ភ្នំពេញ៖ មនុស្សប្រុសស្រីចំនួន៣នាក់ មានទាំងកាំភ្លើង កាំបិត និងគ្រឿងញៀនមួយចំនួន ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាប់ខ្លួនកាលពីវេលាម៉ោង ២ និង១០នាទីរសៀល ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចបន្ទប់ជួលេខ១៩ ស្ថិតភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
យោងតាមប្រភពពីមន្រ្តីកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យនៅព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០២០នេះថា ជនសង្ស័យចំនួន៣នាក់ ទី១;ឈ្មោះ សាត ស៊ីណន ហៅអ៊ុ (ជាម្ចាស់បន្ទប់) ភេទប្រុស អាយុ ៤២ ឆ្នាំ ។ ទី២/ឈ្មោះ ផេង សេកុង ហៅ ហៃ ភេទប្រុស អាយុ ៤១ ឆ្នាំ ។ និងទី៣/ឈ្មោះ ទូច ពៅ ភេទស្រី អាយុ ២១ ឆ្នាំ អ្នកទាំងជាប់ពាក់ព័ន្ធករណីប្រើប្រាស់អាវុធខុសច្បាប់ និងចែកចាយសារធាតុញៀន ។
វត្ថុតាងដកហូតបាន៖ អាវុធខ្លីមួយដើមម៉ាក BERETTA លេខគ្មាន(ឈូសចោល) គ្រាប់ចំនួន ៣៤គ្រាប់ បង់១ ; ក្រាមសថ្លាចំនួន៩កញ្ចប់ (ធំ២ តូច៧) ; កាំបិតចំនួន២ដើម ;អាយកូមចំនួន១ និងសម្ភារសម្រាប់សេពសារធាតុញៀនមួយចំនួន ។
បន្ទាប់ពីសាកសួរជនសង្ស័យទាំង៣នាក់សារភាពថា ពួកគេទាំង៣នាក់ពិតជាបានចែកចាយសារធាតុញៀន និងប្រើប្រាស់អាវុធដោយខុសច្បាប់ប្រាកដមែន ។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ត្រូវបានបញ្ជូនទៅ ការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀននៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការផ្តន្ទាទោសតាមនីតិវិធីច្បាប់ ៕ ស រស្មី