ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០២០ កម្មករប្រមូលសំរាមរបស់ក្រុមហ៊ុនស៊ីនទ្រី បានរអ៊ូរទាំថា ក្រោយពីថ្ងៃបុណ្យឆ្លងឆ្នាំសកលរួច សំរាមក៏ខ្លាំងជាងថ្ងៃបុណ្យអុំទូកទៅទៀត ។
ដោយសារតែប្រជាពលរដ្ឋ បានទៅកម្សាន្តនៅម្ដុំសួនច្បារមាត់ទន្លេ ឬកោះពេជ្រ ឬក៏តាមសួនច្បារនានានៅក្នុងរាជធានីភ្នំពេញ នាយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ដែលគេហៅថា បុណ្យឆ្លងឆ្នាំសកល ហើយបានបោះសំរាមចោល នៅលើផ្លូវធ្វើឲ្យអ្នកប្រមូលសំរាមរអ៊ួថា សំរាមច្រើនជាងបុណ្យឆ្នាំអុំទូកទៅទៀត ។
នៅព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០២០ សំរាមដល់នៅតាមបណ្ដោយផ្លូវសួនច្បារនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន មានច្រើន នៅក្នុងនោះលោក ថេង សុថុល អភិបាលខណ្ឌចំការមន បានប្រាប់ថា លោកបានរាយការណ៍ទៅខាងក្រុមហ៊ុនស៊ិនទ្រី និងដាក់កម្លាំងឲ្យមកប្រមូលសំរាមហើយយ៉ាងយូរបំផុតត្រឹមម៉ោង១១ថ្ងៃត្រង់ និងមានរថយន្តមកប្រមូលសំរាមនៅលើសួនច្បារនេះ គឺមិនមានឲ្យការកកស្ទះសំរាមនោះទេ និងចាត់កម្លាំងគណ:បញ្ជាការឯកភាពសាលាសង្កាត់ និងសាលាខណ្ឌប្រើរុឺកម៉ក ដែលចៅហ្វាយក្រុងផ្ដល់ឲ្យ យកទឹកទៅបាញ់លាងសំអាត កុំឲ្យមានក្លិន ដោយសារខាងប្រមូលសំរាមមិនបានលាងសំអាតទេ ។
ដោយឡែក នៅក្នុងព្រឹកថ្ងៃទី ០១ ខែ មករា ឆ្នាំ២០២០ នៅក្នុងរាជធានីភ្នំពេញ នៅតាមដងផ្លូវនានា ក៏មានសភាពស្ងប់ស្ងាត់មិនសូវមានថយន្ត និងម៉ូតូរឺម៉កកង់ បី ធ្វើដំណើរឆ្លងកាត់នៅតាមផ្លូវ ឬមហាវិថីធំៗនោះទេ ដោយសារតែប្រជាពលរដ្ឋបានទៅលេងនៅតាមបណ្ដាខេត្តនានាឆ្ងាយ និងលំហែកាយផ្សេងៗ ជាលក្ខណ:គ្រួសារក្រោយក្រុមហ៊ុនឲ្យឈប់សំរាកបុណ្យឆ្លងឆ្នាំសកលផងដែរ ៕ សរស្មី