ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូលឿនជ្រុលទៅបុកគោយន្តកន្ត្រៃ បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ

ចែករំលែក៖

ខេត្តបាត់ដំបង៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងគោយន្តកន្ត្រៃកាលពីយប់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ ត្រង់ចំណុចក្រុមទី១៩ភូមិអង់ជើង ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង បណ្តាលឲ្យបុរសអ្នក បើកម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែង ។ ប្រភពពីសម្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង លើផ្លូវលំក្រាលកៅស៊ូចូលភូមិទំពូង រវាងម៉ូតូ និងគោយន្តកន្ត្រៃ ដោយបើកបរទិសដៅបញ្ច្រាសទិសគ្នា ។

ប្រភពដដែលបានបញ្ជាក់បន្ថែមថា ម៉ូតូម៉ាកយ៉ាម៉ាហា ពណ៍ (ខ្មៅ+ក្រហម) ពាក់ស្លាកលេខ ភ្នំពេញ 1BP-3688 បើកបរពីទិសខាងលិចឆ្ពោះទៅកើតក្នុងល្បឿនលឿន ។ ស្រាប់តែមកដល់ចំណុចកើតហេតុ បានរេចង្កូតចូលគន្លងផ្លូវខាងឆ្វេង ជ្រុលទៅបុកគោយន្តកន្ត្រៃ បើកទិសផ្ទុយគ្នាគ្មានភ្លើងមុខបំភ្លឺពីមុខ បណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់នៅកន្លែងកើតហេតុតែម្តង ចំណែកអ្នកបើកគោយន្តកន្ត្រៃរត់គេចខ្លួនបាត់ ។

ជនរងគ្រោះឈ្មោះ នង វិបុល ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិគោកក្តួចឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង ។ ដោយឡែក អ្នកបើកបរគោយន្តកន្ត្រៃ មិនស្គាល់អត្តសញ្ញាណទេ (រត់គេចខ្លួន) ។ ក្រោយកើតហេតុសម្ថកិច្ចជំនាញស្រុកថ្មគោល បានធ្វើកំណត់ហេតុ និងប្រគល់សពទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែកម៉ូតូ និងគោយន្ត ត្រូវបានសម្ថកិច្ចយកមករក្សាទុករង់ចាំដោះស្រាយទៅតាមនីតិវិធី ៕ ស សារ៉េត


ចែករំលែក៖