ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់១ របួសធ្ងន់ស្រាល៣នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរ២លើក នៅច្បារអំពៅ

ចែករំលែក៖

ភ្នំពេញ៖ យ៉ាងហោចណាស់មានមន្ត្រីយោធាម្នាក់បានស្លាប់ និងយុវជន៣នាក់ផ្សេងទៀតបានរងរបួសធ្ងន់ស្រាលក្នុងករណីគ្រោះថ្នាកចរាចរ២លើកក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅ ។

លើកទី១ៈ យុវជន៣នក់បានរងរបួសធ្ងន់ស្រាលក្នុងករណីគ្រោះថ្នាក់ចរាចរជិះម៉ូតូប៉ះដៃចង្កូតគ្នាហើយដួលទៅកណ្តាលទ្រូង ត្រូវរថយន្តហាយឡិនឌ័រទៅដល់អូសចម្ងាយជិត២០ម៉ែត្រកាលពីវេលាម៉ោង៤និង១០នាទីរសៀល ថ្ងៃទី២ ខែមករា ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ១ មុខវត្តមុនីសាគរ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ជនរងគ្រោះទាំង៣នាក់ មិនស្គាល់អត្តសញ្ញាណឡើយ ជិះម៉ូតូ២គ្រឿងធ្វើដំណើរក្នុងទិសដៅពីអ្នកលឿងទៅភ្នំពេញ មកដល់ចំណុចកើតហេតុជនរងគ្រោះម្នាក់ដែលជិះម៉ូតូម្នាក់ឯងបានប៉ះដៃចង្កូតគ្នាជាមួយម៉ូតូ១គ្រឿងទៀតដែលជិះគ្នាពីរនាក់ បណ្តាលឲ្យជនរងគ្រោះដែលជិះម៉ូតូម្នាក់ឯងដួលខ្ទាតចូលទៅកណ្តាលផ្លូវ ។ ពេលដួលចូលទៅកណ្តាលផ្លូវស្រាប់មានរថយន្តម៉ាកហាយឡិនឌ័រ មួយគ្រឿងពណ៌ទឹកប្រាក់ បើកបរក្នុងល្បឿនលឿនទិសដៅផ្ទុយគ្នាពីភ្នំពេញទៅអ្នកលឿង ជាន់ហ្វ្រាំងមិនទាន់ ក៏បុកជនរងគ្រោះអូសជិត២០ម៉ែត្រ ទើបឈប់ហើយអ្នកបើកបររថយន្តរត់គេចខ្លួនបាត់ ចំណែកជនរងគ្រោះ២នាក់ទៀតរងរបួសស្រាល ហើយជិះម៉ូតូទៅពេទ្យដោយខ្លួនឯង ។

ករណីទី២ៈ នៅវេលាម៉ោង៥,១០នាទីព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ មន្ត្រីយោធាម្នាក់ត្រូវរថយន្តបុកស្លាប់ នៅលើផ្លូវចូលទៅរោងចក្រផលិតស្រាបៀថៃហ្គ័រ ភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ជនរងគ្រោះជិះម៉ូតូម៉ស៉ីរ៉ូស ពាក់ស្លាកលេខ ភ្នំពេញ 1F-0003 បើកបរដោយឈ្មោះ សិន កែ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជាមន្ត្រីយោធា មានទីលំនៅភូមិក្របៅ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ចំណែករថយន្តបង្កម៉ាកហ៉ីណូ ជាប្រភេទរថយន្តដឹកដី ដឹកខ្សាច់ ដឹកថ្ម គ្មានស្លាកលេខ អ្នកបើកបរបរមិនស្គាល់អត្តសញ្ញាណ ក្រោយបង្កហេតុរត់គេចខ្លួនបាត់ ។

មន្ត្រីនគរបាលចរាចរខណ្ឌច្បារអំពៅបានឲ្យដឹងថា តាមការចុះពិនិត្យនៅកន្លែងកើតហេតុ និងយោងតាមសាក្សីដែលឃើញហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរនេះបង្កឡើងដោយរថយន្តដឹកដី ដឹកខ្សាច់ ធ្វើដំណើរស្របទិសគ្នាពីជើងទៅត្បូង ទៅដល់ចំណុចកើតហេតុបានបុកអ្នកជិះម៉ូតូពីក្រោយបណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុតែម្តង ហើយអ្នកបើកបររថយន្តរត់គេចខ្លួនបាត់ ។

បច្ចុប្បន្នរថយន្ត និងម៉ូតូពាក់ព័ន្ធជាមួយបទល្មើសចរាចរទាំង២ករណីនេះ ត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចររាជធានីភ្នំពេញដើម្បីដោះស្រាយតាមផ្លូវច្បាប់ ដោយឡែកសាកសពប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ សណ្តោស

 


ចែករំលែក៖