ភ្នំពេញ៖ យុវជនម្នាក់ បានរងរបួសបែកក្បាលហូរឈាមស្រោចពេញខ្លួន ត្រូវបាននគរបាលមូលដ្ឋានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យកាល់ម៉ែតដើម្បីព្យាបាល ខណៈដែលពួកគេមួយក្រុមបានបើកឆាកប្រយុទ្ធគ្នា ដោយប្រើដុំថ្មគប់ទៅមកបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលមកកម្សាន្តនៅលើសួរច្បារមាត់ទន្លេមុខវត្តឧណ្ណាលោម ។
ករណីហិង្សាខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៨ និង២០នាទីយប់ ថ្ងៃទី២ ខែមករា ឆ្នាំ២០២០ ស្ថិតនៅទល់មុខវត្តឧណ្ណាលោម ក្នុងសង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញក្មេងស្ទាវមួយក្រុមប្រមាណជា៧ទៅ៨នាក់ មិនដឹងថាមានទំនាស់រឿងអ្វីនោះ ស្រាប់តែបានវាយតប់គ្នាប្រដាប់ដោយដុំថ្ម ដេញគប់យុវជនម្នាក់ បណ្ដាលឲ្យរបួសបែកក្បាល ហូរឈាមស្រោចពេញខ្លួន ។
ក្រោយបង្កហេតុរួចក្រុមក្មេងស្ទាវខាងលើ បានរត់គេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុកជនរងគ្រោះរងរបួសនៅកន្លែងកើតហេតុ ដោយមិនស្គាល់អត្តសញ្ញាណ មានអាយុប្រហែល១៦ឆ្នាំ ។ បន្ទាប់មកគេឃើញមានសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ហើយបានបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែតសិន ដើម្បីព្យាបាលរបួសរួចចាំសាកសួររកភិនភាគក្រុមជនបង្កទាំងនោះ ងាយស្រួលតាមកំណត់មុខសញ្ញាតាមចាប់ខ្លួនយកមកដាក់ទោសតាមច្បាប់ ៕ស រស្មី