ខេត្តស្វាយរៀង៖ នៅព្រឹកចន្ទ ១២ កើត ខែបុស្ស ឆ្នាំកុរឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃថ្ងៃទី៦ ខែមករា ឆ្នាំ២០២០ នេះលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច អមដំណើរដោយលោកនាយឧត្តមសេនីយ៍សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងសហការី នាំយកបច្ច័យ និងទេយ្យទាន ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ជាមួយក្រុមគ្រួសារសពកម្មករសំណង់ដែលរងគ្រោះដោយសារបាក់អគារកម្ពស់ ៧ ជាន់សង្កត់ស្លាប់ និងរបួសនៅខេត្តកែប កាលពីថ្ងៃទី ៣ ខែ មករា ឆ្នាំ ២០២០ កន្លងទៅនេះ ដោយនៅក្នុងហេតុការណ៍នេះ មានមនុស្ស៧ នាក់បានបណ្តាលឲ្យស្លាប់៤នាក់អ្នកទាំងអស់នេះជាគ្រួសារតែមួយ (ដែលមានប្តី ប្រពន្ធ កូន និងបងប្អូនបង្កើត) មានទីលំនៅស្ថិតនៅក្នុងភូមិចំការកោះ ឃុំសម្បត្តិមានជ័យ ស្រុករមាសហែក ខេត្តស្វាយរៀង ។
ក្នុងមរណទុក្ខដ៏ក្រៀមក្រំក្តុកក្តួលក្រៃលែងនេះ លោកស្រី ម៉ែន សំអន តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបាននាំនូវប្រសាសន៍របស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចូលរួមសោកស្តាយ និងរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយ ក្រុមគ្រួសារសព ដែលត្រូវបាត់បង់ប្តី ភរិយា និង កូនៗជាទីស្រឡាញ់ស្មើកែវភ្នែក ដែលកំពុងស្រឡាញ់ពេញបេះដូង ក៏ដូចជាបាត់បង់នូវធនធានមនុស្សដ៏មានសារៈសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។ ហើយក្នុងករណីនេះពិតជាក្តុកក្តួលក្រៃលែងដែលក្រុមគ្រួសារនេះបានខិតខំធ្វើការ ហើយជួបរឿង អកុសលបែបនេះ លោកជំទាវសូមឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធសព បានទៅឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ។
ក្រុមគ្រួសារសពបានសំដែងក្តីរំភើប និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ តេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ា ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែយកចិត្តទុកដាក់រាល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋ មិនថាក្នុងកាលៈទេសៈឬពេលវេលាណាមួយឡើយ និងសូមគោរពជូនពរសម្តេច មានសុខភាពល្អបរិបូរណ៍ មានជន្មាយុយឺនយូរ ដើម្បីដឹកនាំការងារមនុស្សធម៌បន្តទៀត ។
សូមជម្រាបជូនថា សម្ភារៈដែលសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀងចូលបុណ្យរួមមាន៖ អង្ករ ២០០ គីឡូក្រាម ទឹក្រូច ៤ កេស ទឹក សុទ្ធ៤ កេស និងបច្ច័យចំនួន ៤ លានរៀល។ដោយឡែកលោកជំទាវម៉ែន សំអន និងក្រុមការងារបាននាំថវិកាចូលបុណ្យជាង៩០លានរៀលផងដែរ ៕ យឹម សុថាន