ខេត្តបាត់ដំបង ៖ នារីរងគ្រោះម្នាក់ ដែលមានអាយុជាង២០ឆ្នាំ ត្រូវបានអ្នកភូមិ ប្រទះឃើញដេកស្លាប់នៅវាលស្រែទាំងអាក្រាតកាយ ដែលទិដ្ឋភាពនេះ គឺជារឿងសោកសង្រេងជាទីបំផុត ដែលបញ្ហានេះ ត្រូវបានប្រភពជាច្រើនបានសន្និដ្ឋានថា អាចពាក់ព័ន្ធនឹងរឿងស្នេហា ដោយនាងត្រូវឃាតកសម្លាប់ ក្រោយពេលបានសម្រេច ។
ហេតុការណ៍ដែលធ្វើឲ្យមានការភ្ញាក់ផ្អើល និងមានមនុស្សរាប់រយនាក់ បានសម្រុកចូលទៅមើលនេះបានកើតឡើងនៅវេលាម៉ោងជិត១០ព្រឹក ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅ ចំណុចវាលល្ហល្ហេវមួយកន្លែងចំពីក្រោយផ្សារទំនើបភូពុយ ស្ថិតនៅក្នុងភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ខណ:ពេលនោះដែរ គេសង្កេតឃើញថា មានកម្លាំងជំនាញបច្ចេកទេស ជាកម្លាំងព្រហ្មទណ្ឌកម្រិតធ្ងន់/ ស្រាលកម្លាំងអធិការក្រុង និងកម្លាំងកងរាជអាវុធហត្ថក្រុង/ខេត្ត ចុះទៅពិនិត្យដល់ទីតាំងកើតហេតុ។
នៅទីនោះដែរ ក៏មានសពនារីវ័យក្មេងម្នាក់ ដែលទំនងជាមានអាយុជាង២០ឆ្នាំ បានដេកផ្កាប់មុខអាក្រាតកាយ ដោយនៅជាប់នឹងខ្លួនមានតែអាវទ្រនាប់ ពណ៌ស ១ប៉ុណ្ណោះ ដោយឡែកនៅចុងជើងនៃសព ក៏មានបន្សល់នូវខោលីអូ ពណ៌ត្រួយចេក ដែលគេស្រាតចេញពីរាងកាយ ដោយដាក់នៅក្បែរស្បែកជើងកែងចោតមួយសម្រាប់ ដោយឡែកសម្លៀកបំពាក់ខាងក្រៅ គឺមិនមាននៅកន្លែងកើតហេតុនោះឡើយ ចំណែកនៅត្រង់.ក មានខ្សែអង្រឹងមួយខ្សែ ដែលឃាតកបានចងរឹតបំពង់.ក ទៅខាងក្រោយ ដើម្បីសម្លាប់។
បើតាមការបំភ្លឺពីស្ត្រីម្នាក់ ដែលជាកម្មករសាងសង់នៅក្បែរកន្លែងកើតហេតុ គឺបានរៀបរាប់ថា កាលពីវេលាម៉ោងប្រមាណ៩និង៣០នាទីយប់ ថ្ងៃទី២៩ គេបានឃើញមនុស្សប្រុស/ស្រី ២នាក់ បានឌុបម៉ូតូគ្នា មកអង្គុយលេងនៅត្រង់ចំណុចកើតហេតុ ដែលគេសន្និដ្ឋានបានថា ពួកគេទាំង២អាចមានការរួមភេទជាមួយគ្នាថែមទៀតផង។
ប្រភពដដែលបានបន្តទៀតថា លុះមួយសន្ទុះក្រោយមក ក៏ស្រាប់តែឮសំឡេងឈ្លោះប្រកែកគ្នា ហើយទំនងជាខាងស្រីវាយ បានជាមានសំឡេងខាងប្រុសស្រែក ប៉ុន្តែមិនយូរប៉ុន្មាន ក៏ស្រាប់តែមានរថយន្តមួយគ្រឿង មិនស្គាល់ម៉ាក ដោយមានក្រុមយុវវ័យប្រមាណ៣នាក់ បានមកដល់ រួចក៏ស្ងាត់ត្រឹមនឹងតែម្តងទៅ។
លុះនៅវេលាម៉ោង១០ព្រឹក មានកម្មករសំណង់មួយក្រុម បានមើលពីចម្ងាយទៅឃើញមានរថយន្ត១ គ្រឿង ម៉ាក RX 300 ពណ៌ខ្មៅ ១គ្រឿង បានបើកកាត់តាមចំណុចកើតហេតុ ដោយរថយន្តនោះមានការបង្អង់ល្បឿន នៅទីនោះផង រួចក៏បើកចេញទៅទិសខាងជើងបាត់ទៅ លុះពេលដែលកម្មករសំណង់ម្នាក់ ជិះម៉ូតូទៅផ្សារភូពុយដើម្បីទិញម្ហូប ដោយបានជិះកាត់តាមនឹងក៏បានប្រទះឃើញសពនារីរងគ្រោះទើបមានការឆោឡោឡើងតែម្តង។
បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចកំពុងដុតដៃ ដុតជើង ដើម្បីស្វែងរកមុខសញ្ញាឃាតកយកមកផ្ដន្ទាទោសតាមច្បាប់។ ចំណែកអត្តសញ្ញាណសព គឺនៅមិនទាន់មាននរណាម្នាក់បានស្គាល់ឡើយ ៕ ស សារ៉េត