ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិចិន២នាក់ចូលក្នុងរោងម៉ាស៊ីនគេ បម្រុងលួចទ្រព្យសម្បត្ដិ ម្ចាស់រោងម៉ាស៊ីនឃើញទាន់ ស្រែកឆោឡោផ្អើលដល់ប្រជាពលរដ្ឋជិតខាងចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច

ចែករំលែក៖

ខេត្តកណ្ដាល៖ ជនសង្ស័យជនជាតិចិន២នាក់ បាននាំគ្នាជិះម៉ូតូឌុបគ្នា មករោងម៉ាស៊ីនកិនស្រូវមួយកន្លែង រួចលួចចូលក្នុងបន្ទប់គេងរបស់គេ ឆ្លៀតពេលម្ចាស់មិននៅបម្រុងលួចទ្រព្យសម្បត្ដិ ចៃដន្យជនរងគ្រោះជាម្ចាស់ម៉ាស៊ីនមកទាន់ ក៏ស្រែកផ្អើលឆោឡោរដល់ប្រជាពលរដ្ឋជិតខាងជួយអន្ដរាគមន៍ចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចចាត់ការ ។ ករណីនេះ កើតឡើងនៅវេលាម៉ោង១៤និង២៤នាទី ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ ត្រង់ចំណុចរោងម៉ាស៊ីនកិនស្រូវ ហ៊ុន ជុងហេង ស្ថិតក្នុងភូមិព្រែករការ ឃុំព្រែករការ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល ។

មន្រ្ដីនគរបាលស្រុកកណ្ដាលស្ទឹងបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនបានមានគ្នា២នាក់ ទី១.ឈ្មោះ Sun ming lin ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិចិន និងទី២.ឈ្មោះ Long chang ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិន ។ ជនសង្ស័យទាំង២នាក់ បច្ចុប្បន្នស្នាក់នៅផ្ទះសំណាក់យីហោZhe shang រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះឈ្មោះ ញឹប ស៊ីថា ភេទស្រី អាយុ ៣៤ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុខាងលើ ។ចំណែកវត្ថុតាងដកហូតបានមាន៖ ម៉ូតូមួយគ្រឿងម៉ាកហ្ស៊ូគីវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1FE- 2379 ,ទូរស័ព្ទដៃ២គ្រឿង ,ម៉ាក iPhone x ពណ៌ខ្មៅ១គ្រឿង ,ម៉ាក iQOO ពណ៌ខ្មៅ១គ្រឿង ,នាឡិកាដៃ១ ,កូនសោ២គ្រាប់ ,បង្កាន់ដៃទិញលក់ ម៉ូតូមួយសន្លឹក ,ប្រាក់ដុល្លារចំនួន២៥០ដុល្លារ និងប្រាក់រៀល ចំនួន២០,០០០រៀល ។

ប្រភពដដែលបន្ដថា នៅថ្ងៃកើតហេតុ វេលាម៉ោង១៤និង២៤នាទី ជនសង្ស័យជាជនជាតិចិន២នាក់ បានជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយហ្ស៊ូគីវីវ៉ា ពណ៌ខ្មៅមួយគ្រឿង មកឈប់នៅមុខរោងម៉ាស៊ីនស្រូវរបស់ជនរងគ្រោះ រួចដើរចូលក្នុងរោងម៉ាស៊ីន ហើយជនសង្ស័យឈ្មោះ Long chang បានដើរចូលទៅក្នុងរោងម៉ាស៊ីនកិនស្រូវដល់ចំនុចមុខបន្ទប់ ស្រាប់តែជនរងគ្រោះបានចេញមកសួរនាំថាមករកអ្វី ភ្លាមនោះជនសង្សយ័បានចង្អុលទៅកន្លែងម៉ាស៊ីនកិនស្រូវ និងចង្អុលទៅគំនរប៉ាវអង្ករ ហើយជនរងគ្រោះ បាននាំជនសង្ស័យទៅកន្លែងបាវអង្ករចំងាយពីបន្ទប់ដេករបស់ជនរងគ្រោះប្រហែល២០ម៉ែត្រ ពេលនោះជនសង្សយ័ម្នាក់ទៀតឈ្មោះ Sun min lin ក៏បានដើរចូលទៅក្នុបន្ទប់ដេករបស់ជនរងគ្រោះ ហើយរើកកាយទូដាក់ខោអាវ ខណៈនោះប្តីរបស់ជនរងគ្រោះ យឹម ប៊ុនធឿនបានជិះម៉ូតូពីឃ្លាំងស្រូវខាងក្រោយ ឃើញជនសង្ស័យកំពុងរើកកាយ ក៏បានស្រែកសួថា ហ្អែងចូលផ្ទះអញធ្វើអី ភ្លាមនោះជនសង្សយ័ឈ្មោះ long chang បានរត់ពីរោងម៉ាស៊ីនខាងក្រោយ សំដៅមកកន្លែងដាក់ម៉ូតូ រួចបំរ៉ុងឡើងជិះម៉ូតូរត់គេចខ្លួន តែត្រូវប្តីរបស់ជនរងគ្រោះធាក់ម៉ូតូដួល ហើយស្រែកឆោឡោថា ចោរ ឮដល់ប្រជាពលរដ្ឋជិតខាង នាំគ្នាជួយស្ទាក់ចាប់ខ្លួន រួចប្រគល់ឲ្យសមត្ថកិច្ចចាត់ការ ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ចនគរបាលជំនាញកសាងសំណុំរឿង បញ្ជូនមកស្នងការដ្ឋានននគរបាលស្រុក ដើម្បីចាត់ការបន្ដតាមច្បាប់ ៕ ស្អាងជ័យ


ចែករំលែក៖