លក្ខិណា ប្រធានត្រួតពិនិត្យជាន់ខ្ពស់ផ្នែកការងារអភិវឌ្ឍន៍សហគមន៍ និងការឧបត្ថម្ភ នៃក្រុមហ៊ុនព្រូដិនសលកម្ពុជា បានមានប្រសាសន៍ថា ៖ «យើងមានមោទនភាពក្រៃលែងចំពោះកម្មវិធី ឆា-ឈីង និងការឆ្លើយតបជាវិជ្ជមាន និងការសាទរពីសិស្សានុសិស្ស ឪពុកម្តាយ និងលោកគ្រូ អ្នកគ្រូ។ យើងក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រពី ក្រសួងអប់រំយុវជននិងកីឡា ក្នុងការដាក់ឱ្យដំណើការកម្មវិធីនេះនៅតាមសាលារដ្ឋក្នុងព្រះរាជាណាចក្រកម្ពុជា។ ពួកគេបានចូលរួមចែករំលែកទស្សនៈជាមួយពួកយើងថា ចំណេះដឹងអក្ខរកម្មហិរញ្ញវត្ថុ និងជំនាញនៃការគ្រប់គ្រងថវិកា គឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់កុមារនៅថ្នាក់បឋមសិក្សា និងអាចផ្ដល់អនាគតដ៏រុងរឿងមួយដល់ពួកគេ នៅពេលដែលពួកគេរកចំណូល ចំណាយ សន្សំ និង បរិច្ចាគ ហើយជំនាញទាំងនេះចូលរួមចំណែកធ្វើឱ្យកាន់តែប្រសើឡើងដល់សុខុមាលភាពការរស់នៅរបស់ពួកគេ និងក៏ជំរុញការអភិវឌ្ឍរបស់ប្រទេសកម្ពុជាផងដែរ។

លោក សឹង ឈុន អនុប្រធានការិយាល័យអប់រំខណ្ឌច្បារអំពៅ និងជាគណៈកម្មការវិនិច្ឆ័យនៃកម្មវិធី ឆា-ឈីង បានមានប្រសាសន៍ថា៖ «ដោយសារតែមានការប្រែប្រួលឥរិយាបទ (ក្នុងការគ្រប់គ្រងប្រាក់) ខ្ញុំចង់ឱ្យមានការពង្រីកកម្មវិធីនេះនៅទូទាំងប្រទេស ដូច្នេះហើយខ្ញុំសូមសំណូមពរ ដល់ក្រសួងអប់រំ និងដៃគូរជួយគាំទ្រកម្មវិធីនេះបន្តទៀត។» មូលនិធិព្រូដិនស៍ និងក្រុមហ៊ុនព្រូដិនសលកម្ពុជា មានគោលបំណងពង្រីកការអនុវត្តកម្មវិធី ឆា-ឈីងរយៈពេល២ ឆ្នាំខាងមុខទៀត នៅតាមសាលារៀនចំនួន១៥០ ក្នុងខេត្តចំនួន ៣ នៃប្រទេសកម្ពុជា៕​ វឌ្ឍនា


ចែករំលែក៖