ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីម្នាក់ស្លាប់ និងបុរសម្នាក់ទៀតរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ម៉ូតូបុកម៉ូតូសណ្ដោងរ៉ឺម៉ក

ចែករំលែក៖

ខេត្តកំពង់ធំ៖ គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកម៉ូតូសណ្ដោងរ៉ឺម៉កបណ្ដាលឲ្យស្ត្រីម្នាក់បានស្លាប់ និងបុរសម្នាក់ទៀតរងរបួសធ្ងន់ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១៩ និង ៤៩នាទី ថ្ងៃសៅរ៍ ១០កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០ លើផ្លូវជាតិលេខ០៦ គីឡូម៉ែត្រលេខ ១០៩-១១០ ចំណុចភូមិរពាក់ពេន ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ។

សមត្ថកិច្ចបានឲ្យដឹងថា អ្នកបើកបរម៉ូតូហុងដាឌ្រីម C125 ពណ៌ខ្មៅ ស្លាកលេខកំពង់ចាម 1C.4482 ឈ្មោះ ចក់ អែម ភេទប្រុស អាយុ ៣១ឆ្នាំនៅភូមិប្រខ្នាយ ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ មុខរបរកសិករ (របួសធ្ងន់ បាក់ភ្លៅខាងស្តាំ)(មិនពាក់មួកសុវត្ថិភាព) អ្នករួមដំណើរឈ្មោះ ព្រីង អាត ភេទស្រី អាយុ ៤១ឆ្នាំ នៅភូមិឈូក ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ មុខរបរកសិករ(ស្លាប់នៅកន្លែងកើតហេតុ)(មិនពាក់មួកសុវត្ថិភាព) ។

ចំណែកអ្នកបើកបរម៉ូតូម៉ាកផ្លើស ពណ៌ក្រហម ស្លាកលេខគ្មាន សណ្តោង រ៉ឺម៉កផ្ទុកផ្លែល្ពៅ មិនស្គាល់អត្តសញ្ញាណគេចខ្លួនបាត់ ។

មូលហេតុបង្កដោយ អ្នកបើកបរម៉ូតូម៉ាកផ្លើសសណ្តោង ចតលើទ្រូងផ្លូវគ្មានភ្លើង និងចំណាំងផ្លាតខាងក្រោយ ឯអ្នកបើកបរម៉ូតូម៉ាកហុងដាឌ្រីម C125 បើកបរមានល្បឿនលឿន។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះវាស់វែងធ្វើកំណត់ហេតុប្រមូលវត្ថុតាងយកមករក្សាទុកនៅអធិការរដ្ឋាននគរបាលស្រុកតាំងគោក ចំណែកឯអ្នករបួសបញ្ជូនទៅមន្ទីរពេទ្យ និងប្រគល់សាកសពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី


ចែករំលែក៖