ព័ត៌មានទាន់ហេតុការណ៍៖

នារីម្នាក់ត្រូវបានជនមិនស្គាល់មុខរំលោភ សម្លាប់កណ្តាល​វាល

ចែករំលែក៖

ខេត្តបាត់ដំបង ៖ នារី​រងគ្រោះ​ម្នាក់ ​ដែលមានអាយុ​ជាង​២០​ឆ្នាំ ត្រូវបានអ្នកភូមិ​ ប្រទះឃើញ​ដេកស្លាប់​នៅវាលស្រែទាំង​អាក្រាត​កាយ ដែល​ទិដ្ឋភាព​នេះ​ គឺជា​រឿង​សោកសង្រេង​ជាទីបំផុត ដែល​បញ្ហា​នេះ ​ត្រូវបាន​ប្រភព​ជាច្រើន​បាន​សន្និដ្ឋាន​ថា អាច​ពាក់ព័ន្ធ​នឹង​រឿង​ស្នេហា ដោយ​នាង​ត្រូវ​ឃាតក​សម្លាប់ ក្រោយ​ពេល​បាន​សម្រេច ។

ហេតុការណ៍​ដែល​ធ្វើឲ្យ​មាន​ការភ្ញាក់ផ្អើល និង​មាន​មនុស្ស​រាប់រយ​នាក់ បាន​សម្រុក​ចូលទៅ​មើល​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​ជិត១០​ព្រឹក ថ្ងៃទី​៣០ ខែ​ធ្នូ ឆ្នាំ​២០១៩ ស្ថិតនៅ ចំណុច​វាល​ល្ហ​ល្ហេវ​មួយកន្លែង​ចំ​ពីក្រោយ​ផ្សារ​ទំនើប​ភូ​ពុ​យ ស្ថិតនៅ​ក្នុង​ភូមិ​ចំការ​សំរោង​២ សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង។

ខណ:ពេល​នោះដែរ​ គេ​សង្កេត​ឃើញថា មាន​កម្លាំង​ជំនាញ​បច្ចេកទេស ជាកម្លាំង​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់/ ស្រាល​កម្លាំង​អធិការ​ក្រុង និង​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង/ខេត្ត ចុះទៅពិនិត្យ​ដល់ទី​តាំង​កើតហេតុ។

នៅ​ទី​នោះដែរ​ ក៏មាន​សព​នារី​វ័យក្មេង​ម្នាក់ ដែល​ទំនង​ជាមាន​អាយុ​ជាង២០​ឆ្នាំ បាន​ដេក​ផ្កាប់មុខ​អាក្រាត​កាយ ដោយ​នៅជាប់​នឹង​ខ្លួន​មានតែ​អាវទ្រនាប់​ ពណ៌ស ១​ប៉ុណ្ណោះ ដោយឡែក​នៅ​ចុងជើង​នៃ​សព ក៏មាន​បន្សល់​នូវ​ខោ​លី​អូ ពណ៌​ត្រួយ​ចេក ដែល​គេ​ស្រាត​ចេញពី​រាងកាយ ដោយ​ដាក់​នៅ​ក្បែរ​ស្បែកជើងកែងចោត​មួយ​សម្រាប់ ដោយឡែក​សម្លៀកបំពាក់​ខាងក្រៅ គឺ​មិន​មាននៅ​កន្លែង​កើត​ហេតុ​នោះ​ឡើយ ចំណែក​នៅត្រង់​.​ក មាន​ខ្សែ​អង្រឹង​មួយ​ខ្សែ ដែល​ឃាតក​បាន​ចង​រឹត​បំពង់​.​ក ទៅ​ខាង​ក្រោយ ដើម្បី​សម្លាប់។​

បើ​តាម​ការ​បំភ្លឺ​ពី​ស្ត្រី​ម្នាក់ ដែលជា​កម្មករ​សាងសង់​នៅ​ក្បែរ​កន្លែង​កើតហេតុ គឺ​បាន​រៀបរាប់​ថា កាល​ពី​វេលា​ម៉ោង​ប្រមាណ៩និង៣០នាទី​យប់ ថ្ងៃទី​២៩ គេ​បានឃើញ​មនុស្ស​ប្រុស/ស្រី ២​នាក់ បាន​ឌុប​ម៉ូតូ​គ្នា មក​អង្គុយលេង​នៅត្រង់ចំណុច​កើតហេតុ ដែល​គេ​សន្និដ្ឋានបានថា ពួកគេ​ទាំង​២​អាច​មាន​ការ​រួម​ភេទ​ជាមួយគ្នា​ថែម​ទៀតផង។​

​ប្រភព​ដដែល​បាន​បន្តទៀតថា លុះ​មួយសន្ទុះ​ក្រោយមក ក៏​ស្រាប់តែ​ឮ​សំឡេង​ឈ្លោះប្រកែក​គ្នា ហើយ​ទំនង​ជា​ខាង​ស្រី​វាយ បាន​ជា​មាន​សំឡេង​ខាង​ប្រុស​ស្រែក ប៉ុន្តែ​មិនយូរប៉ុន្មាន​ ក៏​ស្រាប់​តែមាន​រថយន្ត​មួយ​គ្រឿង មិន​ស្គាល់​ម៉ាក ដោយមាន​ក្រុម​យុវវ័យ​ប្រមាណ៣​នាក់ បានមក​ដល់ រួច​ក៏​ស្ងាត់​ត្រឹម​នឹង​តែម្តងទៅ។​

លុះ​នៅវេលា​ម៉ោង​១០​ព្រឹក មាន​កម្មករសំណង់​មួយក្រុម បាន​មើល​ពី​ចម្ងាយ​ទៅ​ឃើញ​មាន​រថយន្ត​១ គ្រឿង​ ម៉ាក RX 300 ពណ៌​ខ្មៅ ១​គ្រឿង បាន​បើក​កាត់​តាម​ចំណុចកើតហេតុ ដោយ​រថយន្ត​នោះ​មាន​ការ​បង្អង់​ល្បឿន នៅ​ទីនោះ​ផង រួច​ក៏​បើក​ចេញទៅ​ទិស​ខាងជើង​បាត់ទៅ លុះ​ពេលដែល​កម្មករ​សំណង់​ម្នាក់ ជិះ​ម៉ូតូ​ទៅ​ផ្សារ​ភូ​ពុ​យ​ដើម្បី​ទិញ​ម្ហូប ដោយបាន​ជិះ​កាត់​តាម​នឹង​ក៏បាន​ប្រទះឃើញ​សព​នារី​រងគ្រោះ​ទើប​មានការ​ឆោឡោ​ឡើង​តែម្តង។​

​បច្ចុប្បន្ន​ កម្លាំង​សមត្ថកិច្ច​កំពុង​ដុតដៃ ដុតជើង ដើម្បី​ស្វែងរក​មុខសញ្ញា​ឃាតក​យក​មក​ផ្ដន្ទាទោស​តាមច្បាប់​។ ចំណែក​អត្តសញ្ញាណ​សព គឺ​នៅ​មិនទាន់មាន​នរណា​ម្នាក់​បាន​ស្គាល់​ឡើយ ៕ ស សារ៉េត


ចែករំលែក៖