ខេត្តស្វាយរៀង៖ ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស បានផ្សព្វផ្សាយបន្តយ៉ាងព្រោងព្រាត នៅលើបណ្តាញសង្គម ពាក្យស្លោក «អរគុណសន្តិភាព» ក៏ត្រូវបានយកទៅចងនៅតាមក្រសួង ស្ថាប័ននានារបស់រដ្ឋ ព្រមទាំងតាមសាលារៀនរដ្ឋ ឯកជន មណ្ឌលសុខភាព ទីបញ្ជាការកងកម្លាំងប្រដាប់អាវុធ និងនៅតាមសាលារាជធានី-ខេត្តទូទាំងប្រទេសផងដែរ ។
សម្រាប់ខេត្តស្វាយរៀងវិញ ត្រូវបានគេសង្កេតឃើញថា ពាក្យស្លោក «អរគុណសន្តិភាព» ត្រូវបានក្រុមប្រឹក្សាឃុំក្រោលគោ ស្រុកស្វាយជ្រំ បាននាំគ្នាឈរលើកស្លាកនេះ នៅ៣កន្លែង គឺទីស្នាក់ការគណបក្សឃុំ, សាលាឃុំ និងនៅមណ្ឌលសុខភាព ហើយបានថតបង្ហោះចែកចាយពេញបណ្ដាញសង្គម Facebook។
ដោយឡែក មន្ដ្រីមូលដ្ឋានក៏បានចុះទៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ ដើម្បីធ្វើការចែកចាយ នូវពាក្យស្លោក «អរគុណ សន្តិភាព»នេះផងដែរ ដើម្បីឲ្យពលរដ្ឋយល់កាន់ច្បាស់អំពីគុណតម្លៃនៃសន្ដិភាព ដែលបង្កលក្ខណៈឲ្យមានការជួបជុំគ្នារៀបចំពិធីផ្សេងៗ ដោយគ្មានការភ័យខ្លាច។ លើសពីនេះ ក៏បង្ហាញដែលថា ប្រជាពលរដ្ឋទាំងអស់ គឺពិតជាត្រូវការសន្ដិភាពខ្លាំងណាស់។
សូមបញ្ជាក់ថា ពាក្យស្លោក «អរគុណសន្តិភាព» គឺជាពាក្យមួយឃ្លា ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្ញើសារជូនដល់ប្រជាពលរដ្ឋ ក្នុងឱកាសស្វាគមន៍ឆ្នាំថ្មី នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២០។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានឲ្យតម្លៃយ៉ាងខ្លាំងទៅលើពាក្យសន្តិភាពនេះ ដែលសម្តេចថ្លែងបានបញ្ជាក់ថា ដោយសារសុខសន្តិភាពនេះហើយ បានផ្តល់ឱកាសដល់ប្រជាពលរដ្ឋ ចូលរួមអបអរសាទរ និងកំសាន្តសប្បាយនៅក្នុងពិធីបុណ្យតូចធំទាំងអស់ បើគ្មានសន្តិភាព គ្មានអ្វីៗទាំងអស់ដែរ។
តាមរយៈ Facebook សម្តេចតេជោក៏បានបន្តអំពាវនាវដល់បងប្អូនជនរួមជាតិ បន្តថែរក្សាការពារសន្តិភាព ក្នុងប្រទេសរបស់យើងឲ្យបានគង់វង្ស។ សម្តេចថែមទាំងបានជូនពរ ដល់បងប្អូនជនរួមជាតិ ក្នុងឱកាសឆ្នាំថ្មី២០២០ ជួបតែសេចក្តីសុខ សេចក្តីចម្រើន សំណាងល្អគ្រប់ៗគ្នាផងដែរ។
លើសពីនេះទៅទៀត នៅលើទំព័រ Facebook កាលព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន ថែមទាំងបានថ្លែងអំណរគុណដល់ ប្រជាពលរដ្ឋខ្មែរ ដែលបានគាំទ្រសារនយោបាយ «អរគុណសន្តិភាព»។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងថា សន្តិភាពនេះ មានតម្លៃមិនសាបសូន្យ មិនថានាពេលកន្លង ថ្ងៃនេះ ឬថ្ងៃក្រោយនោះឡើយ ហើយមនុស្សទាំងអស់ត្រូវការសន្តិភាព លើកលែងតែពួកភេរវករប៉ុណ្ណោះ ដែលចង់បំផ្លាញសន្តិភាព ៕ យឹម សុថាន