ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទះពលរដ្ឋចំនួន៥គ្រួសារ រស់នៅលើដីកម្មសិទ្ធិរបស់ស្ថានីយរថយន្តភ្លើងក្រុងប៉ោយប៉ែតមិនព្រមទទួលយកសំណងត្រូវគណៈកម្មការចាត់វិធានការចុះរុះរើ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ក្រុមគណៈកម្មការចាត់វិធានការចុះរុះរើផ្ទះពលរដ្ឋចំនួន៥គ្រួសារ ដែលមិនព្រមទទួលយកសំណង រស់នៅលើដីកម្មសិទ្ធិរបស់ស្ថានីយរថភ្លើងប៉ោយប៉ែត ដែលជាគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ច ក្រុងរបៀងភាគខាងត្បូង ធ្វើឡើងនៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ ២០១៩ ស្ថិតក្នុងភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។

លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យបានឲ្យដឹងថា ការដោះស្រាយគោលនយោបាយសំណងផលប៉ះពាល់ដំណាក់កាលទី១លើប្រជាពលរដ្ឋដែលរស់នៅដីផ្លូវរថភ្លើង និងដីស្ថានីយរថភ្លើងក្រុងប៉ោយប៉ែត មានចំនួន៩៧៦គ្រួសារ ដែលក្នុងនោះ ៩៧១គ្រួសារព្រមទទួលសំណងហើយបានទៅរស់នៅទីតាំងដីឡូតិ៍ ដែលបានរៀបចំ នៅក្នុងសង្កាត់ផ្សារកណ្តាលរួចហើយ។ ដោយឡែក ប្រជាពលរដ្ឋចំនួន៥គ្រួសារដែលបានចាត់វិធានការរុះរើនេះ ពួកគាត់មិនព្រមទទួលសំណង ទោះជាត្រូវបានប្រជុំរកដោះស្រាយ ជាមួយពួកគាត់ជាច្រើនលើកក៏ដោយ។

លោក ង៉ោ ម៉េងជ្រួនបន្តថា ទោះបីជាថ្ងៃ៣០ ខែធ្នូ គណៈកម្មការចុះមករុះរើដែលមានមន្ត្រីនៃស្ថាប័នពាក់ព័ន្ធ អនុវត្តតាមវិធានការច្បាប់ តែរាជរដ្ឋាភិបាលក៏នូវតែអនុគ្រោះជូនពួកគាត់ បើសិនជាពួកគាត់ព្រមទទួលយកសំណងនៅថ្ងៃរុះរើនេះ ផ្ទុយទៅវិញបើពួកគាត់មិនយល់ព្រមទទួលយក មានន័យថា សំណងផលប៉ះពាល់ដែលត្រូវសងពួកគាត់ប្រគល់ឲ្យអាជ្ញាធរ ដើម្បីទុកប្រគល់ជូនដល់ប្រជាពលរដ្ឋដទៃទៀត រួមទាំងថវិកាត្រូវប្រគល់ជូនក្រសួងហិរញ្ញវត្ថុដើម្បីទុកប្រើការអភិវឌ្ឍន៍ផ្សេងៗទៀតផងដែរ។

លោកបញ្ជាក់ថា ការដោះស្រាយសំណងគោលនយោបាយគឺមានភាពសុក្រឹត និងតម្លាភាព ដោយមានអង្កការADB ដែលជាម្ចាស់ជំនួយផ្ទាល់ អង្គការក្រៅរដ្ឋាភិបាល(NGO) សង្គមស៊ីវិល អាជ្ញាធរ មន្ត្រីពាក់ព័ន្ធចូលរួមផងដែរ។

គួរបញ្ចាក់ថា ក្នុងពេលដែលគណៈកម្មការអនុវត្តវិធានការច្បាប់ចុះរុះរើនេះ ឃើញថាមានប្រជាពលរដ្ឋ១គ្រួសារ បានទទួលយកសំណងនេះ ៕ វណ្ណា


ចែករំលែក៖