ព័ត៌មានទាន់ហេតុការណ៍៖

អតីតស្វាមីលែងលះគ្នាជាង៦ខែ ចូលលួចដុតសម្ភារក្នុងផ្ទះរបស់ប្រពន្ធ បណ្ដាលឲ្យខូចខាតមួយចំនួនធំ ខណៈប្រពន្ធទៅលេងផ្ទះកូនឆ្លងឆ្នាំនៅរាជធានីភ្នំពេញ

ចែករំលែក៖

ខេត្តកណ្ដាល៖ សម្ភារក្នុងផ្ទះរបស់ស្រ្ដីម្នាក់ ត្រូវអតីតស្វាមីដែលលែងលះគ្នាជាង៦ខែ លួចចូលដុតបំផ្លាញ បណ្ដាលឲ្យខូចខាតអស់មួយចំនួនធំ ខណៈដែលស្រ្ដីជាម្ចាស់ផ្ទះទៅលេងផ្ទះកូននៅរាជធានីភ្នំពេញ ដើម្បីឆ្លងឆ្នាំ ។ ករណីនេះ បង្កការភ្ញាក់ផ្អើលឡើងនៅព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០២០ ត្រង់ចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិព្រៃសំរោង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។

មន្រ្ដីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ដុស សំណាង ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបររើសអេតចាយ រីឯស្រ្ដីរងគ្រោះឈ្មោះ ញ៉ែម សាវី ភេទស្រី អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការីនីរោងចក្រ ។ ជនសង្ស័យ និងស្រ្ដីរងគ្រោះជាអតីតប្ដីប្រពន្ធនឹងគ្នា មានទីលំនៅភូមិព្រៃសំរោង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ចំណែកសម្ភារខូចខាតមាន៖ ឆេះខោអាវសម្លៀកបំពាក់របស់ជនរងគ្រោះ និងរបស់កូនទាំងអស់ ,ឆេះសៀវភៅស្នាក់នៅ និងសំបុត្រកំណើត និងលិខិតបង់ប្រាក់ធនាគារផងដែរ ។

ប្រភពដដែលបន្ដថា ជនសង្ស័យ និងជនរងគ្រោះគឺជាអតីតប្រពន្ធនឹងគ្នា តែដោយការរស់នៅជាមួយគ្នាមានភាពមិនចុះសម្រុង ក៏លែងលះគ្នាកាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ ។ រហូតមកដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១០ ស្រ្ដីរងគ្រោះបានចាក់សោទ្វារផ្ទះរបស់ខ្លួន ហើយទៅលេងកូននៅឯភ្នំពេញ ដើម្បីឆ្លងឆ្នាំ ដោយផ្តាំឲ្យឈ្មោះ មឿន ស៊ីណាត ជាអ្នកជិតខាងនឹងគ្នា អោយជួយមើលផ្ទះ ។ លុះព្រឹកឡើង មកដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២០ ទើបឈ្មោះ មឿន ស៊ីណាត ជាអ្នកមើលផ្ទះឲ្យបានទូរស័ព្ទទៅប្រាប់ស្រ្ដីរងគ្រោះថា ជនសង្ស័យដែលជាអតីតស្វាមីរបស់ខ្លួនដុតផ្ទះឆេះអស់ហើយ ។ ដោយឡែកជនរងគ្រោះ ត្រូវបានសមត្ថកិច្ចជំនាញស្រុកអង្គស្នួល ចាប់ខ្លួន កសាងសំណុំរឿងដើម្បីកសាងសំណុំចាត់ការតាមនីតិវិធីច្បាប់ ៕ ស្អាងជ័យ


ចែករំលែក៖