ខេត្តសៀមរាប៖ យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ និង៥នាក់ទៀតបានរងរបួស ធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូសណ្ដោងរ៉ឺម៉កបុក នឹងរថយន្តធំ កាលពីវេលាម៉ោង ១៧ និង៣០នាទី ថ្ងៃទី៤ ខែមករា ឆ្នាំ២០២០ ក្នុងទិសដៅផ្ទុយគ្នានៅលើផ្លូវជាតិលេខ០៦នៅត្រង់ចំណុចផ្លូវបំបែកហៃវេ ភូមិរលួសលិច ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។
សមត្ថកិច្ចបានឲ្យដឹងថា ម៉ូតូសណ្ដោងរ៉ឺម៉ក ម៉ាវេវ ពណ៌ក្រហម គ្មានផ្លាកលេខ អ្នកបើកបរឈ្មោះ វ៉ាន់ វាសនា ភេទប្រុស អាយុ៣២ឆ្នាំសញ្ជាតិខ្មែរដែលមានទីលំនៅភូមិបឹង ឃុំឫស្សីលក ស្រុកជីក្រែង ខេត្ដសៀមរាប បើកបរ ពីទិសខាងលិចទៅកើត ទៅបុក និងរថយន្ដ ម៉ាកហ៊ីយិនដាយ ពណ៌សពាក់ផ្លាកលេខ កណ្ដាល ៣A០៥៤៨ អ្នកបើកបររថយន្ដចុះរត់គេចខ្លួនបាត់ដោយមិនស្គាល់អត្ដសញ្ញាណ ។
អ្នកបើកម៉ូតូសណ្ដោងរ៉ឺម៉កបានស្លាប់ និងរបួសអ្នករួមដំណើរនៅលើរ៉ឺម៉កចំនួន៧នាក់ ទី១ ឈ្មោះ ទន់ រិទ្ធ ភេទស្រីអាយុ២៩ឆ្នាំនៅភូមិបឹង ឃុំឫស្សីលក ស្រុកជីក្រែង ខេត្ដសៀមរាប (របួសស្រាល) ។ ២ ឈ្មោះ កុក គឺវ ភេទប្រុសអាយុ២៩ឆ្នាំនៅភូមិបឹង ឃុំឫស្សីលក ស្រុកជីក្រែងខេត្ដសៀមរាប (របួសស្រាល)។ទី៣ ឈ្មោះ សុខ កាត់ ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិបឹង ឃុំឫស្សីលក ស្រុកជីក្រែង ខេត្ដសៀមរាប (គ្មានរបួស)។ ទី៤ ឈ្មោះ មុត ស៊ាក ភេទស្រី អាយុ៣៨ឆ្នាំ នៅភូមិបឹង ឃុំឫស្សីលក ស្រុកជីក្រែង ខេត្ដសៀមរាប (របួសស្រាល) ។ ទី៥ ឈ្មោះ ឡាយ វី ភេទស្រី អាយុ២៨ឆ្នាំ នៅភូមិបឹង ឃុំឫស្សីលក ស្រុកជីក្រែង ខេត្ដសៀមរាប (របួសស្រាល) ។ ទី៦ ឈ្មោះ គុណ គីម ភេទប្រុសអាយុ១៨ឆ្នាំនៅភូមិបឹង ឃុំឫស្សីលក ស្រុកជីក្រែងខេត្ដសៀមរាប (គ្មានរបួស)។ទី៧ ឈ្មោះ កុក ហៀប ភេទស្រីអាយុ៣៧ឆ្នាំ នៅភូមិបឹង ឃុំឫស្សីលក ស្រុកជីក្រែង ខេត្ដសៀមរាប (របួសធ្ងន់) ។
ចំណែករថយន្តនឹងម៉ូតូសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ខាននគបាលស្រុកប្រាសាទបាគង ដើម្បីដោះស្រាយតាមក្រោយ ចំណែកសាសកសពបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ឯអ្នករបួសបញ្ចូនទៅមន្ទីរពេទ្យខេត្តសៀមរាប ៕ ប៊ុនរិទ្ធី