ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋបានរិះគន់ក្រុមអ្នកធ្វើអាជីវកម្មលក់អាចម៍ដីកំពុងធ្វើសកម្មភាពជីករណ្តៅយកអាចម៍ដីលក់ដែលកាន់តែធំទៅៗ និងជ្រៅទៅៗ កំពុងបង្កឲ្យមានផលប៉ះពាល់ដល់សុវត្ថិភាពដីស្រែរបស់ប្រជាពលរដ្ឋដែលនៅជិតខាងរណ្តៅដី ធ្វើឲ្យភ័យខ្លាចបាក់ដីចូលរណ្តៅ និងខ្លាចបង្កឲ្យធ្លាក់គោ-ក្របីលង់ងាប់នៅរដូវវស្សា និងអាចបង្កគ្រោះថ្នាក់ដល់កូនចៅអ្នកភូមិដែលមានការធ្វេសប្រហែស ។
ក្រុមឈ្មួញមួយនេះ បានជីករណ្តៅយកអាចម៍ដីមានជម្រៅជ្រៅជិត១០ម៉ែត្រទៅហើយ ដែលអ្នកស្រុកនិយាយថា បានជីករណ្តៅជ្រៅដល់ក្បាលប្រែតដើម្បីយកអាចម៍ដីលក់ មិនខ្វល់ពីផលប៉ះពាល់ដីស្រែជិតខាង និងគ្រោះថ្នាក់ដល់ពលរដ្ឋដែលរស់នៅក្បែរណ្តៅដីនោះទេ ។
ទាក់ទិនការរិះគន់ ក្រុមឈ្មួញម្នាក់ជាម្ចាស់រណ្តៅដីលោក ពៅ រាក់ បានប្រាប់អ្នកសារព័ត៌មានយើងតាមទូរស័ព្ទនៅរសៀលថ្ងៃទី៤ ខែមករា ២០២០ថា លោកមានអាជ្ញាប័ណ្ណអាជីវកម្មជីករណ្តៅដីនេះ ដែលមានទំហំ១ហិកតា ហើយច្បាប់អនុញ្ញាតឲ្យជីកជម្រៅ៥ម៉ែត្រ ហើយបច្ចុប្បន្ននេះ ទើបតែជីកបានទទឹង៤០ម៉ែត្របណ្តោយ៩០ម៉ែត្រប៉ុណ្ណោះ ។
ចំពោះការរិះគន់ថា ជីកជ្រៅលើសច្បាប់អនុញ្ញាតនោះលោកទទួលស្គាល់ថា បើតាមការចុះវាស់វែងពីមន្ត្រីជំនាញនៃមន្ទីររ៉ែ និងថាមពលខេត្តស្វាយរៀង (លោក បាត់ សាក់ )បានពិនិត្យវាស់វែងឃើញថា ជម្រៅ៦ម៉ែត្រ គឺលើសតែ១ម៉ែត្រទេ ។
ចំណែកអ្នកស្រុកនៅទីនោះប្រាប់អ្នកកាសែតថា រណ្តៅដីរបស់ឈ្មោះ ពៅ រឹត និងពៅ រាក់ គឺជីកដល់ក្បាលប្រេតឯណោះ (ជម្រៅចាប់ពី៨ម៉ែត្រទៅ១០ម៉ែត្រច្បាស់ក្រឡែត សូមឲ្យលោកប្រធានមន្ទីរជំនាញមេត្តាចុះទៅពិនិត្យផង) ។
ពាក់ពន្ធ័ និងករណីនេះលោក ប៉ុក តក ប្រធានមន្ទីររ៉ែ និងថាមពលខេត្តស្វាយរៀងបានឲ្យអ្នកកាសែតដឹងថា លោកមិនបានដឹងអស់ទេ ព្រោះមានអាជីវកម្មជីករណ្តៅដីច្រើន ហើយចំពោះអាជីវករពៅ រឹត និងពៅរាក់នេះលោកមិនបានចុះទៅពិនិត្យទេ ដោយជាប់រវល់ប្រជុំច្រើន ហើយប្រសិនបើការជីកយកអាចម៍ដីជ្រៅ លើសពីច្បាប់សុំធ្វើអាជីវកម្មលោក និងចាត់មន្ត្រីឲ្យចុះទៅពិនិត្យវាស់វែងនៅសប្តាហ៍ក្រោយ ។
ប្រជាពលរដ្ឋបានអំពាវនាវសុំឲ្យក្រសួងរ៉ែ និងថាមពលមេត្តាចុះមកពិនិត្យរណ្តៅដីក្នុងក្រុងបាវិតផង បច្ចុប្បន្នមានអាជីវកម្មជីករណ្តៅដីច្រើនណាស់ ហើយរណ្តៅមួយៗ គឺជីកមានជម្រៅជ្រៅណាស់គឺមើលទៅជ្រៅលិចដៃអេស្កាវ៉ាទ័រចាប់ពី៨ម៉ែត្រទៅ១០ម៉ែត្រ ៕ យឹម សុថាន