ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិចិនបើករថយន្តម៉ាស្តាបុកម៉ូតូមួយគ្រឿងមិនឈប់ទទួលខុស ព្យាយាមបើករត់ទៅបុកម៉ូតូមួយគ្រឿងទៀត ពលរដ្ឋចាប់វាយខ្ទេចរថយន្ត

ចែករំលែក៖

ភ្នំពេញ​៖​ បុរសជនជាតិចិនម្នាក់ និងមានគ្នា៣នាក់ទៀត រួមដំណើរជាមួយបើករថយន្តទាំងស្ថានភាពស្រវឹងជ្រុលបុកម៉ូតូមួយគ្រឿង នៅទឹកដីខណ្ឌដូនពេញ ហើយមិនបានឈប់ទទួលខុសត្រូវព្យាយាមបើករត់រហូតមកដល់ស្តុបផ្សារដេប៉ូផ្លូវលេខ១៨២ កែងផ្លូវ២១៥ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី១​ ខណ្ឌទួលគោកក៏​ បន្តបុកម៉ូតូមួយគ្រឿងទៀតអូសជាច្រើនម៉ែត្រតែត្រូវប្រជាពលរដ្ឋដេញឃាត់បាន និងទប់កំហឹងមិនបានវាយបណ្តាលឲ្យខ្ទេចរថយន្ត​ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩ និង៣០នាទីយប់ថ្ងៃទី២ ខែមករា ឆ្នាំ២០២០​ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកើតហេតុរថយន្តខាងលើម៉ាកម៉ាស្តា​ ពណ៍ស​ ពាក់ស្លាកលេខភ្នំពេញ2AT 8318 បើកបរដោយបុរសជនជាតិចិនម្នាក់ និង៣នាក់ទៀតរួមដំណើរជាមួយបានបើកបុកម៉ូតូមួយគ្រឿងនៅស្តុបផ្សារថ្មី​ ក្នុងទឹកដីខណ្ឌដូនពេញភ្លាមនោះ រថយន្តបង្កមិនបានឈប់ទទួលខុសត្រូវនោះទេ បែរជាព្យាយាមបើករត់ហើយត្រូវបានប្រជាពលរដ្ឋដេញតាមរហូតមកដល់ផ្លូវលេខ២១៥​ ក៏បន្តគេចខ្លួនក្នុងទិសដៅពីជើងទៅត្បូង ។

ប្រភពព័ត៌មានបន្តថា​ លុះមកដល់ស្តុបផ្សារដេប៉ូក៏បួងចង្កូតបត់ស្តាំទៅលិចតាមបណ្តោយផ្លូវលេខ១៨២​ ទើបជ្រុលបុកម៉ូតូម៉ាកនិច​ ពណ៍សពាក់ស្លាកលេខ ភ្នំពេញ 1CR 7381 បើកបរដោយយុវជនម្នាក់ដែលកំពុងឈប់ស្តុបក្នុងទិសដៅពីលិចទៅកើត​ តែជនរងគ្រោះលោតចេញពីម៉ូតូទាន់ទើបរថយន្តអូសម៉ូតូជាប់ខាងក្រោមបានចម្ងាយប្រហែល១៥០ម៉ែត្រក៏ត្រូវប្រជាពលរដ្ឋចាប់ជាប់ និងទប់កំហឹងមិនបានវាយបណ្តាលឲ្យរថយន្តបែកកញ្ចក់ខាងឆ្វេងចំណែកតៃកុងរថយន្តបែកមុខមាត់បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះអន្តរាគមន៍ ។

ក្រោយកើតហេតុ សមត្ថកិច្ចបាននាំម្ចាស់រថយន្តទៅសាកសួរនៅប៉ុស្តិ៍ផ្សារដេប៉ូទី១​ រង់ចាំប្រគល់ឲ្យជំនាញចារាចរណ៍ជើងគោករាជធានីភ្នំពេញដើម្បីដោះស្រាយតាមច្បាប់ ៕ សុខាសែនជ័យ​


ចែករំលែក៖