ខេត្តព្រះសីហនុ ៖ រថយន្តឡិចស៊ីស 470 មួយគ្រឿង បានបើកបុកក្បាលខឿនថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្តាលឲ្យរថយន្តផ្ទុះឆេះចេញអណ្តាតភ្លើងសន្ធោសន្ធៅនៅផ្នែកខាងម៉ាស៊ីន ។
ក្រោយកើតហេតុភ្លាម គេឃើញមានក្រុមប្រជាពលរដ្ឋ និងសមត្ថកិច្ចជាច្រើននាក់ បាននាំគ្នាជួយគាស់ទ្វាររថយន្តដើម្បីជួយសង្គ្រោះ តែគួរឲ្យសោកស្ដាយ ពេលយកជនរងគ្រោះចេញមកក្រៅ គាត់បានស្លាប់នៅក្នុងរថយន្តរួចទៅហើយ ។
ជាមួយគ្នានោះដែរ ជនរងគ្រោះអាចស្លាប់ដោយសារឈ្លក់ នឹងផ្សែងភ្លើង បូករួមនឹងការរងរបួសផងដែរ ។ មិនមានសាក្សីណាបញ្ជាក់ថា បានឃើញហេតុការណ៍ផ្ទាល់ភ្នែកមុន និងពេលបុកខឿនថ្មនោះទេ ព្រោះថា ក្នុងពេលកើតហេតុមេឃងងឹត និងយប់ជ្រៅហើយនោះ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯងនេះ បានកើតមានឡើងនៅម៉ោង រំលងអធ្រាត្រ ឆ្លងចូលថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ 179-180 ត្រង់ចំណុច មុខវិទ្យាល័យវាលរេញ ស្ថិតនៅភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
សមត្ថកិច្ចបានឲ្យដឹងថា រថយន្តបើកបុកខឿនថ្មនេះ ម៉ាក LEXUS LX 470 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2N-3111 បើកបរដោយឈ្មោះ នាក់ ចយ ភេទប្រុស អាយុ៥៣ឆ្នាំ ស្លាប់នៅកន្លែងកើតហេតុ(ជិះម្នាក់ឯង) និងមានទីលំនៅឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។ រថយន្តបើកក្នុងទិសដៅពីភ្នំពេញ ឆ្ពោះមកខេត្តព្រះសីហនុ លុះដល់ចំណុចខាងលើ ក៏បានបុកខឿនថ្មពេញទំហឹង បណ្ដាលឲ្យរថយន្តឆាបឆេះតែម្តង ។
បច្ចុប្បន្នសមត្ថកិច្ចជំនាញ កំពុងចាត់ចែងជួយពន្លត់អគ្គិភ័យ រលត់ទាំងស្រុង រីឯវត្ថុតាង រថយន្ត១គ្រឿងខូចខាតធ្ងន់ បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ៕ ឆ្លាម សមុទ្រ