ព័ត៌មានទាន់ហេតុការណ៍៖

ធ្ងន់ធ្ងរណាស់ គ្រាន់តែជំនន់ទឹកភ្លៀង​បណ្តាលឲ្យស្លាប់មនុស្សជិត៣០នាក់

ចែករំលែក៖

ភ្នាក់ងារព័ត៌មាន​ឥណ្ឌូនេស៊ី​បានផ្សាយនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ថា អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយរបស់ប្រទេសឥណ្ឌូនេស៊ី​បានបញ្ជាក់ប្រាប់ប្រភពព័ត៌មានកាលពីថ្ងៃទី​២ ខែមករា ឆ្នាំ២០២០​ថា ជនរងគ្រោះបាត់បង់ជីវិត​​​បានកើនឡើង​២៩នាក់​ ដោយសារតែ​គ្រោះទឹកជំនន់​​បណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង​នៅក្នុងទីក្រុង​ហ្សាការតា ប្រទេសឥណ្ឌូនេស៊ី ។

ប្រភពីលោក Agus Wibowo អ្នកនាំពាក្យ​ភ្នាក់ងារ​កាត់បន្ថយគ្រោះមហន្តរាយ​​ក៏បានបញ្ជាក់ទៀតថា មនុស្ស​ចំនួន​៦២ ០០០​នាក់​ត្រូវបានជម្លៀសខ្លួន​ទៅរកទីកន្លែង​មានសុវត្ថិភាពផងដែរ ។ ​

បើតាមរូបភាពផ្សព្វផ្សាយ​បានឲ្យឃើញថា លំនៅឋាន រថយន្ត និងទីតាំងអគារ​រដ្ឋ​បានត្រូវទឹកជំនន់​ជន់លិច និងកន្លែងខ្លះ​មានទឹកហូរកួចផងដែរ ។ កន្លែងខ្លះ​លិចត្រឹមដំបូលរថយន្តក៏មាន ។ មនុស្សម្នាក់នាំគ្នា​ប្រើប្រាស់ទូក​កៅស៊ូ​ដឹករបស់របរមានតម្លៃរបស់ខ្លួន​ទៅរកទីកន្លែងមានសុវត្ថិភាព​។ រថយន្តប្រហែល ៥០គ្រឿង​រងការខូចខាតស្ទើរទាំងស្រុង ។

សូមបញ្ជាក់ថា ភ្លៀងបានធ្លាក់ខ្លាំង​ក្រោយ​ពីឆ្លងឆ្នាំសកល​នៅក្នុងប្រទេស​ឥណ្ឌូនេស៊ី ។ ពិសេស​នៅទីក្រុងហ្សាការតាតែម្តងបណ្តាលឲ្យជន់លិច ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែង ។ រហូតមដល់ថ្ងៃទី២ ខែមករា ស្ថានភាពទឹកជំនន់​ហាក់មានសភាព​ប្រសើរបន្តិចហើយ ។ នៅជាយក្រុងហ្សាការតា​​ មានការបាក់ដី​បណ្តាលឲ្យស្លាប់មនុស្សជាបន្តបន្ទាប់ ។ ​

បើតាមប្រជាជនក្នុងតំបន់បានបញ្ជាក់ថា នេះជាជំនន់ទឹកភ្លៀងដ៏អាក្រក់បំផុត​មិនធ្លាប់​មាន​នៅក្នុងទីក្រុងមួយនេះចាប់តាំងពីឆ្នាំ​២០១៣មក ។ ជនរងគ្រោះបាត់បង់ជីវិត​ទាក់ទងគ្រោះ​ធម្មជាតិមួយនេះ​បានកើនឡើង​២៩នាក់ទៅហើយ ៕


ចែករំលែក៖