ចិនជាប្រទេសមានពលរដ្ឋច្រើន ហើយតម្រូវការធ្វើដំណើរ រាប់ពាន់លាននាក់ក្នុងមួយឆ្នាំ ពិសេសគឺរដូវបុណ្យចូលឆ្នាំចិន ។ សេដ្ឋកិច្ចចិនរីកចម្រើន ពលរដ្ឋធ្វើដំណើរក៏កាន់តែច្រើនផងដែរ ។
ដើម្បីបំពេញសេវាកម្មដឹកជញ្ជូននៅក្នុងស្រុកកាន់តែប្រសើរឡើងនោះ នៅក្នុងឆ្នាំ២០១៩នេះ រដ្ឋាភិបាលចិន បានបង្កើនការសាងសង់ផ្លូវរថភ្លើងបន្ថែម ប្រវែង៨ពាន់គីឡីម៉ែត្រ ក្រោមការវិនិយោគនូវទឹកប្រាក់ប្រហែល ៤៥៧,៥ពាន់លានដុល្លារអាមេរិក។
មន្រ្ដីក្រសួងដឹកជញ្ជូនចិន (MOT) បានថ្លែង កាលពីថ្ងៃទី២៦ ខែធ្នូ ថា នៅឆ្នាំ២០១៩នេះ ចិនបាន និងកំពុងសាងសង់ផ្លូវដែកបន្ថែម ប្រវែង៨ពាន់គីឡូម៉ែត្រ។ រីឯការវិនិយោគលើវិស័យដឹកជញ្ជូនតាមផ្លូវដែក នៅឆ្នាំនេះ ចិនបានចំណាយថវិកាវិនិយោគ ប្រហែល៣,២លានលានយន់ ឬស្មើនឹងប្រហែល៤៥៧,៥ពាន់លានដុល្លារអាមេរិក។
មន្រ្ដីក្រសួងដឹកជញ្ជូន បានបន្ដថា នៅក្នុងឆ្នាំនេះចិន បាន និងកំពុងកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើន រួមមាន ផ្លូវដែក និងអាកាសយានដ្ឋានស៊ីវិលថ្មី ចំនួន៥កន្លែង។ ដោយឡែកផ្លូវដែកវិញ បើគិតរហូតមកដល់ពេលនេះ ចិនសាងសង់បានប្រវែង៣៣០ ០០០គីឡូម៉ែត្រ។ ក្រៅពីនេះ ចិនបាននិងកំពុងសាងសង់ផ្លូវជាតិថ្មីៗទៅកាន់តំបន់ជនបទ បានប្រវែង២៩០ ០០០គីឡូម៉ែត្របន្ថែមទៀត។ ផ្លូវទាំងនេះ បានឆ្លងកាត់ភូមិប្រហែជាង៩៤០០០ សម្រាប់ងាយស្រួលដល់ប្រជាពលរដ្ឋធ្វើដំណើរ៕