ខេត្តកំពង់ចាម៖ យោងហោចណាស់មនុស្សចាស់ក្មេង៥នាក់ បានរងរបួសធ្ងន់ ក្នុងនោះមានក្មេងតូចៗ២នាក់ ខណៈដែលមន្រ្តីយោធាម្នាក់ភូមិភាគ២ បានបើករថយន្តឡើងពីទូកដរ នៅកំពង់ចម្លងព្រែកពោធិ៍ ស្រាប់តែអ្នកបើករថយន្ត ច្រឡំដាក់លេខថយក្រោយរួចជាន់ហ្គែរខ្លាំងជ្រុលទៅបុកទាំងកំរោល កាលពីល្ងាចថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។
យោងតាមរបាយការណ៍របស់អធិការនគរបាលស្រុកស្រីសន្ធរ លោក សុខ យ៉េន បានដឹងនៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩នេះថា គ្រោះថ្នាក់នេះបង្កដោយរថយន្ដឡិចស៊ីស RX-330 អ្នកបើកបរ ឈ្មោះ ទួន អាន អាយុ៤៨ឆ្នាំ នៅភូមិថ្លុកជ្រៅ ឃុំខ្ចៅ ស្រុកកងមាស ខេត្តកំពង់ចាម ជាមន្រ្តីយោធា នៅភូមិភាគ២ បានរអិលចុះពីកំពង់ដរព្រែកពោធិ៍ បណ្ដាលបុក និងគៀបមនុស្សរងរបួស ៥នាក់ ក្នុងនោះមានក្មេងតូច២នាក់ ព្រមទាំងម្ចាស់ទូកដរផងដែរ ។
លោកអធិការបន្តថា បានបញ្ជាក់ថា ជនរងគ្រោះដែលរងគ្រោះរួមមាន៖ អ្នកធ្វើដំណើរ និងតៃកុងទូកសរុបចំនួន ៥នាក់ ទី១ ៖ ឈ្មោះ ឈិន គឹមស្រ៊ាង ភេទប្រុសអាយុ៣៩ឆ្នាំ នៅភូមិស្វាយកណ្ដាល ឃុំស្វាយខ្សាច់ភ្នំ ;ទី២ ៖ ឈ្មោះ ហួត លាងហុង ភេទប្រុស អាយុ២ឆ្នាំ នៅភូមិប្រថ្នល់ ឃុំព្រែកពោធិ៍ ;ទី៣ ៖ ឈ្មោះ ហួត លាងហួរ ភេទប្រុស អាយុ៥ឆ្នាំ នៅភូមិប្រថ្នល់ ឃុំព្រែកពោធិ៍ ;ទី៤ ៖ ឈ្មោះ សាំង រីម ភេទស្រី អាយុ៥២ឆ្នាំ នៅភូមិតាគាត់ឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ;ទី៥ ៖ ឈ្មោះ ចាន់ អេង ភេទស្រី អាយុ៥៥ឆ្នាំ នៅភូមិប្រថ្នល់ ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ។ បច្ចុប្បន្នជនរងគ្រោះម្នាក់ កំពុងតែសម្រាកនៅមន្ទីរពេទ្យស្រុកស្រីសន្ធរ និង ៤នាក់ទៀតត្រូវបញ្ជូនទៅភ្នំពេញ ។
បើតាមសម្តីប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា អ្នកបើករថយន្តជាមន្រ្តីយោធាពាក់ស័ក្តិ៣ បានបើកឡើងច្រាំងមិនរួច ក៏រអិលធ្លាក់មកវិញ ធ្វើឲ្យគាបជាប់មនុស្ស បំណងឆ្លងទូកដរទៅឡើងផ្ទះនៅភូមិព្រែកដំបូក ។
ក្រោយកើតហេតុមន្រ្តីយោធារូបនេះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាបណ្តោះអាសន្ន ដើម្បីដោះស្រាយ និងបញ្ជូនសំណុំរឿងទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ចាត់ការបន្តទៀត ខណៈជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យ ៕ សតារា